ខេត្តសៀមរាប នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ នេះ ខេត្តសៀមរាបមានសិស្សទទួលបានជ័យលាភីសារុបចំនួន ៣ ១៨៥នាក់ ក្នុងនេះមានសិស្សនារីចំនួន១ ៧២២នាក់ ក្នុងចំណោមសិស្សដែលបានចូលរួមប្រឡងចំនួនសារុប ៥ ៤៩៤នាក់ ។ និទ្ទេស A ១៤នាក់ និទ្ទេសB ១០២នាក់ និទ្ទេសC ២៣៤នាក់ និទ្ទេសD ៤២៥នាក់ និងនិទ្ទេសE ២ ៤១០នាក់ ។ នេះបើតាមការឲ្យដឹងពីសំណាក់ លោក អ៊ុង សិរីឌី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ហើយលោកក៏បានបញ្ញាក់បន្ថែមថា តួរលេខសិស្សប្រឡងជាប់ខាងលើនេះ ឃើញថា ការរៀនសូត្ររបស់សិស្សមានការរីកចំរើនជាងឆ្នាំសិក្សាមុន ជាមួយនេះដែរ មោទនភាពរបស់សិស្សដែលទទួលបាននិទ្ទេស A ខេត្តសៀមរាបរក្សាបាននូវខ្សែក្រវ៉ាត់របស់ខ្លួន គឺលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ។
នៅក្នុងអង្គសន្និសីទសារព័ត៌មានមួយ ដែលសាលាអន្តរជាតិ ភ្យូឆឺរប្រាយ សាខាទី២ ខេត្តសៀមរាបបានរៀបចំឡើងនាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា២០១៤- ២០១៥ បានបង្ហាញថា សាលាមួយនេះ បានបញ្ជូនសិស្សថ្នាក់ទី១២ ចំនួន ៨៧នាក់ ក្នុងនេះមានសិស្សនារីចំនួន ៣៧នាក់ ឲ្យចូលរួមប្រឡង ហើយលទ្ធផលដែលទទួលបាន សិស្សសាលាអន្តរជាតិ ភ្យូឆឺរប្រាយ បានទទួលជ័យលាភី ១០០% ។ នេះ បើតាមការលើកឡើងរបស់លោក សៀន សុវណ្ណា សាកលវិទ្យាធិការសាកលវិទ្យាល័យ សៅរ៍អៀសអេយ៍សៀ និងជាអគ្គនាយកសាលាអន្តរជាតិ ភូឆឺរប្រាយ ។
លោកបានបញ្ចាក់ថា ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លើយតបទៅនឹងការធ្វកំណែរទម្រង់គុណភាពអប់រំរបស់ក្រសួងអប់រំយុវជននិងកីឡា គណគ្រប់គ្រងសាលាអន្តរជាតិភូឆឺរប្រាយ បានរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៤ -២០១៨ និងផែនការសកម្មភាពច្បាស់លាស់ និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តផែនការទាំងនោះ ។ ការកំណត់យន្តការជ្រើសរើសធនធានគ្រូបង្រៀន ដែលមានគុណវុឌ្ឃ ជំនាញ ចំណេះ គរុកោសល្យ បទពិសោធន៍បង្រៀនយូរឆ្នាំ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្ទេរចំណេះដឹងឲ្យសិស្ស គឺជាកត្តាគាំទ្រ និងជម្រុញឲ្យមានគុណភាពអប់រំ ។
កញ្ញា ថៃ ធីតា សិស្សសាលាអន្តរជាតិ ភូឆឺរប្រាយ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ ក្នុងនិទ្ទេស B កម្រឹតខ្ពស់ បានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មាននោះថា សេចក្តីព្យាយាមនិងថ្នាលបណ្តុះវិជ្ជា គឺជាធាតុផ្សំបង្កើតជីវិតសិក្សានៃមនុស្ស ។ ថ្នាលបណ្តុះវិជ្ជាគឺជាកត្តាសំខាន់បំផុត ដែលអាចអប់រំបណ្តុះមនុស្សឲ្យចេះស្រឡាញ់ការសិក្សា ក៏ប៉ុន្តែបើមនុស្សមិនចេះជួយខ្លួនឯងទេនោះ អ្វីៗជាជីវិតរបស់ខ្លួនត្រូវបរាជ័យទាំងស្រុង គឺមិនអាចស្វែងរកអនាគតឃើញឡើយ រួមទាំងអូសទាញសង្គម ឲ្យធ្លាក់ចូលក្នុងហាយនភាព ទៀតផង ព្រោះថាសង្គមមនុស្សត្រូវការអ្នកចេះដឹង ដើម្បីការអភិវឌ្ឍន៍ ៕ដោយគឿនវ៉េត



































