បន្ទាយមានជ័យ លទ្ធផលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប នៅខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រឡងជាប់ ៥៦,០២ ភាគរយ ក្នុងនោះ សិស្សជាប់និទ្ទេស A មានចំនួន ២នាក់។នៅព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៥ឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្ត បានទៅបើកស្រោមសំបុត្រលទ្ធផល និងអានឈ្មោះបេក្ខជនជ័យលាភីប្រឡងជាប់ នៅមណ្ឌលវិទ្យាល័យសម្តេចឱ។ ចំណែកលោក លី សារី អភិបាលរង ទៅមណ្ឌលបឋមសិក្សាហ៊ុនសែន សូភី។
លោក ចាប សុម៉េង អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ឲ្យដឹងព្រឹកថ្ងៃទី១៣កញ្ញាថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខេត្តបន្ទាយមានជ័យ មានបេក្ខជន ក្នុងបញ្ជី ២.៧៥១ នាក់ (ស្រី១.៣៦៥នាក់) តែអវត្តមាន ៥៤នាក់ (ស្រី១៤នាក់) ហើយលទ្ធផលជាប់បាន ១.៥១១ នាក់ (ស្រី៨១៩នាក់) ស្មើនឹង ៥៦,០២ ភាគរយ។
លោក គោស៊ុំ សារឿត បានអានឈ្មោះបេក្ខជន នារីប្រឡងជាប់ក្នុងបញ្ជីនៃបន្ទប់ប្រលងទាំងអស់ នៅមណ្ឌលវិទ្យាល័យសម្តេចឱ។ លោកអភិបាល បានអបអរសាទរ លើកទឹកចិត្តដល់បេក្ខជន នារីប្រឡងជាប់ តែក៏ផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងធ្លាក់ថាកុំអស់សង្ឃឹម ហើយនឹងចូលរៀនត្រួតថ្នាក់ ដោយខំរៀនឲ្យខ្លាំង ហើយឆ្នាំក្រោយប្រឡងម្តងទៀត ឬចូលបណ្តុះបណ្តាលវិជ្ជាជីវ:នានា។
ក្នុងមណ្ឌលនេះ លោកក៏អានប៉ះឈ្មោះអ្នកបាននិទ្ទេសA គឺបេក្ខជនឈ្មោះ វង្ស ស៊ីនណារឹទ្ធ មកពីវិទ្យាល័យមង្គលបូរី និងបេក្ខនារី វៀង ដេវីត មកពីវិទ្យាល័យហ៊ុនសែនមង្គលបូរី។ ពួកគេជាជ័យលាភីនិទ្ទេសA តែ២នាក់គត់ ក្នុងខេត្ត ក្នុងចំណោមបេក្ខជនបាននិទ្ទេស A ចំនួន ១០៨ នាក់ ទូទាំងប្រទេស ឆ្នាំនេះ។
គួររំលឹកថា នៅខេត្តបន្ទាយមានជ័យ ការប្រឡងបាក់ឌុប កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥សីហា បានធ្វើឡើង នៅមណ្ឌលវិទ្យាល័យសម្តេចឱ វិទ្យាល័យអូរអំបិលវិទ្យាល័យសិរីសោភ័ណ សាលាបឋមសិក្សាសូភីកើត និងបឋមហ៊ុនសែនសូភី លិច៕



































