ខេត្តកំពង់ឆ្នាំង៖ស្ត្រីម្នាក់បានដេកស្លាប់លើកូនខ្ទមម្នាក់ឯង ធ្វើអោយមានការភ្ញាក់ផ្អើលនៅ
ក្នុងដែលសង្ស័យថាស្រវឹងស្រាខ្យល់គរស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងចុះទៅពិនិត្យសពកន្លែងកើតហេតុ បាននិយាយ
អោយដឹងថា៖ស្ត្រីរងគ្រោះមានឈ្មោះ មុំ សារ៉ាន់ អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនម្នាក់
មុខរបរដើរស៊ីឈ្នួលបោកខោអាវអោយគេ រស់នៅក្នុងភូមិកើតហេតុខាងលើជាគ្រួសារក្រីក្រ រស់នៅជាមួយប្អូនប្រុសម្នាក់ ឈ្មោះ មុំ សុខន អាយុ២៧ឆ្នាំ មានមុខរបរជាកម្មករសំ ណង់រកបាន១ថ្ងៃរស់១ថ្ងៃក្រីក្រ មានខ្ទមស្លឹកតូចមួយជ្រកកោន។
យុវជនជាប្អូនស្ត្រីរងគ្រោះបាននិយាយអោយដឹងថា៖ បងស្រីខ្លួនមានប្តី២នាក់ ប្តីទី១
បានកូន១ និងលែងលះគ្នា៧ឆ្នាំហើយ ចំណែកកូនបានទៅរស់នៅជាមួយប្តីនៅក្រុងកំពង់សោម។ ប្តីទី២ ឈ្មោះ រី ជាស្ត្រីដូចគ្នាយកគ្នាជាប្តីប្រពន្ធ មានកូនចិញ្ចឹមម្នាក់ និងបានលែងគ្នាទៅនៅឯខេត្តតាកែវ រយះ២ឆ្នាំហើយ ចំណែកកូនចិញ្ចឹមបានទៅរស់នៅជាមួយឈ្មោះ រី ដែលគាត់បានចាត់ទុកជាប្តី។
ក្រោយពេលបែកគ្នាជាមួយប្តីជាស្រីដូចគ្នានេះ គាត់មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ១ថ្ងៃ ៗគិតតែពីផឹកស្រារហូត ភ្លេចបាយភ្លេចទឹក ធ្វើអោយសុខភាពទ្រុតទ្រោមយ៉ាងខ្លាំង។ នៅពេលរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ពេលទៅធ្វើកម្មករសំណង់គេបានឃើញបងស្រី នៅក្នុងផ្ទះធម្មតាមិនមានរៀងអ្វីទេ ប៉ុន្តែពេលខ្លួនមកពីធ្វើការវិញ ក៏ស្រាប់តែឃើញបងស្រីដេកស្លាប់នៅលើផ្ទះបាត់ទៅហើយ ទើបធ្វើអោយអ្នកស្រុកក្នុងភូមិភ្ញាក់ផ្អើលឡើង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ័ក្រុងកំពង់ឆ្នាំងចុះពិនិត្យ និងធ្វើកោសល្យវិច្ឆ័យតាមបច្ចេកទេសបានអោយដឹងថា៖ នៅលើខ្លួនរបស់ស្ត្រីរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរអោយ
សង្ស័យឡើយ ការស្លាប់នេះសមត្ថកិច្ចសន្និដ្ឋានថា នាងស្លាប់ដោយសារខ្យល់គរ ផឹកស្រាស្រវឹងអត់បាយអត់ទឹក ។ សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនប្អូនប្រុស អាជ្ញាធរភូមិកណ្តាល និងសមាគមសពក្នុងភូមិ ជួយរៀបចំធ្វើបុណ្យទានតាមប្រពៃណីខ្មែរទៅតាមលទ្ធភាពជាក់ស្តែង៕


































