ខេត្តកំពង់ឆ្នាំង៖មន្ត្រីរាជការក្នុងឃុំស្វាយជ្រុំស្រុករលាប្អៀរ ចំនួន៤២នាក់ដឹកនាំដោយលោក យី ភួន មេ ឃុំស្វាយជ្រុំ និងព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ បានចុះជួយស្ទូងស្រូវ ជិតកន្លះហិកតារបស់ប្រជាពល រដ្ឋដែលជាស្ត្រីមេម៉ាយក្រីក្រខ្វះកម្លាំងពលកម្ម នៅក្នុងភូមិក្នុង ដែលនេះគឺជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋានចំពោះ ប្រជាពលរដ្ឋទីទ័លក្រស្រមតាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក យី ភួន មេឃុំស្វាយជ្រុំបាននិយាយអោយដឹងថា៖ ប្រជាពលរដ្ឋល្នុងឃុំស្វាយជ្រុំមានចំនួនសរុបជាង៣.៥០០គ្រួសារ ប្រជាពលរដ្ឋ៨៥ភាគរយប្រកបមុខរបរកសិកម្ម ផ្ទៃដីធ្វើស្រែវស្សាក្នុងឃុំសរុបមានចំនួន ២.០១៥ហិកតា មកដល់ថ្ងៃនេះប្រជាកសិករធ្វើបាន៩០ភាគរយហើយ។
អនុវត្តតាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះខាតកម្លាំងពលកម្មក្នុងការធ្វើស្រែចុងរដូវវស្សានេះ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកមេឃុំបានដឹកនាំមន្ត្រីរាជការក្នុងឃុំរួមមាន សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីពេទ្យក្នុងមណ្ឌលសុខភាពឃុំ មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល លោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋ សរុបចំនួន៤២នាក់ បានចុះមកជួយស្ទួងស្រូវមានទំហំប្រមាណកន្លះហិកតា ជូនស្ត្រីមេម៉ាយម្នាក់ឈ្មោះ ជា សុឌី អាយុ៣៥ឆ្នាំ មានកូនតូចៗក្នុងបន្ទុក៤នាក់ ដែលប្តីបានឈឺស្លាប់ចោលរយះពេល៤ឆ្នាំមកហើយ និងនៅក្នុងគ្រួសារគ្មានកម្លាំងជួយធ្វើស្រែអោយទាន់ពេល។
លោកមេឃុំបានអោយដឹងទៀតថា៖ អនុវត្តតាមការណែនាំ របស់លោកអភិបាលស្រុករលាប្អៀរ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក្នុងរដូវធ្វើស្រែវស្សាឆ្នាំនេះ អាជ្ញាធរឃុំ បានចុះជួយធ្វើស្រែស្ត្រីមេម៉ាយទីទ័លក្រ ចំនួន៣នាក់រួចមកហើយ នៅក្នុងភូមិថ្មកែវ ក្នុងឃុំស្វាយជ្រុំកន្លងមក ដែលនេះគឺជាភារកិច្ចរបស់អាជ្ញាធរឃុំ ដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ។ការធ្វើបានដូចខាងលើនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិតជាមានទឹកចិត្តសប្បាយរីករាយ និងគាំទ្រការដឹកនាំរបស់អាជ្ញាធរឃុំ និងពិតជាគាំទ្រក្នុងការបោះឆ្នោតមិនខានឡើយ។
ដោយឡែក លោក ងិន ហុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ស្ថានភាពទឹកភ្លៀងឆ្នាំនេះ ខេត្តកំពង់ឆ្នាំងទទួលបាន ៦៨៨.០៩ មម គឺតិចជាង ឆ្នាំចាស់ ឆ្នាំ២០១៤ ចំនួន ៣៩៧.០០ មម គិតមកដល់ ថ្ងៃទី០៧ ខែកញ្ញ ឆ្នាំ២០១៥ កសិករក្នុងខេត្ត សម្រចធ្វើស្រែរដូវវស្សាបាន ១០១.២៨៥ហិកតា ក្នុងមានស្រូវពង្រោះបាន ៣០.៦១០ហិកតា និងស្រូវសន្ទូងបាន ៧០.៦៧៥ហិកតា គឺស្មើនឹង ៨៣ ,១៦ ភាគរយ នៃផែនការ ១២១.៨០០ ហិកតា។
លោក ងិន ហ៊ុន បានអោយទៀតថា៖ ទោះបីទឹកភ្លៀងមិនអំណោយផល ដោយភ្លៀងពីដើមខែនិងរបបទឹកភ្លៀងមានតិចជាងឆ្នាំចាស់ក្តី បើតាមទូរលេខដូចខាងលើនេះអាចបញ្ជាក់បានថា៖ ប្រជាកសិករក្នុងខេត្ត នឹងទទួលបានផលជាធម្មតាដួចរៀងរាល់ឆ្នាំ។
ក្រៅពីដំណាំស្រូវ នៅក្នុងខេត្តមានដំណាំរួមផ្សំ ដំណាំស្បៀង និងដំណាំឧស្សហកម្មរយៈពេលខ្លី ថែមទៀត ដោយអនុវត្តធ្វើបាន៦.៧៦៥ហិកតា ស្មើនិង ៨៦,៧៣ ភាគរយ នៃផែនការ ៧.៨០០ ហិកតា ក្នុងនោះមាន ពោត ដំឡូងជ្វា បន្លែបង្កាគ្រប់មុខ អំពៅ ក្រចៅ ល្ង សណ្តែកដី សណ្តែកបាយ ថ្នាំជក់ ដំឡូងមី និងឪឡឹកជាដើម៕