ខេត្តសៀមរាប៖ ក្រោយពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ ដែលមានសិស្សទទួលបានជ័យលាភី និទ្ទេសA ១៤នាក់ផងនោះ កាលពីរសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៥ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត លោក នូ ផល្លា ប្រធានក្រុម
ប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយក្មួយៗដែលប្រឡងជាប់និទ្ទេស A ទាំង១៤នាក់ និង ឳពុកម្តាយ អាណាព្យាបាល នៅរដ្ឋបាលសាលាខេត្តសៀមរាប ។លោក អ៊ុង សិរីឌី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានគូសបញ្ជាក់ថា សិស្សជាប់និទ្ទេស A សម្រាប់ខេត្តសៀមរាប មានចំនួន ១៤នាក់ ស្រី ៦នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ ។ លោកបន្តទៀតថា ខេត្តសៀមរាបក្នុងឆ្នាំសិក្សា២០១៤.២០១៥សិស្សមានឈ្មោះប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សរុបចំនួន ៥ពាន់៤៩៤នាក់ ស្រី ២ពាន់៩១៤នាក់ សិស្សប្រឡងជាប់ មានចំនួន ៣ពាន់១៨៥នាក់ ស្រី១ពាន់៧២២នាក់ ស្មើនឹង ៥៧.៩៧% ។ ក្នុងនោះនិទ្ទេស A ១៤នាក់ និទ្ទេសB ១០២នាក់ , និទ្ទេសC ២៣៤នាក់ និទ្ទេសD ៤២៥នាក់ និងនិទ្ទេសE ២ពាន់៤១០នាក់ ហើយសិស្សជាប់បាននិទ្ទេសA មកពីវិទ្យាល័យ១០មករាចំនួន ៧នាក់ស្រី២នាក់, វិទ្យាល័យអង្គរ ៤នាក់ស្រី៣នាក់, វិទ្យាល័យ ហ៊ុន សែនវត្តស្វាយ ១នាក់, វិទ្យាល័យពួក ២នាក់ ស្រី១នាក់ ។
នៅក្នុងការជួបសំណេះសំណាលនិងលើកទឹកចិត្តជូនរង្វាន់ ដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ជាប់និទ្ទេស A ទាំង១៤នាក់ មានប្រសាសន៍នោះលោក ឃឹម ប៊ុនសុង បានកោតសរសើរយ៉ាងក្រៃលែង ចំពោះពីការខិតខំ ព្យាយាមរៀនសូត្រ របស់ក្មួយៗទាំង ១៤នាក់ រហូតប្រឡងទទួលបានជ័យលាភីនិទ្ទេស A ។ ឯកឧត្តមបានបន្តទៀតថា លទ្ធផលទាំងអស់នេះ គឺទទួលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗ ការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងដោយមានការយកចិត្តទុកដាក់ការឧបត្តម្ភ គាំទ្រពីឪពុកម្ដាយ និង អាណាព្យបាលរបស់ក្មួយៗផងដែរ ។ លោក ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា នេះជាឆ្នាំទី២ហើយ ពីការធ្វើកំណែ ទម្រង់លើវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និង កីឡា ដើមី្បធានាឲ្យបាននូវគុណភាពអប់រំសិក្សានៅកម្ពុជា លើការបណ្តុះបណ្តាលនូវធនធានមនុស្ស ដើមី្បតម្រូវការក្នុងពេលចូលសហគមន៍អាស៊ាននាចុងឆ្នាំ២០១៥ ។ ឯកឧត្តមអភិបាលខេត្តបានគួសបញ្ជាក់ថា យុវជនយើងមានតួនាទីដ៏សំខាន់ក្នុងការរួមចំណែកកសាងសហគមន៍ អាស៊ាន ក៏ដូចជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចពេញលេញរបស់កម្ពុជាក្នុងសហគមន៍អាស៊ាន ។ លោក ឃឹម ប៊ុនសុង ក៏បានផ្ដាំផ្ញើរដល់ក្មួយៗ ត្រូវបន្តការព្យាយាម ខិតខំប្រឹងប្រែង រៀនសូត្ររបស់ខ្លួនបន្តទៀត ដើម្បីយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិ សហគមន៍ គ្រួសារ និង ខ្លួនឯងផ្ទាល់ ទៅពេលអនាគត និងជាគំរូល្អ សម្រាប់សង្គមជាតិរបស់យើងផងដែរ ។ក្នុងឱកាសនោះក៏មានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ទាំង ១៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ១លានរៀល និង លិខិតសរសើរ ពីអភិបាលខេត្តសៀមរាមផងដែរ ។ក្នុងកិច្ចសម្ភាសជាមួយសិស្សទទួលបានជ័យលាភីនិទ្ទេស A យុវសិស្សឈ្មោះ ស៊ាន ពេជ្ររ៉ា សិស្សរៀននៅវិទ្យាល័យពួក និង យុវតី ឈ្មោះ ឈៀ ព្រឺយ៉ាឡែន សិស្សវិទ្យាល័យអង្គរ និង យុវសិស្សឈ្មោះ ខេង សុគន្ធរាជ្យ សិស្សវិទ្យាល័យ១០មករា ១៩៧៩ (ដែលមានសម្លេង ដើមទាំងស្រុង ) ៕




































