កំពង់ធំ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកម្លាំង ប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះបង្ក្រាបទូកកាណូតដែលដឹកជញ្ជូនផលនេសាទដោយគ្មានច្បាប់អនុញ្ញាតិ កិច្ចសហប្រតិបត្តិការបង្ក្រាបទូកនេសាទចំនួន៤ នៅចំនុចភូមិ ពាមអញ្ចាញ ឃុំពាមអញ្ចាញ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានដឹកកូនត្រី ចម្រុះគ្រប់ប្រភេទប្រមាណ ជាង៤០០គីឡក្រាម បានមកពីការដាក់សាច់អ៊ុយ ស្បៃមុង ដាក់ដៃ ស្ថិតនៅក្នុងដែន គ្រប់គ្រងរបស់លោកជិន ស៊ីថា នាយសង្កាត់រដ្ឋបាលបារាយណ៍ ។
លោក អ៊ិត សុធា បានបញ្ជាឲ្យនាំយកកាណូត ទាំងអស់មកកាន់ផ្នែករដ្ឋបាលជលផលសំបូរ ដែលមានលោក គូប៊ុន តឹង ជានាយផ្នែកក្រោយពីពិនិត្យវត្ថុតាងដែលមានកូនត្រី ដែលមិនទាន់គ្រប់អាយុ បានធ្វើការព្រលែងចូលស្ទឹងតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជានេសាទដែលប្រកបមុខរបរ ជាអ្នកនេសាទស្ទើរតែទាំងអស់បានលក់ឲ្យម៉ូយត្រីដែលចាំទិញ ឈ្មោះ តារៀមមានផ្ទះក្បែរស្នាក់ការផ្នែករដ្ឋបាលជលផលសំបូរ ព្រមទាំងបានបញ្ជាក់ថា តារៀមនេះជាអ្នកចេញដើមទុនអោយអ្នក នេសាទខ្ចីលុយក្នុងការទិញឧបករណ៍នេសាទខុសច្បាប់ ហើយអ្នករកត្រីត្រូវតែមកលក់ឲ្យខ្លួន
បញ្ហារការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់ បានកើតឡើងពេញស្រុកបារាយណ៍ អ្នកនេសាទ ប្រភពបានបន្តថាមុននឹងដាក់បទល្មើសនេសាទនេះ គឺលោកបាន បង់លុយជូនមន្ត្រីរដ្ឋបាលជលផល ក្នុងមួយទូក ៦០ម៉ឺរៀលក្នុងមួយរដូវ ហើយនៅបង់ថ្លៃដាក់សាច់ ដែលជាឧបករណ៍នេសាទទៀត ។
ប្រជាពលរដ្ឋសសម្តែងសេចក្តីរីករាយយ៉ាងខ្លាំង ហើយបានប្រាប់ឲ្យដឹងថា រស់នៅក្បែរស្ទឹងសោះ បែរជាទិញត្រី ដែលគេមកចិញ្ចឹមមកហូប ដែលវាខុសពីសម័យមុន គ្រួសាររបស់គាត់ មិនបាច់ភ័យព្រួយរឿងអត់ត្រីហូបទេ គឺគ្រាន់តែដាំទឹកចាំ ទាញសំណាញ់មកបង់នៅមុខផ្ទះក៏បានត្រីដែរ ជាពិសេសអង្គុយដងត្រីតែមុខផ្ទះក៏បានត្រីយកមកធ្វើម្ហូបដែរ ដែលវាខុសពីពេលនេះ ផ្ទះនៅនឹងស្ទឹង រស់នៅក្បែរទឹកជាច្រើនតំណរ បែរជារត់ទៅទិញត្រីល្អិតតូចៗនៅនឹងផ្សា ក្នុង១គីឡូ ២ម៉ឺនរៀលឯណោះ ហើយសំណូមពរ ឲ្យលោក ព្រះរាជអាជ្ញាដឹកនាំ ការបង្ក្រាបបទល្មើសនេសាទ ទប់ស្កាត់ការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ ប្រជាពលរដ្ឋបានបន្តថា ដោយសារតែពួកនេះឯង នាំគ្នាដាក់បទល្មើសនេសាទ ប្រមូលយកត្រីតូចធំអស់គ្មានសល់ រកតែត្រីធំមិនទាន់ នាំគ្នាឆក់ត្រជាក់ឆក់ក្តៅ យកមកិនឲ្យត្រីឆ្តោរ យកមកធ្វើចំណីក្រពើ ចំណែកមនុស្សនាំគ្នាទិញត្រី ចិញ្ចឹមមក ពីថៃ មកពីវៀតណាម ធ្វើជាម្ហូបទៅវិញ ហើយបើគ្មានការទប់ស្កាត់ទេ ស្ទឹង បឹង បួរ និងទន្លេសាប សល់តែទឹក គ្មានត្រីឲ្យនៅសេសសល់ទេ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានឲ្យដឹងថា និងដឹកនាំកម្លាំង ដោយសហការជាមួយជំនាញ ចុះបង្ក្រាបជាបន្តបន្ទាប់ នៅតាមភូមិសាស្ត្រនាៗ ដើម្បីទប់ស្កាត់ការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ ដែលវានាំឲ្យវិនាសហិនហោចពូជត្រី ព្រោះដោយយោងតាមសភាពជាក់ស្តែង ផលត្រីត្រូវបានខ្សត់ខ្សោយ មានត្រីខ្លះបានដាច់ពូជ ត្រីនៅទីផ្សារឡើងថ្លៃ ដូច្នេះដើម្បីចូលរួមថែរក្សាមឆ្ឆាជាតិ ត្រូវរួមគ្នាទប់ស្កាត់ការ ប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់។
ដោយ ប៊ុន រដ្ឋា