ខេត្តកំពង់ឆ្នាំង៖ លោកអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តនៅរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥នេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះមេការ របស់ការដ្ឋានកិនថ្មភ្នំទទឹង ស្ថិតនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលបានបណ្តែតបណ្តោយបំពានអោយរថយន្តដឹកថ្មរបស់ខ្លួនមានទម្ងន់រាប់សិបតោន ដឹកលើផ្លូវជាតិលេខ៥៣ជាផ្លូវកៅស៊ូចាស់ ដែលមន្ទីរសាធារណៈការខេត្តបានហាមឃាត់ និងក្រោយពួកពីគេបានដឹកថ្មធ្វើអោយខូចផ្លូវគ្រួសក្រហមមួយខ្សែដែលបែកចេញពីផ្លូវជាតិលេខ៥៣ ចូលទៅផ្លូវបេតុងព្រលានយន្តហោះក្នុងឃុំពង្រ។
លោក គង់ ឃាង អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានអោយដឹងថា៖ក្រុមរថយន្តដឹកថ្មនេះបានបើកបរដឹកថ្មភ្នំនេះ លើផ្លូវជាតិលេខ៥៣រយៈពេល៥ថ្ងៃមកហើយៗលោកកំពុងអោយកម្លាំងជំនាញចុះទៅពិនិត្យមើល និងហៅម្ចាស់ការដ្នានមកសាកសួរ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកថ្មលើផ្លូវជាតិលេខ៥៣។កន្លងមកមន្ទីរសាធារណៈការខេត្តធ្លាប់បានហាមឃាត់គ្រប់ការដ្ឋានកិនថ្មទាំងអស់ មិនអោយដឹកថ្មលើផ្លូវជាតិលេខ៥៣ឡើយ
ព្រោះថាផ្លូវជាតិលេខ៥៣ ជាផ្លូវកៅស៊ូចាស់ កាលណាគេដឹកថ្មមានទម្ងន់រាប់សិបតោន និងចេញចូលរាប់សិបគ្រឿងបែបនេះ គឺធ្វើអោយផ្លូវមួយខ្សែនេះប្រឈមនឹងការខូចខាតជាមិនខាន។មន្ទីរសាធារណៈការបានអនុញ្ញាតអោយដឹកថ្មចេញតាមផ្លូវព្រលានយន្តហោះឆ្ពោះទៅផ្លូវជាតិលេខ៥ ព្រោះផ្លូវជាតិលេខ៥មានគុណភាពជាងផ្លូវជាតិលេខ៥៣។
នៅល្ងាចថ្ងៃទី០៩ ខែកញ្ញានេះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖ឯកឧត្តមនឹងអោយមន្ទីរសាធារណៈការខេត្ត ចុះត្រួតពិនិត្យសកម្ម ភាពក្រុមរថយន្តដឹកថ្មរបស់ការដ្ឋានវាយថ្មភ្នំទទឹងភ្លាមៗ កាលណាគេបំពាននឹងការហាមឃាត់របស់សាម៉ីមន្ទីរ គឺយើងត្រូវអនុវត្តតាមច្បាប់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។អាជ្ញាធរខេត្ត នឹងមិនបណ្តែតបណ្តោយអោយពួកឈ្មួញធ្វើអ្វីតាមទំនើងចិត្ត ប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈនោះឡើយ ព្រោះកន្លងមកមានក្រុមហ៊ុនមួយបានដឹកថ្មកំទេចផ្លូវកៅស៊ូមួយខ្សែជាង២គីឡូក្នុងក្រុង មិនទាន់បានកសាងសងអាជ្ញាធរខេត្តវិញនៅឡើយទេ។
អ្នកស្រុកដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥៣ សុំសំណូមពរដល់ ឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរសាធារណៈការខេត្ត មេត្តាជួយទប់ស្កាត់ក្រុមរថយន្តដឹកថ្មទាំងនេះផង ព្រោះផ្លូវជាតិលេខ៥៣ កំពុងប្រឈមនឹងការខូចខាត និងពួកគាត់កំពុងប្រឈមជាមួយករណីគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាក្រុមរថយន្តទាំងនោះតែងតែបើកបរល្បឿនលឿនៗ ក្នុងពេលពួកគេដឹកថ្មឆ្លងកាត់ផ្លូវក្នុងភូមិអ្នកស្រុកម្តងៗ ការដឹកជញ្ជូនថ្មឆ្លងកាត់នេះក្នុង១ថ្ងៃៗមានរថយន្តជាង៥០គ្រឿងឯណោះ បើមិនទប់ស្កាត់ទេដោយប្រសិទ្ធភាពទេនោះ ផ្លូវលំនិងផ្លូវជាតិនឹងខូចខាតអស់ហើយ៕


































