សកម្មភាពលួចលាក់និងឈូសឆាយឈើគ្រញូងខុសច្បាប់ក្នុងព្រៃមួយកន្លែងដែលបានធ្វើជាយូមកហើយ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងចំរុះចុះបំបែកសំណុំរឿងបានជោគជ័យ ដែលកន្លងមកទីតាំងនោះមិនដែលមានសមត្ថកិច្ចណាអាចបង្ក្រាបបាននោះទេ ។ ហេតុការនេះបានចុះអនុវត្តន៍បង្ក្រាបកាលពីម៉ោង៣រសៀលនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងព្រៃជ្រៅ ស្ថិតក្នុងភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបានអោយដឹងថា បន្ទាប់ពីទទួលបានព៍ត័មានពីកម្លាំងមូលដ្ឋានដែលបានធ្វើសកម្មភាពប្រមូលនឹងច្រៀកឈើ
គ្រញូងជាយូឆ្នាំមកហើយ មិនដែលមានកម្លាំងជំនាញណាអាចចូលបង្ក្រាបបានឡើយ ពេលនេះលោកក៍បានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងចំរុះចុះបង្ក្រាបជាបន្ទាន់ ។ ជាលទ្ធផលការចុះបង្ក្រាបនេះគឺទទួលបានជោគជ័យ ជាមួយនិងការខំប្រឹងប្រែងរបស់កម្លាំងចំរុះទាំងអស់ ក្នុងនៅបានរឹបអូសវត្ថុតាងដូចជា ម៉ាស៊ីនច្រៀក រណារច្រៀក ម៉ូតូ១គ្រឿង ម៉ាស៊ីនកាត់ឈើ២គ្រឿង និងសម្ភារៈមួយចំនួន ព្រមទាំងឈើគ្រញូងជាង១តោន និងយកទៅរក្សារទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ នៅថ្ងៃដដែល ។ ដោយឡែកមេឈ្មួញនិងកម្លាំងរបស់ពួកគេត្រូវបានរត់គេចខ្លួនបាត់មុនពេលកម្លាំងចំរុះចុះទៅដល់ ។
បើតាមព័ត៍មានពីប្រជាពលរដ្ឋនៅក្បែរចំណុចនោះបានអោយដឹងថា សកម្មភាពបទល្មើសនៅចំណុចខាងលើគឺប្រព្រឹតជាច្រើនឆ្នាំមកហើយ ប៉ុន្តែរមិនមានកម្លាំងសមត្ថកិច្ចណាបង្ក្រាបបានទេ ព្រោះកន្លែងនោះគឺមានកម្លាំងទាហ៊ានប្រចាំការនិងមិនអោយអ្នកណាចូលនិងឆ្លងកាត់ឡើយ ហើយចំពោះមេឈ្មួញគឺជាទាហ៊ានម្នាក់ដែលមានអំណាចគួសមផងដែរ ៕



































