ខេត្តសៀមរាប៖ អាជ្ញាធរសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឲ្យដឹងថាមន្ទីរធម្មការនិងសាសនាខេត្ដសៀមរាប បញ្ជាឲ្យជនជាតិវៀតណាមរុះរើអាស្រមមួយកន្លែងដែលដាក់តាំងរូបបដិមាបែបជំនឿវៀត ណាមនៅសង្កាត់នេះ ឲ្យរួចរាល់រយៈពេលបីថ្ងៃ ដោយអះអាងថាការសាងសងនេះគ្មាន
ច្បាប់ទម្លាប់់។លោក ឯម ម៉ាន ចៅសង្កាត់ចុងឃ្នៀស ប្រាប់ថា នៅព្រឹកថ្ងៃសុក្រនេះថាមន្ដ្រីមន្ទីរធម្មការ និងសាសនាខេត្ដសៀមរាបបានបញ្ជាឲ្យជនជាតិវៀតណាមរុះរើអាស្រមមួយកន្លែងដែលដាក់តាំងរូបបដិមា បែបជំនឿសាសនាវៀតណាម នៅសង្កាត់ចុងឃ្នៀស ឲ្យរួចរាល់ក្នុងរយៈពេលបីថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកញ្ញានេះ។ លោកបន្ដថាអាស្រមដាក់តាំងរូបបដិមាបែបជំនឿសាសនាវៀតណាមនេះ កើត ឡើង ជាយូរមកហើយ ទើបតែថ្ងៃសុក្រនេះ អាជ្ញាធរខ្មែរឲ្យជនជាតិវៀតណាមធ្វើកិច្ចសន្យាបញ្ឈប់ដាក់ តាំងរូបសំណាកនោះបន្ដទៀត។ប្រធានមន្ទីរធម្មការនិងសាសនាខេត្ដសៀមរាប លោក វណ្ណ ប៊ុណ្ណា មានប្រសាសាសន៍ថាអាស្រមតាំងរូបសំណាកនោះមិនប៉ះពាល់ដល់សាសនាព្រះពុទ្ធនោះទេ ដោយគ្រាន់តែការសាងសង់នោះពុំមានច្បាប់ទម្លាប់តែ
ប៉ុណ្ណោះ។ លោកបន្ថែមថា៖ ហ្នឹងជាសិទ្ធិសេរីភាពខាងជំនឿរបស់ប្រជាពលរដ្ឋ គឺរដ្ឋមិនបានហាមឃាត់ទេ ប្រជាពលរដ្ឋមានសិទ្ធិពេញទីក្នុងការគោរពសាសនា ក៏ប៉ុន្តែត្រូវស្របតាមច្បាប់។ អ៊ីចឹងសាសនាណាក៏ដោយ ក៏អត់មានប៉ះពាល់នឹងគ្នាទេ ប៉ុន្តែថាវាស្ថិតនៅក្រោមច្បាប់។កាលពីខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរខេត្ដសៀម រាបបានវាយបំផ្លាញចោលទីតាំងទីសក្ការៈបូជាបែបជំនឿសាសនាវៀតណាម មួយកន្លែងនៅភូមិ ផ្ចិកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប បន្ទាប់ពីអាជ្ញាធរខេត្ដនេះរកឃើញថាការសាងសង់នេះពុំមានច្បាប់និងគ្មានអ្នកទទួលខុសត្រូវ។ ជាមួយគ្នានោះដែរ អាជ្ញាធរក៏បាននាំខ្លួនជនជាតិវៀតណាមចំនួន៤នាក់មកសាកសួរ ដោយពីរនាក់មានច្បាប់ត្រឹមត្រូវនិងពីរនាក់ទៀតឆ្លងដែនចូលមកកម្ពុជាដោយលួចលាក់ ប៉ុន្តែឥឡូវនេះ រហូតមកដល់ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៥ ត្រូវបានរុះរើដោយរួចរាល់ហើយ៕




































