ខេត្តកំពង់ឆ្នាំង៖រឿងទំនាស់ដីស្រែមួយកន្លែងក្នុងសង្កាត់ខ្សាម ក្នុងក្រុងកំពង់ឆ្នាំង អាជ្ញាធរមិនធ្វើការដោះស្រាយដោយយុត្តិធម៌នោះឡើយរយះពេល៣ឆ្នាំមកហើយ ដែលធ្វើអោយភាគីអ្នករំលោភយកដីស្រែប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨០ បានចិត្ត
ដោយរំលោភទៅលើកិច្ចសន្យារបស់ចៅសង្កាត់ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០ ១៥ដោយហាមឃាត់មិនអោយភាគទំនាស់ទាំង២ ទៅធ្វើអ្វីនៅលើដីទំនាស់ដែលមិនទាន់ដោះស្រាយចប់។ក្រោយធ្វើកិច្ចស្យា គេបានរំលោភលួចយកស្រូវទៅព្រោះក្នុងស្រែ លួចដាំដើមស្វាយ និលួចធ្វើរបងថ្មថែមទៀត ប៉ុណ្ណឹងហើយ អាជ្ញាធរសង្កាត់នៅតែមិនអើពើដោះស្រាយទៀត។
លោក យឹម ញ៉េប អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជាម្ចាស់ដីស្រែត្រូវគេរំលោភយកបានអោយដឹងថា៖ដីស្រែទំនាស់នោះទំហំ៣៦ម៉ែត្រគុណនិង៣៤ម៉ែត្រស្ថិតនៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជីតាលោកឈ្មោះ ម៉ក់ យឹម និងឪពុកលោក ឈ្មោះម៉ក់ ខូញ និងបងប្អូនលោកចំនួន៧នាក់បានកាប់គាស់ធ្វើស្រែតាំងពី១៩៨០រហូតមក។ នៅឆ្នាំ២០០៦ជីតាលោកបានស្លាប់ ហើយដីស្រែនេះត្រូវបានបងប្អូនលោកចំនួន៧គ្រូសារ ដែលមានគ្នា២២នាក់បានកាន់កាប់អាស្រ័យផលរហូតមក។នៅឆ្នាំ២០១២ ក្នុងរដូវធ្វើស្រែពេលបងប្អូនខ្ញុំកំពុងស្ទូងស្រូវ មានសមត្ថកិច្ចម្នាក់មកឃាត់មិនអោយស្ទូងបន្ត ដោយប្រាប់ថាដីស្រែនេះឈ្មោះ ពាញ ពន ប្តឹងថាជាដីស្រែរបស់គេ អោយពួកខ្ញុំឡើងទៅដោះស្រាយគ្នានៅសាលាសង្កាត់ ជាមួយលោក ពាញ ពន ហើយលោក ឈួរ ថន ចៅសង្កា ត់ខ្សាម បានប្រគល់រឿងនេះអោយលោក មេភូមិទី៦ ឈ្មោះ គង់ ប្រុញ ដែលបានធ្វើមេភូមិតាំងពីឆ្នាំ១៩៧៩ ជាអ្នកដោះស្រាយ។ក្នុងពេលនោះលោកគង់ ប្រុញ បាននិយាយចំពោះមុខគូភាគីទំនាស់ទាំង២ថា៖ដីស្រែដែលមានទំនាស់នេះគឺជាដីស្រែរបស់លោកតា ម៉ក់ យឹម ដែលត្រូវជាជីតារបស់ឈ្មោះ យឹម ញ៉េប ព្រោះគាត់បានកាប់គាស់ធ្វើស្រែតាំងពីទើបចុះមកពីអាពតមក មិនអាចអ្នកណារំលោភយកដីរបស់គាត់បានទេ។ក្រោយមកនៅអំឡុងខែឧសភា ឆ្នាំ២០១៥ ឈ្មោះ ពាញ ពន បានលួចជីរណ្តៅធ្វើរបងប៉ុនប៉ងរំលោភយកដី ក្នុងពេលនោះលោក បានប្តឹងទៅចៅសង្កាត់ខ្សាម ហើយត្រូវបានលោក ហេង ថន ជំទប់ទី១សង្កាត់ខ្សាម ហៅលោក និងឈ្មោះ ពាញ ពន មកដោះស្រាយគ្នាចំនួន៣លើកដោយលើកចុងក្រោយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ លោក ហេង ថន ជំទប់ទី១សង្កាត់ខ្សាម បានធ្វើកិច្ចសន្យាមួយ មិនអនុញ្ញាតអោយភាគី
ណាមួយ ទៅធ្វើអ្វីនៅលើដីស្រែទំនាស់ទៀតឡើយ ដោយរង់ចាំដោះស្រាយគ្នាយចប់សិន។ ប៉ុន្តែនៅចុងខែមិថុនា ឈ្មោះ ពាញ ពន បានលួចភ្ជួរ និងព្រោះស្រូវនៅលើដីស្រែនេះទៀត និងនៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៥ គេបានលួចធ្វើរបងថ្មហើយទៅទៀត។បន្ទាប់មកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ លោកបានទៅប្តឹងចៅសង្កាត់ខ្សាម មានលោក ឈួរ ថន និងលោក ហេង ថន ជាថ្មីម្តងទៀត។ក្នុងពេលនោះដែរ លោក ហេង ថន ទំទប់ទី១សង្កាត់ខ្សាម បានប្រាប់ថា៖ លោកអស់លទ្ធភាពដោះស្រាយហើយ សូមអោយលោកជាភាគីជនរងគ្រោះធ្វើពាក្យបណ្តឹងទៅលើទៀតចុះ។ដោយឡែកកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ លោក ហេង ថន ជំទប់ទី១ បានបង្ហាញនិងអានលិខិតកាន់កាប់ដីស្រែនោះរបស់ ឈ្មោះ ពាញ ពន ដែលធ្វើនៅឆ្នាំ ២០១៣ ដោយមានហត្ថលេខានិងត្រា ទទួលស្គាល់ របស់លោក ឈួរ ថន ចៅសង្កាត់ខ្សាម អោយពួកលោក និងបងប្អូនលោកទាំង៧នាក់ បានឃើញនិងដឹងឮ ដែលគេសំអាងថាជាដីស្រែនេះជារបស់ឈ្មោះ ពាញ ពន ធ្លាប់បានកាន់កាប់ពិតប្រាកដ។ទាក់ទងនិងបញ្ហានេះ មន្ត្រីភូមិបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ករណីដែលលោកចៅសង្កាត់ខ្សាមចេញលិខិតស្នើសុំកាន់កាប់ដីធ្លី នៅឆ្នាំ២០១៣ អោយឈ្មោះ ពាញ ពន ខាងលើនេះ គឺខុសទៅនិងច្បាប់ភូមិបាលឆ្នាំ២០០១ មាតិកាទី២ ជំពូកទី៤ មាត្រា២៩ បានបញ្ជាក់ថា៖ការចូលកាន់កាប់ភោគះ ត្រូវបញ្ចប់នៅពេលដែលច្បាប់នេះចូលជាធរមាន ដោយច្បាប់នេះបានចូលជាធរមាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១។ ដូច្នេះការចេញលិខិតបញ្ជាក់ស្នើសុំកាន់កាប់ដីធ្លីរបស់ចៅសង្កាត់ខ្សាម អោយឈ្មោះ ពាញ ពន មិនអាចយកជាផ្លូវការបានឡើយ ម៉្យាងទៀតការចេញលិខិតនេះគឺបានចេញក្រោយពេលមានទំនាស់ដីស្រែនេះក្នុងឆ្នាំ២០១២ ហើយអ្នកធ្លាប់កាន់កាប់អាស្រ័យផលលើដីស្រែនេះតាំងពីឆ្នាំ១៩៨០ បែរជាគេមិនផ្តល់យុត្តិធម៌អោយវិញ។ករណីរំលោភដីស្រែខាងលើនេះ លោក យឹម ញ៉េប និងក្រុមគ្រួសារទាំង៦នាក់ ដែលធ្លាប់កាន់កាប់និងអាស្រ័យផលជាច្រើនឆ្នាំមកហើយនោះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥បាននាំគ្នាកាន់រូបថត សម្តេច ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំអ្នកកាសែតយើងទៅបង្ហាញដីស្រែទំនាស់ និងថតប្តិតយករូបភាព ហើយអោយនិយាយអោយដឹងថា៖ ពួកលោកនឹងធ្វើពាក្យបណ្តឹងដាក់ជូន លោកអភិបាលក្រុងកំពង់ឆ្នាំង លោកអភិបាលខេត្តកំពង់ឆ្នាំង និងគោរពជូន សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែននាយកររដ្ឋមន្ត្រី មេត្តាជួយដោះស្រាយផ្តល់យុត្តិធម៌ជូនពួកលោកផង ព្រោះក្រុមគ្រួសារលោកជាប្រជាពលរដ្ឋក្រីក្រ ពុំមានប្រាក់ប្តឹងផ្តល់រឿងនេះទៅតុលាការខេត្តនោះឡើយ៕



































