ខេត្តកំពង់ឆ្នាំង៖ របាំងស្បៃមុងចាប់ត្រីខុសច្បាប់ចំនួន២៥កន្លែង ស្មើនឹង៩៥០ម៉ែត្រ ត្រូវបានលោកនាយខ័ណ្ឌរដ្ឋបាលជលផល ដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះរុះរើបំផ្លាញ និងកូនត្រីគ្រប់ប្រភេទចំនួន៣៧០គីឡូក្រាម ត្រូវបានចាក់ព្រលែងចូលក្នុងទន្លេវិញ។កិច្ចប្រតិបត្តការ ណ៍នេះបានធ្វើឡើងពេញមួយថ្ងៃតែម្តង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងគោលដៅចំនួន២ គឺឃុំកោះថ្កូវ ក្នុងស្រុកជលគីរី និងឃុំអំពិលទឹក ក្នុងស្រុកកំពង់ត្រឡាច។
លោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖នៅក្នុងកិច្ចប្រតិបត្តការណ៍លើកនេះ កម្លាំងសមត្ថកិច្ចចំរុះមកពីរដ្ឋបាលជលផលកំពង់ឆ្នាំងទាំងខ័ណ្ឌ សង្កាត់
និងផ្នែក, យោធាស្រុក, កងរាជអាវុធហត្ថស្រុក, នគរបាលស្រុក, និងកម្លាំងសហគម និងបានចែកជាពីក្រុម គឺក្រុមទី១ មានកម្លាំង២០នាក់ដឹកនាំដោយលោកផ្ទាល់ បានចុះទៅចំណុចផ្គរជ្រត់ដី ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំកោះថ្កូវ ស្រុកជលគីរី។ នៅក្នុងពេលនោះសមត្ថកិច្ចចំរុះបានបង្ក្រាប និងបំផ្លាញរបាំងស្បៃមុង១០កន្លែង មានសាច់ស្បៃមុងស្មើនឹង៥០០ម៉ែត្រ លូស្បៃមុង១០មាត់លូ របាំងសាច់អួន១កន្លែងស្មើនឹង១៥០ម៉ែត្រ បង្គោលចំនួន៤៥០ដើម និងចាក់ព្រលែងកូនត្រីគ្រប់ប្រភេទចូលក្នុងទន្លេវិញបានចំនួន៣០០គីឡូក្រាម។
ដោយឡែកមួយក្រុមទៀតដឹកនាំដោយនាយរងខណ្ឌ័ បានចុះទៅចំណុចភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រកំពង់ត្រឡាច ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចចំរុះចំនួន១២នាក់ ដោយបានបង្ក្រាបនិងបំផ្លាញរបាំងស្បៃមុង១៥កន្លែង មានស្បៃមុងស្មើនឹង៤៥០ម៉ែត្រ លូស្បៃមុង១៥មាត់លូ បំផ្លាញចោលបង្គោលចំនួន២៥០ដើម និងចាក់ព្រលែងកូនត្រីគ្រប់ប្រភេទចូលក្នុងទន្លេវិញបានចំនួន៧០គីឡូក្រាម។
លោកនាយខ័ណ្ឌបានងៅយដឹងទៀតថា៖ ទោះបីមានការបង្ក្រាបបទល្មើសនេសាទ របស់កងកម្លាំងសមត្ថកិច្ចចំរុះជាប្រចាំក៍ដោយ ក៍ជនល្មើសតែងតែលបលួចប្រព្រឹត្តនូវបទល្មើសទាំងនេះដដែល ប៉ុន្តែរដូវបិតនេសាទឆ្នាំនេះ បទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំង មានការថយចុះជាងឆ្នាំកន្លងទៅ ដោយសាឆ្នាំនេះទឹកទន្លេមានកំពស់ទាបជាងឆ្នាំ២០១៤ ជាង២ម៉ែត្រ និងដោយសារប្រជានេសាទភាគច្រើន បានយល់ដឹងពីច្បាប់ជលផល ហើយសហគមន៍នេសាទក៏បានសហការល្អក្នុងការចុះបង្ក្រាបបទល្មើសជាមួយសមត្ថកិច្ចជំនាញ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងធ្លាប់បានថ្លែងថា៖ទោះបីបទល្មើសនេសាទឆ្នាំនេះមានការថយចុះក៏ដោយន ក៏ឯកឧត្តមនៅតែសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសហគមន៍នេសាទទាំងអស់ ចូលរួមផ្តល់នូវព័ត៌មានច្បាស់លាស់ នៃទីតាំងបទល្មើស និងរួមគ្នាបង្ក្រាបអោយអស់ ដើម្បីអោយធនធានជលផលក្នុងប្រទេសយើងសំបូរឡើងវិញប្រកបដោយនិរន្តរភាព សំរាប់លើកស្ទួយជីវភាពប្រជាពលរដ្ឋរបស់យើង៕



































