​កូន​ត្រី​ឆ្តោរ​ចិញ្ចឹម​ខុ​ខ​ច្បាប់​ចំនួន​២​ម៉ឺន​ប្រាំ​ពាន់​ក្បាល ត្រូវ​លោក​អភិបាលរង​ខេត្ត​ដឹកនាំ​កំលាំង ​សមត្ថកិច្ច​ចំរុះ​បង្ក្រាប​នៅ​ស្រុក​ជល​គី​រី​

0

​ខេត្តកំពង់ឆ្នាំង​៖​ ​អនុវត្តន៍​នូវ​វិធានការណ៍​ការពារ​ធន​ធាន​ជលផល​ជាតិ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​លិខិត​ជូនដំណឹង​លេខ​៥៩៦៧ កសក របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ស្តីពី​ការ​រំលឹក​កា​រប​ឈ្ឈ​ប់​សកម្មភាព​ការចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉ស់ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥​នេះ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត និង​លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​ចំនួន​៧​កន្លែង និង​កូន​ត្រី​ឆ្តោរ​២​ម៉ឺន​៥​ពាន់​កូន​ត្រូវបាន​សម្លាប់​។​កិច្ច​ប្រតិ​ប​ត្ត​ការណ៍​នេះ​បាន​ធ្វើឡើង​នៅក្នុង​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ដែលមាន​ការចូលរួម​ពី​លោក សំ សត្យា អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​វិវាទ​ជា​តំណាង​រដ្ឋបាល​ជលផល និង​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ផងដែរ​។​DSC08224
​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ពី​ម៉ោង​៨​និង​០៥​នាទី​ព្រឹក​រហូតដល់​ម៉ោង​១​រសៀល លោក​អភិបាលរង​ខេត្ត​បាន​អោយកម្លាំង​សមត្ថកិច្ច​ចំរុះ​រួមមាន ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​, កម្លាំង​នគរបាល​ខេត្ត​,​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​,​និង​អាជ្ញាធរ​ឃុំ​ស្រុក សរុប​ចំនួន​៣២​នាក់​ចុះ​គៀ​រយ​កកូន​ត្រី​ឆ្តោ​ពី​ក្នុង​ស្រះ​ទាំង​៧​កន្លែង ដោយ​ប្រមូល​បានកូន​ត្រី​ឆ្តោរ​ប្រមាណ​ជាង​២​ម៉ឺន​ក្បាល យកមក​សម្លាប់​និង​ប្រគល់ ត្រី​ងាប់​ទាំងនោះ​អោយ​ម្ចាស់​ដើម​វិញ​។​DSC08227
​ ​លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថា​៖ ថ្ងៃនេះ​អាជ្ញាធរខេត្ត​ស្រុក​ឃុំ រួម​នឹង​សមត្ថកិច្ច​ចំរុះ បាន​បង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​៧​កន្លែង ដោយឡែក​ស្រះ​ដទៃទៀត​ដែល​នៅ​សេសសល់ សមត្ថកិច្ច​ចំរុះ​នឹង​បន្ត​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​ទៀត ដើម្បី​លុបបំបាត់​អោយអស់​នូវ​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉ស់ ព្រោះ​ត្រី​ទាំង​២​ប្រភេទ​នេះ ដែលជា​ត្រី​ស៊ីសាច់​ត្រី​ជា​អាហារ គឺ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ណាស់​ដល់​ធន​ធាន​ជលផល​ធម្មជាតិ​របស់​យើង នៅពេល​ម្ចាស់​ស្រះ​ត្រី​ទាំងនោះ​ស្វែងរក​ចំណី​ផ្តល់អោយ​វា​។​លោក​និយាយទៀតថា​៖ ប្រជាពលរដ្ឋ​គួរតែ​បង្វែ​ការចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉ស់ មក​ចិញ្ចឹម​ប្រភេទ​ត្រី​ណា​ដែល​មិនមាន​ផលប៉ះពាល់​ដល់​ធនធាន​ជលផល​ជាតិ​របស់​យើង​។​ព្រោះ​ការចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉ស់ គឺមាន​ការចំណាយ​ទុន​ធំ ហើយ​មិនមាន​ផលចំណេញ​នោះទេ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​អ្នកជំនាញ​រដ្ឋបាល​ជល​ផល តែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​តែងតែ​ជឿ​តាម​ឃោសនា​របស់​ឈ្មួញ​ជា​អ្នកលក់​កូន​ត្រី​ឆ្តោរ​។​DSC08222
​ក្នុងឱកាស​នោះ​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បានធ្វើការ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ថា​៖​ការចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉ស់​នេះ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ធនធាន​ជលផល​ជាតិ​ទើប​ច្បាប់​មិនអោយ​ចិញ្ចឹម និង​មួយ​ថ្នែ​កទៀត​ប៉ះពាល់​ដល់​ជីវភាព​បងប្អូន​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ព្រោះថា​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉ស់​ត្រូវការ​ចំណី ដែលជា​កូន​ត្រី​គ្រប់​ប្រភេទ​ពី​ជនខិលខូច​មួយចំនួន​ដែល​ដាក់​បទល្មើស​តាម​បឹង​ទន្លេ​យកមក​លក់​។​នៅពេល​អស់​កូន​ត្រី​គ្រប់​ប្រភេទ ថា​តើ​ប្រជា​នេសាទ​រាប់ពាន់​គ្រួសារ គាត់​មាន​អ្វី​ចិញ្ចឹមជីវិត​។​
​លោក​អភិបាលរង​ខេត្ត បានដាក់​គោលការណ៍​អោយ​គណៈបញ្ជាការ​ឯកភាព​ស្រុក ចុះ​ផ្សព្វផ្សាយ​អោយ​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ ត្រី​រ៉ស់ ដែល​នៅ​សេសសល់​ទាំងអស់ អោយ​ស្ម័គ្រចិត្ត​បញ្ឈប់​ការចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉ស់​ជាបន្ទាន់ ដើម្បី​កុំអោយ​ខាតបង់​លុយកាក់​របស់​គាត់​បន្តទៀត​។​
​ក្រោយពី​លោក​អភិបាលរង​ខេត្ត​បាន​ណែនាំ​រួចមក ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រះ​ទាំង​៧​កន្លែង​ដែល​សមត្ថកិច្ច​ចំរុះ​បាន​បង្ក្រាប បាន​សំណូមពរ​ដល់​លោក​អភិបាលរង​ខេត្ត និង​សមត្ថកិច្ច​ចំរុះ​ទាំងអស់​ជួយ​ធ្វើការ​បង្ក្រាប​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ ត្រី​រ៉ស់​ទាំងអស់​អោយបាន​គ្រប់គ្នា កុំអោយ​បង្ក្រាប​មួយ​ទុក​មួយ នោះ​គឺ​មិន​យុត្តិធម៌​ឡើយ​។​
​អ្នក​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំង​៧​កន្លែង ត្រូវបាន​សមត្ថកិច្ច​ជំនាញ ហៅ​អោយធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ចិ​ញ្ចឹ​ត្រី​ប្រភេទ​នេះ​ជា​បន្តទៀត តែបើ​ថ្ងៃក្រោយ​នៅតែ​ចិញ្ចឹម ខ័​ណ្ឌ​រដ្ឋបាល​ជលផល​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ជលផល​មិន​លើកលែង​ឡើយ​៕