ព្រះវិហារ សេចក្ដីរាយការណ៍បានអោយដឹងថាឈើមូលប្រណីតប្រភេទធ្នង់ចំនួន៣កំណាត់ក្នុង១កំណាត់មានមុខកាត់១ម៉ែត្រប្រវែង២ម៉ែត្រកន្លះត្រូវបានមនុស្ស១ក្រុមនាំគ្នាទៅរំដោះយកចេញពីបន្ទាយតំបន់ប្រតិបត្តិការសឹករងស្រុកជ័យសែនហើយដឹកជញ្ជូនយកមកទុកនៅសាលាខេត្តព្រះវិហារកាលពីយប់អធ្រាត្យថ្ងៃទី១៥កញ្ញា២០១៥។មហាជនបានបង្ហើបអោយដឹងថាឈើធ្នង់មូលប្រណីតដ៍កម្រទាំង៣កំណាត់នោះតាមតំលៃហាងឆេងទីផ្សារសព្វថ្ងៃអាចផែច្រៀកជាឈើសន្លឹកៗកំរាស់១តឹកៗប្រវែង២ម៉ែត្រកន្លះលក់ចេញទៅអោយឈ្មួញកណ្តាលបានតំលៃរាប់ម៉ឺនដុល្លារអាមេរិកឯណោះ។
ពលរដ្ឋនៅមូលដ្ឋានបានរាយការណ៍មកកាន់អ្នកសារព័ត៌មានអោយដឹងនៅព្រឹកថ្ងៃទី១៦កញ្ញា២០១៥ថាឃើញមានរថយន្តស្ទូចធនធំ១គ្រឿងដែលមានបិទស្លាកទ្បូហ្គោរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារចូលទៅក្នុងបន្ទាយយោធាស្រុកហើយបានស្ទូចយកកំណាត់ឈើមូលទាំង៣កំណាត់នោះរួចគេនាំគ្នាដឹកចេញយ៉ាងប្រញាប់ប្រញាល់។ពលរដ្ឋស៊ើបដឹងច្បាស់ថាឈើធ្នង់ទាំងនោះត្រូវបានមនុស្ស១ក្រុមដឹកយកទៅទុកនៅសាលាខេត្តព្រះវិហារយ៉ាងអាថ៌កំបាំង។
អ្នកសារព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកអ៊ុំម៉ារ៉ាអភិបាលខេត្តព្រះវិហារបានទេពាក់ព័ន្ធប្រភពព័ត៌មានរាយការណ៍ថាវត្ថុតាងបទល្មើសព្រៃឈើខាងលើត្រូវបានគេយកទៅរក្សាទុកក្នុងបរិវេណសាលាខេត្តដែលតាមផ្លូវច្បាប់ស្ដីពីព្រៃឈើត្រូវយកទៅរក្សាទុកនៅទីស្នាក់ការរដ្ឋបាលព្រៃឈើកន្លែងណាមួយក៍បានក្នុងខេត្តព្រះវិហារ។
គួររំលឹកថាឈើធ្នង់១ដើមនេះពលរដ្ឋមានជំនឿថាមានព្រលឹងដូនតាសណ្ធិតត្រូវបានខ្មោចស្រុករួមមានទាំងជំនាញមេព្រៃមូលដ្ឋានសមគំនិតគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅភូមិទឹកលេចឃុំស្តៅស្រុកជ័យសែននាំគ្នាកាប់បំផ្លាញយ៉ាងចាស់ដៃយកលក់អោយឈ្មួញម្នាក់មកពីខេត្តកំពង់ចាមក្នុងតំលៃប្រមាណ៣៥០០ដុល្លារអាមេរិក។ជនល្មើសកាប់ដើមឈើធ្នង់១ដើមដ៍ធំខាងលើមិនអាចវែកមុខរកឃើញទេព្រោះអ្នកប្រព្រឹត្តដៃដល់បំផ្លាញវិស័យព្រៃឈើសង្ស័យស្ថិតក្នុងក្រុមអាជ្ញាធរមានសមត្ថកិច្ច៕




































