ខេត្តសៀមរាប៖ពលរដ្ឋប្រមាណជាង២០០នាក់ មកពី១៥សហគមន៏ក្នុងចំណោម១៧សហគមន៏ ក្នុងស្រុកនិងក្រុងនៃខេត្តសៀមរាប បានលើកគ្នាមកឈរតវ៉ានៅមុខសាលាខេត្ត ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយដីទំនាស់ដ៍រ៉ាំរ៉ៃ ដែលមានអាយុកាលរាប់ឆ្នាំមកហើយនោះ។ ហេតុការណ៏នេះបានកើតឡើងចាប់ពីព្រឹក រហូតដល់រសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ នៅមុខបរិវេណសាលាខេត្តសៀមរាប។ ក្រុមអ្នកភូមិទាំង១៥សហគមន៏ ដែលប្រមូលផ្តុំគ្នានោះ ជាសហគមន៏ដែលធ្លាប់បានលើកគ្នា មកតវ៉ាម្តងជាពីរដងរួចមកហើយ ។ ការប្រមូលផ្តុំគ្នាម្តងនេះ គឺមិនមានមីក្រូបំពងសម្លេង ឬ ដង្ហែជាក្បួននោះទេ គឺជាការតវ៉ាដោយស្ងៀមស្ងាត់។ ទោះបីមានការដាក់ពង្រាយ នឹង ត្រៀមលក្ខណៈទប់ស្កាត់ពីក្រុមសមត្ថកិច្ចចម្រុះ តែហេតុការណ៏នោះមិនមានអំពើហឹង្សាកើតឡើងរវាងពលរដ្ឋនិងសមត្ថកិច្ចនោះឡើយ។ ក្រុមអ្នកភូមិភាគច្រើនធ្វើដំណើរដោយគោយន្តកន្ត្រៃ ដែលពួកគាត់សុទ្ធតែបានត្រៀមលក្ខណៈជាស្រេច ដូចជា កញ្ចប់បាយ និងទឹកសុទ្ធជាដើម។ នៅម៉ោងប្រហែល១១និង៣០នាទីថ្ងៃដដែល អាជ្ញាធរខេត្ត បានអនុញ្ញាតឲ្យតំណាងសហគមន៏នីមួយៗយកឯកសាររបស់ខ្លួន ចូលជួបប្រជុំពិភាក្សារកដំណោះស្រាយ។ នៅរសៀលម៉ោងជាង៣ថ្ងៃដដែល តំណាងសហគមន៏ទាំងនោះ បានចេញមកវិញ ហើយបំបែកគ្នាវិលទៅលំនៅស្ថានរៀងៗខ្លួន បន្ទាប់ពីលោកអភិបាលខេត្តចេញលិខិតមួយបញ្ជាក់ថា លោកនឹងចុះទៅដោះស្រាយគ្រប់បណ្តាសហគមន៏នាពេលខាងមុខ។ ញត្តិទាមទារដែលបានដាក់ជូនអភិបាលខេត្តបញ្ជាក់ថា តាមរយៈសម្តេច វិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា អំពីបណ្តឹងរបស់ប្រជាពលរដ្ឋ សូមជំរាបជូនលោកអភិបាលខេត្តជ្រាបថា គណៈកម្មការសិទ្ធិមនុស្សនិងអង្កេតនៃព្រឹទ្ធសភា បានទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ៤៧គ្រួសារ ក្នុងឃុំរំចេកស្រុកបន្ទាយស្រី ដែលបានគោរពចូលមកគណៈកម្មការទី១ព្រឹទ្ធសភា ជួយអន្តរាគមន៏ដោះស្រាយដីទំនាស់ ចំនួន១៤៨ហិចតា រវាងពលរដ្ឋនិងក្រុមហ៊ុន លី អ៊ុំអេង និងលី អ៊ុំឆាយ។ ដោយពលរដ្ឋអះអាងថាក្រុមហ៊ុនទាំងពីរបានរំលោភយកដីស្រែចំការរបស់ពួកគាត់។ ក្រៅពីសហគមន៏ឃុំរំចេក ក្នុងស្រុកបន្ទាយស្រី នៅតាមបណ្តាសហគមន៏ ចំនួន១៤ទៀតនៃខេត្តសៀមរាប ក៏មានញត្តិទាមទារដូចៗគ្នាផងដែរ គ្រាន់តែមានចំនួនគ្រួសារ ផ្ទៃដី និងគូជម្លោះផ្សេងៗគ្នាតែប៉ុណ្ណោះ។ នៅរសៀលថ្ងៃដដែល អ្នកសារព័ត៍មានយើងពុំអាចសុំការពន្យល់ ពីលោកប៊ុន ថារិទ្ធិ អ្នកនាំពាក្យនិងជាអភិបាលរងខេត្តសៀមរាបបានទេ ជុំវិញការតវ៉ារបស់ពលរដ្ឋជាង១០សហគមន៏ ដោយទូរសព្ទ័ហៅចូលច្រើនដង តែមិនមានការឆ្លយតប។ ទោះបីជាបែបនេះក្តី ប៉ុន្តែតំណាងសហគមន៏ដែលបានចូលទៅប្រជុំរកដំណោះស្រាយ បានបញ្ជាក់ថា លោកអភិបាលខេត្ត ឃឹម ប៊ុនសុង បានចេញលិខិតមួយច្បាប់ ដាក់ជូនពួកគាត់ ដោយបញ្ជាក់ថា លោកនឹងចុះទៅដោះស្រាយគ្រប់បណ្តាសហគមន៏ក្នុងពេលខាងមុខនេះ តែមិនកំណត់ថ្ងៃ។ ដោយឡែកចំពោះសហគមន៏ចំនួនពីរទៀតដែលមិនបានលើកគ្នាមកតវ៉ាពេលនេះ ក៏លោកចុះទៅដោះស្រាយឲ្យដែរ។ ពេលនេះពួកគាត់សម្រេចវិលទៅផ្ទះរៀងៗខ្លួនវិញ រងចាំលោកអភិបាលខេត្តចុះដោះស្រាយ៕ ដោយខេង ឧត្តម