ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបសំបុកចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅផ្ទះបើកល្បែងហ្គេមស៊ីសងមួយកន្លែងស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់និងអ្នកពាក់ព័ន្ធ៨នាក់ថែមទៀតរួមជាមួយថ្នាំញៀនចំនួន៦កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត កាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៤។
សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញបានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា មុនពេលចុះបង្ក្រាបសំបុកប្រើប្រាស់និងចែកចាយថ្នាំញៀនខាងលើគឺលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថា ជារៀងរាល់យប់គេតែងតែឃើញក្រុមយុវជនជាច្រើននាក់បាននាំមកពពាក់ពពួនលេងល្បែងហ្គេមស៊ីសង សំងំសេពគ្រឿងញៀននិងចែកចាយថ្នាំញៀនយ៉ាងអាណាធិបតេយ្យនៅផ្ទះបើកល្បែងហ្គេមស៊ីសងមួយនេះ ដោយគ្រាន់តែទទួលបានព័ត៌មានរួចលោកបាន
ដឹកនាំកម្លាំងកងរាជអាវុធហត្ថប្រមាណ១៥នាក់ចុះបង្ក្រាបភ្លាមៗផងដែរ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមជាមួយនិងថ្នាំញៀន៦កញ្ចប់តូចនិងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ហើយធ្វើការឃាត់អ្នកពាក់ព័ន្ធចំនួន៨នាក់ទៀតយកទៅធ្វើការសាកសួរ។ចំណែកផ្ទះដែលប្រកបអាជីវកម្មបើកលេងល្បែងហ្គេមស៊ីសងនិងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀននោះត្រូវសមត្ថកិច្ចដកហូតសំភារៈនិងបិតមិនអោយប្រកបអាជីវកម្មបន្តទៀត ហើយសមត្ថកិច្ចនិងធ្វើការ
ស្រាវជ្រាវរកមេក្លោងដែលនៅពីក្រោយរឿងនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ក្រោយពេលពេលបង្ក្រាបជនសង្ស័យនិងអ្នកពាក់ព័ន្ធទាំង១០នាក់ រួមជាមួយវត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕