សៀមរាប៖ព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យលោក Pierre Bâty ប្រធានគម្រោងកំណាយសង្គ្រោះនៅព្រលានយន្តហោះអន្តរជាតិសៀមរាប នៃវិទ្យាស្ថានជាតិស្រាវជ្រាវបុរាណវិទ្យាបង្ការ INRAP ( Institute National de Recherché Archéologiques Préventives ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានេះធ្វើឡើងដោយផ្តោតសំខាន់ទៅលើលទ្ធផល និងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរយៈពេល១១ឆ្នាំ រវាង INRAP និងអាជ្ញាធរជាតិអប្សរា ទៅលើកំណាយសង្គ្រោះនៅព្រលានយន្តហោះអន្តរជាតិសៀមរាប។ កិច្ចពិភាក្សានេះក៏ផ្តោតផងដែរ ទៅលើការពិនិត្យរួមគ្នាលើកិច្ចសហប្រតិបត្តិការបន្តទៅខាងមុខទៀត ជាពិសេសគឺការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។
ឯកឧត្តមអគ្គនាយកបានសង្កត់ធ្ងន់ថា សព្វថ្ងៃ ធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាផ្នែកស្រាវជ្រាវ និងបច្ចេកទេសជួសជុលប្រាសាទជាដើម មានច្រើនគួរសមដែរហើយ តែទោះជាយ៉ាងណាក៏យើងត្រូវការធនធាននេះបន្ថែមទៀត ដើម្បីបំពេញតម្រូវការជាក់ស្តែងក្នុងការងារអភិរក្សរមណីយដ្ឋានអង្គរ។ ឯកឧត្តមបានជំរុញឲ្យវិទ្យាស្ថាន INRAP ផ្តល់អាទិភាពក្នុងការបញ្ជូនបុគ្គលិកជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលមានស្រាប់ ទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសជាបន្តទៀត។
ក្រៅពីពិភាក្សាលើលទ្ធផលនៃកិច្ចប្រតិបត្តិការខាងលើ ភាគីទាំងពីរក៏និយាយគ្នាផងដែរអំពីគម្រោងពិព័រណ៍លទ្ធផល នៃកំណាយសង្គ្រោះនៅព្រលានយន្តហោះអន្តរជាតិសៀមរាប នឹងត្រូវដាក់បង្ហាញសាធារណជនចូលទស្សនា នៅសារមន្ទីរជាតិភ្នំពេញ ដែលគ្រោងនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។ ពិព័រណ៍នេះរៀបចំដោយវិទ្យាស្ថាន INRAP និងថវិកាបដិភាគរបស់អាជ្ញាធរជាតិអប្សរាចំនួន១ម៉ឺនដុល្លារ។ បើតាមគម្រោង ពិព័រណ៍នេះនឹងយកមកបង្ហាញម្តងទៀតនៅខេត្តសៀមរាប ក្រោយពីដាក់តាំងនៅសារមន្ទីរជាតិភ្នំពេញរួចរាល់៕ ខេង ឧត្តម