បន្ទាយមានជ័យៈ ជាងម៉ូតូជាង១០កន្លែង និងម៉ូតូដែលបានកែច្នៃបំពាក់បំពុងស៊ីម៉ាំងបន្លឺសមម្លេងខ្លាំង ចំនួន៤គ្រឿងត្រូវបានប៉ូលីសចរាចរស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃ កាលពីរសៀលថ្ងៃទី ១១ កញ្ញា ២០១៥ ។
លោក អៀម រឹម អធិការនគរបាលស្រុកម៉ាឡៃបានអោយដឹងថា ការចុះឃាត់ម៉ូតូ និងអប់រំជាងម៉ូតូមិនអោយកែច្នៃបំពុងស៊ីម៉ាំងដែលបន្លឺសម្លេងខ្លាំង បានធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំអោយទប់ស្កាត់ក្រុមយុវជន ដែលប្រើប្រាស់មធ្យបាយម៉ូតូបំពាក់ដោយបំពុងស៊ីម៉ាំងលឺសម្លេងខ្លាំង ដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ រំខានដល់អ្នករស់នៅសងខាងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ ។

ជាមួយនិងការអនុវត្តនេះសមមត្ថកិច្ចនគរបាលចរាចរជើងគោកនៃអធិការស្រុកម៉ាឡៃ បានឃាត់ម៉ូតូបានចំនួន៤គ្រឿង ដែលសុទ្ធតែបំពាក់បំពុងស៊ីម៉ាំងខុសបច្ចេកទេស និងបបន្លឺសម្លេងខ្លាំង និងបានធ្វើការណែនាំដល់ជាងម៉ូតូ ក្នុងទីរួមស្រុកម៉ាឡៃនេះចំនួនជាង១០កន្លែង ដើម្បីកុំអោយពួកគាត់កែច្នៃ ឬបំពាក់បំពុងស៊ីម៉ាំងមានសម្លេងលឺខ្លាំងដល់អ្នកដែលមកកែច្នៃ ។
ចំពោះម៉ូតូទាំង៤គ្រឿងដែលបានឃាត់ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា អោយដោះផ្លាស់ប្តូរបំពុងស៊ីម៉ាំងដែលលឺមកដាក់ស៊ីម៉ាំងធម្មតាវិញ ទើបអោយម៉ូតូទៅវិញ ក្នុងនោះបានអោយត្រឡប់ទៅវិញចំនួន៣គ្រឿង និងមួយគ្រឿងទៀតធ្លាប់ឃាត់ចំនួន២ដងមកហើយនៅតែពុំទាន់រាងចាល ។លោកអធិការបានបន្តអោយដឹងទៀតថា កិច្ចការនេះសមត្ថកិច្ចនឹងបន្តជាបន្តបន្ទាប់រហូតទាំល់តែអស់ ម៉ូតូទាំងនេះ ៕




































