ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៥កម្លាំងនគរបាលអធិការដ្ឋានក្រុងសិរីសោភ័ណ និងកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយមន្ទីរវប្បធម៌ខេត្តបានចុះធ្វើការបង្ក្រាបទីតាំងលេងហ្កេមតុក្កតាមួយកន្លែងដែលកំពុងពង្រក់ក្មេងមិន
ឲ្យចូលរៀនសូត្រស្ថិតនៅភូមិកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃើញក្មេងៗជាច្រើននាក់កំពុងលេង យ៉ាងពពាក់ពពូន នៅទីនោះ។មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ម្ចាស់ទីតាំងហ្គេមខាងលើនេះមាន ឈ្មោះ វ៉ាង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំទីលំនៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ហើយពេលចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ច បានរកឃើញ ទូហ្គេមសរុប៨គ្រឿង។មន្ត្រីនគរបាល បានបន្តថា សម្រាប់ក្មេងៗទាំង៥នាក់ឃាត់ខ្លួន ត្រូវបាននាំទៅអប់រំ ដោយហៅអនាព្យាបាលមកធ្វើកិច្ចសន្យា ហើយឲ្យត្រឡប់ទៅផ្ទះវិញចំណែកទូហ្គេម និងសំភារៈខាងលើ បានដកហូត រក្សាទុក នៅមន្ទីរវប្បធម៌ខេត្ត រង់ចាំការដោះស្រាយបន្តទៀតនៅពេលក្រោយ៕



































