ខេត្តកំពង់ឆ្នាំង ៖មន្ត្រីកងរាជអាវុធហត្ថមា្នក់ ស្រវឹងភ្លេចស្មារតីបានបើករថយន្តធ្លាក់ពីលើថ្នល់ចូលភូមិអ្នកស្រុក បុករះបង្គោលរបង បុកគោ១ក្បាលបាក់ជើង បន្ទាប់មកបុកជាប់របងបន្លាលួស ទើបអស់ល្បឿនទៅមុខលែងរួច ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០ ១៥នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សំណាង អ្នកជិៈក្នុងរថយន្តមាន ប្រពន្ឋ បងប្រុស និងក្មេងតូចៗ៥នាក់ មិនរងរបួសរបួស ចំណែកអ្នកបើកបរក៏មិនព្រមចេញពីរថយន្តដែរ ក្រោយពេលគ្រោះថ្នាក់ នៅអោបចង្កូតរថយន្តរហូតដល់ស្វាងស្រា ជាង១ម៉ោងទើបចេញមក។
សមត្ថកិច្ចនគរបាលមូលដ្ឋានបាននិយាយអោយដឹងថា៖ មន្ត្រីកងរាជអាវុធហត្ថខេត្តរូបនោះ មានឈ្មោះ សូ សែនជាអតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុករលាប្អៀរ ក្រោយមកផ្លាស់មកជាអនុប្រធានការិយាល័យមួយនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។ មុនពេលកើតហេតុ លោក សូ សែន បាននាំប្រ ពន្ឋ កូន បងប្រុសរួមនិងក្មួយតូចៗជាច្រើននាក់ នាំគ្នាទៅផឹកស៊ីនៅផ្ទះមិត្តភ័ក្រម្នាក់ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង។
ពេលផឹកស៊ីរួចមកបានត្រឡប់មកផ្ទះវិញ ដោយបានបើករថយន្តម៉ាកកាមរីគូថហើម សេរី៩៣ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A. 6827 តាមផ្លូវក្រាលកៅស៊ូក្នុងខេត្ត ក្នុងដំណើរពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែធ្លាក់ចុះខាងឆ្វេងដៃចូលភូមិអ្នកស្រុក បុករះបង្គោលរបង និងទៅបុកគោរបស់ឈ្មោះ ហៃ មួយក្បាលបាក់ជើង បន្ទាប់មកទៅបុកជាប់នឹងរបងបន្លាលួស ទើបអស់ល្បឿនទៅមុខលែងរួច។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាជួយយកក្មេងៗចេញពីរថយន្ត ប៉ុន្តែលោក សូ សែន អ្នកបើកបររថយន្ត មិនព្រមចេញពីរថយន្តឡើយ នៅអោបចង្កូតរថយន្តជាប់ ទោះបីប្រជាពលរដ្ឋ និងប្រពន្ឋអង្វរអោយចេញពីរថយន្តក៏ដោយ ទំនងជាស្រវឹងរហូត ជាង១ម៉ោងក្រោយមកស្វាងស្រវឹង ទើបព្រមចេញមក និងអោយរថយន្តស្ទូចយករថយន្តនេះ យកមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់
ឆ្នាំង ដើម្បធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋ ជាម្ចាស់គោ និងម្ចាស់របង ដែលរងការខូចខាតទ្រព្យសម្បត្តិ ដោយមន្ត្រីកងរាជអាវុធហត្ថខាងលើនេះ៕



































