ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថខេត្តបានចុះបង្ក្រាបបនល្បែងបញ្ជល់មាន់ដុះស្លែមួយកន្លែងដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថបានបញ្ជាឱ្យលោក អនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានធ្វើការឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ព្រមទាំងវត្ថុតាងមួយចំនួនធំ។
ហេតុការចុះបង្ក្រាបល្បែងបញ្ជល់មាន់ដុះស្លែនេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅចំនុចក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខណៈពួកគេកំពុងនាំគ្នាភ្នាល់ជល់មាន់ដាក់លុយនៅក្នុងដីឡូដែលគ្មានម្ចាស់។
លោក អនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោយពីមានភ្នាក់ងារសម្ងាត់បានផ្តល់ព័ត៌មានច្បាស់ថា មានល្បែងបញ្ជល់មាន់នៅក្នុងដីឡូ១កន្លែងនោះ ។លោកបន្តថា ក្រោយពីមានព័ត៌មានរាយការមក ទើបលោកបានដាក់កម្លាំងជំនាញចុះទៅដល់គោលដៅ រួចធ្វើការហ៊ុំព័ន្ធឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់និងវត្ថុតាងមួយចំនួនធំយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសួរនាំ។
លោកបានបន្តទៀតថា ជនសង្ស័យដែលញៀនល្បែងទាំង៤នាក់មានទី១/ឈ្មោះ ដន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទី២/ឈ្មោះ អ៊ឹង ម៉េងទី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ទី៣/ឈ្មោះ ហុង វ៉ា ភេទប្រុសអាយុ២៩ឆ្នាំមុខរបរ បោក អ៊ុតស្នាក់នៅភូមិទក្សិណត្បូង សង្កាត់គោកចក និងទី៤/ឈ្មោះ ស៊ិន ហ៊ូ ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។បច្ចុប្បន្នជនសង្ស័យដែលញៀនល្បែងទាំង៤នាក់ត្រូវបានកម្លាំងជំនាញឱ្យធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។ចំណែកវត្ថុតាងដែលដកហូតបានពីកន្លែងល្បែងបញ្ជល់ភ្នាល់មាន់រួមមានៈមាន់ជល់ចំនួន៧ក្បាល,ម៉ូតូចំនួន៨គ្រឿង,រថយន្ត២គ្រឿង,ស៊ុំ មាន់ចំនួន៩,សង្វៀនមាន់ចំនួន២ខ្សែ,ចម្រឹងដែក២២ដើម,កន្ត្រក់ដាក់មាន់៩,ជញ្ជីងថ្លឹងមាន់ចំនួន១ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តដកហូតទុករក្សានៅទីបញ្ជាការកង
រាជអាវុធហត្ថខេត្តរង់ចាំបញ្ជាពីតំណាងអយ្យការនៃសាលាដំបូងខេត្ត រីឯម្ចាស់ទីតាំងត្រូវបានរត់គេចខ្លួនបាត់ដោយសុវត្ថភាព៕ ខេង ឧត្តម