សៀមរាប៖នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា មានការរៀបចំពិធីប្រគល់លិខិតថ្លែងអំណរគុណពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥កន្លងមក ប្រកបដោយភាពជោគជ័យ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីចូលរួមរៀបចំព្រឹត្តិការអង្គរសង្ក្រាន្តទទួលបាននូវភាពជោគជ័យខ្ពស់កន្លងមក។
ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណ និងសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់ក្រុមការងារ ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក។ ឯកឧត្តមក៏បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកជំនាញទាំងអស់ ឲ្យបន្តចូលរួមសហការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ឆ្នាំ ក្រោយៗទៀត។ ជាពិសេសឯកឧត្តមបានបញ្ជាក់អំពីគោលជំហរនៃកិច្ចសហការ និងចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទាំងផ្នែកបច្ចេកទេស និងថវិកាតាមលទ្ធភាពដែលអាចធ្វើបាន។
សូមបញ្ជាក់ថា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ អាជ្ញាធរជាតិបានចូលរួមសហការយ៉ាងសកម្មទៅលើផ្នែកបច្ចេកទេស សណ្តាប់ធ្នាប់ អនាម័យ ជាដើម។ ក្នុងចំណោមកម្មវិធីដ៏សម្បូរបែប អាជ្ញាធរជាតិអប្សរាក៏បានចូលរួមរៀបចំកម្មវិធីបច្ចេកសិលាឋាន និងកម្មវិធីនិម្មិតភូមិនៅមុខប្រាសាទអង្គរវត្ត ដែលបង្ហាញអំពីបច្ចេកទេសឆ្លាក់ថ្ម ការជួសជុលប្រាសាទ ការដឹកជញ្ជូនថ្ម ជីវភាពរស់នៅរបស់ប្រជាជនក្នុងសម័យអង្គរ ដែលទទួលបានចំណាប់អារម្មណ៍និងទាក់ទាញអ្នកចូលទស្សនាជាច្រើនម៉ឺននាក់ផងដែរ៕ ខេង ឧត្តម