ផ្តន្ទាទោស​ស្ត្រី​មេការ​ជនជាតិ​ចិន​ម្នាក់​ដាក់គុក​១០​ឆ្នាំ ពីបទ​នាំ​ពលករ​ជាង​១០០​នាក់​ទៅធ្វើ​ការ​លើ​ទូក​នេសាទ​ដោយ​ខុសច្បាប់

0

​ ​ភ្នំពេញ​៖ ស្ត្រី​មេការ​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមេសា ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​១០​ឆ្នាំ ពីបទ​នាំ​ពលករ​ជនជាតិខ្មែរ​ជាង​១០០​នាក់ ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ហើយ​បានក្លាយ​ទាសករ​លើ​ទូក​នេសាទ​ឆ្លងដែន​ជាច្រើន​ប្រទេស ធ្វើ​ឲ្យ​ជីវិត ទទួលរង​នូវ​ទុក្ខវេទនា ជាទីបំផុត ។​ ​

​ស្ត្រីជន​ជាតិចិន​ឈ្មោះ​លីន លី​ចិន​(Lin Lichen) អាយុ​៥២​ឆ្នាំ បាន​ត្រូវ​លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស ពីបទ ការនាំ​យកចេញ​ដោយ ខុសច្បាប់​ដែលមាន​គោលដៅ​។ ចំណែក​បុរស​ជនជាតិ​ចិន​៥​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន ក៏ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខដា​ក់ព​ន្ឋ​នាគារ​ក្នុង​ម្នាក់ៗ ១០​ឆ្នាំ ផងដែរ​។​

​ក្នុង​សាលក្រម​ដដែល​នេះ តុលាការ​ក៏បាន​បង្គាប់​ឱ្យ​ជនជាប់ចោទ​ទាំងអស់​រួមគ្នា​សង សំណង​ជម្ងឺ​ចិត្ត ដល់​ដើមបណ្តឹង ទាំងអស់​សរុប ជិត​១០០​លាន​រៀល​។ ប៉ុន្តែ​សាលក្រម​នេះ ត្រូវបាន ជនជាប់ចោទ ឈ្មោះ​លីន លី​ចិន បាន​ប្តឹង​ឧ​ទ្ឋ​រណ៍ ។​ ​

មូល​ហេតុដែល​នាំឱ្យមាន​ការផ្តន្ទាទោស​នេះ​គឺ កើតឡើង​ខណៈដែល ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​បានដាក់​ពាក្យសុំ​រក​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន Giant Ocean International Fishery Co Ltd មាន ទីតាំង នៅ​ម្តុំ​ផ្សារ​ដី​ហ៊ុយ ក្នុង​ខណ្ឌទួលគោក​។ ពួកគាត់​បានទទួល​ព័ត៌មាន​តាម​វិទ្យុ​ពី​ការជ្រើសរើស​កម្មករ ទៅធ្វើ​ការងារ​តាម​ទូក​នៅ​ប្រទេស​ជប៉ុន​តាមរយៈ​ក្រុមហ៊ុន​ចិន​មួយ​នេះ​។​ ​

ពេលនោះ​ពួកគាត់​បាន​ទៅកាន់​ក្រុមហ៊ុន ដើម្បី​ចុះកិច្ចសន្យា​ធ្វើ​ការងារ​ត្រឹមត្រូវ​ហើយ​ក្រុមហ៊ុន​បានបញ្ជាក់​ថា​ប្រាក់ខែ​ពី​១៥០​ដុល្លារ​អាមេរិក ទៅដល់​៣០០​ដុល្លារ​អាមេរិក តែ​ក្រោយពី​ចាកចេញ ពី​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​មិនបាន​នាំ​ពួកគាត់​ទៅ​ជប៉ុន​ទេ បែរជា​នាំទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​និង ចុះ​កប៉ាល់​នេសាទ​នៅ​ប្រទេស​ចិន​ទៅវិញ​។​ ​

ចាប់តាំងពី​ចុះទូក​នេសាទ​មក ថៅកែ​ជនជាតិ​ចិន​តែងតែ​វាយ​ធ្វើបាប​ពួកគាត់​គ្រប់ពេលវេលា ហើយ​មិនបាន​បើកប្រាក់​ខែ​ឲ្យ​ថែម​ទៀតផង ពោលគឺ​ប្រើ​ពួកគាត់​ប្រៀប​បី​ដូចជា​កញ្ជះ​ដាច់​ថ្លៃ​អញ្ចឹង​៕ -------