កំពង់ធំៈ បន្ទាប់ពីសកម្មភាពការដឹកជញ្ជូន ឈើគ្រញូងបានស្ងប់ស្ងាត់មួយរយះខ្លី មេព្រៃខ្លះចង់ដាច់បាយ ចំណែក មេព្រៃខ្លះ កំពុងពេញនូវចំណូលដែលបានមកពីការ ឃុបឃិតដឹកឈើគ្រញូង ដោយសារតែមានការសង្ស័យថា អ្នករត់ការ តាមខ្សែជាប្រព័ន្ឋ អ្នកបានគឺបាន អ្នកមិនបានគឺមិនបាន និងត្រូវបានអ្នកឃ្លាំមើលបង្ហើបឲ្យដឹងថា ប៉ូលិស រត់ការប៉ូលិស ប៉េអ៊ឹមរត់ការប៉េអ៊ឹម មេព្រៃរត់ការមេព្រៃ ទើបបានជារថយន្តដឹកឈើគ្រញូង បានចរាចរណ៍ដោយរលូនហើយ ពុំដែលឃើញមានមេព្រៃអង្គភាពណា ចាប់បានរថយន្តដឹកឈើគ្រញូងដោយផ្ទាល់នោះទេ ដែលត្រូវបានគេដឹងថា បើ គ្មានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់រថយន្តទេនោះ គឺរថយន្តត្រូវបានចរាចរណ៍ដោយរលូន ។
ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឃាត់រថយន្ត ដែលបានលបលួចដឹកឈើគ្រញូងឆ្លងកាត់ ខេត្តកំពង់ធំ ចំនួន ៣គ្រឿងមកហើយ រួមទាំងរាត្រីយប់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥ ដែលលោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានអនុវត្តតាមការបញ្ជារបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចជំនាញ ស្ទាក់ចាប់រថយន្តឲ្យខានតែបាន គណៈពេលដែល មានកំលាំងឃ្លាំមើលបានបើករថយន្ត ពី ក្រោយរថយន្តដឹកបទល្មើស យ៉ាងកកិត បើពុំនោះទេរថយន្តនេះ នឹងត្រូវបានទទួលចម្លើយថា អត់ឃើញដូចសព្វមួយដង ។
រថយន្តម៉ាកលុចស៊ីស ពណ៌ ខ្មៅ ឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9915 ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យចាប់រថយន្ត ដឹកបទល្មើសឈើគ្រញូង ខណៈពេលដែលរថយន្តមួយគ្រឿងនេះ ត្រូវបាបសមត្ថកិច្ចប្រដេញចាប់ ហើយបានបើក ត្រឡប់ក្រោយ មកដល់ចំនុចជិតប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយក៏បានជ្រុលចង្កូត ធ្លាក់វាលស្រែ នៅម៉ោង ១១.៣០នាទីយប់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយត្រូវបានស្ទូចយកទៅរក្សាទុកនៅ ផ្នែក រដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីរងចាំធ្វើការវាស់វែង នៅព្រឹកថ្ងៃទី១១ បន្តទៀត។
យោងតាមប្រភពព័ត៌មានច្បាស់ការ បានឲ្យដឹងថា រថយន្តដឹកបទល្មើសជាកម្មសិទ្ធរបស់លោក តឿ ដែលជាឈ្មួញឈើដុះស្លែប្រចាំខេត្តសៀមរាប រកស៊ីខួបប្រាំងខួបវស្សា ហើយមានអ្នករត់ការ ឈ្មោះ យ៉ាំ ប៊ុនណ្ណា ហៅ ចិន កងរាជអាវុធហត្ថខេត្តកំពង់ធំ ចិន និងប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំ ដោយរត់ការមួយកំណាត់ម្នាក់។
ប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើលោក ហ៊ុន អៀង នាយអធិការដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ថា សម័យរាជការ លោក ហ៊ុន អៀង ពុំដែលឃើញមានការបង្ក្រាបបទល្មើសព្រៃឈើដោយខ្លួនឯង ឬក៏បញ្ជាឲ្យមន្ត្រីរបស់ខ្លួនមានឆន្ទះក្នុងការបង្ក្រាបបទល្មើសដឹកតាមរថយន្ត យីឌុប រថយន្តកូរ៉េនោះទេ តែឆ្វាក់តែបង្ក្រាបបានត្រឹមតែ កាឡេថងដឹកអុស និងដឹកជន្លង់ម្រេច របស់ប្រជាពលរដ្ឋរកព្រឹកខ្វះល្ងាចតែប៉ុណ្ណោះទេ ទោះបីប្រជាពលរដ្ឋយំស្រែក អង្វរលន់តួប៉ុណ្ណោះនោះ ក៏ត្រូវចាប់ផាក់ពិន័យ ៤លាន ទៅ៥លានរៀល ក្នុងមួយកាឡេថង ទោះបីជាមានការអន្តរាគមន៍ ពីឯកឧត្តម អភិបាលខេត្តសុំឲ្យខ្ចីកាឡេថង ឲ្យប្រជាពលរដ្ឋយកទៅធ្វើស្រែចំការ ក៏លោក ហ៊ុន អៀង ព្យាយាមពន្យាពេលរាប់ខែ ។ ដោយ ប៊ុន រដ្ឋា