ខេត្តសៀមរាប នៅល្ងាចថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប មានរៀបចំពិធីលៀងសាយភោជន៍ ជូនដល់គណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយឯ.ឧ អាក់ខេន អ៊ីមៀបាគី អនុប្រធានគណៈកម្មាធិការអចិន្ត្រៃសភាប្រជាជនចិនទូទាំងប្រទេស និងសហការី ក្រោមវត្តមានរបស់ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា ព្រមទាំងអស់លោក លោកស្រីជាថ្នាក់នាំមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ផងដែរ។
មានប្រសាសន៍ស្វាគមន៍នៅក្នុងពិធីលៀងសាយភោជន៍នោះលោកឃឹមប៊ុនសុង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្រនយោបាយសន្តិសុខសេដ្ឋកិច្ចនិង ជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាបម្យ៉ាងទៀតវិស័យសេដ្ឋកិច្ចរបស់ខេត្តសៀមរាប ដោយប្រជាពលរដ្ឋបានពឹងផ្អែកទៅលើវិស័យកសិកម្មវិស័យទេសចរ។ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនិងបានលើស្ទួយនូវជីវភាពរស់នៅរបស់ប្រជាពល រដ្ឋកាន់តែមានភាពប្រសើរ ពិសេសនៅខេត្តសៀមរាប ធ្វើឲ្យមានការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ទាំងរចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍និងការអភិវឌ្ឍន៍ក្រុងឲ្យកាន់តែមានសោភ័ណ្ឌភាពស្រស់ត្រកាលឡើងនិង បានជាប់ចំណាត់ថ្នាក់ជាទីក្រុងគោលដៅទេសចរណ៍នៅលើពិភពលោក។
លោកឃឹមប៊ុនសុង ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអនុប្រធានគណៈកម្មាធិការអចិន្ត្រៃសភាប្រជាជនចិនទូទាំងប្រទេស និងសហការី នាពេលនេះ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ជាការឆ្លុះបញ្ចាំងឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងប្រជាពលរដ្ឋ និង រដ្ឋាភិបាលយើងទាំងពីរ និង បានកំពុងបន្តពង្រឹងពង្រីក ថែរក្សាពូនជ្រុំនៃទំនាក់ទំនងជាប្រពៃណី ឲ្យកាន់មានភាពរឹងមាំទ្វេរឡើង ។ កន្លងមកនេះខេត្ត ក្រុងចំនួន១១ ចងសម្ព័ន្ធមេត្រីនិងខេត្តសៀមរាប បានធ្វើកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ព្រមទាំងបានផ្តល់ និង ជួយជាសម្ភារៈ បរិក្ខា វិស័យអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងការបម្រើដល់ផលប្រយោជន៍សង្គម ព្រមទាំងគាំទ្រគោលនយោបាយចិនតែមួយផងដែរ ។ រដ្ឋាភិបាលចិន បានជួយគាំទ្រលើគ្រប់វិស័យដល់កម្ពុជា ជាអាទិ៍ លើហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះ បណ្តាលធនធានមនុស្ស កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ និង ជួសជុលប្រាសាទបុរាណ ព្រមទាំងបានជម្រុញដល់អ្នកវិនិយោគឯកជនចិន ចូលមកវិនិ-យោគនៅកម្ពុជា ព្រមទាំងកំណើននៃធុរៈកិច្ចលើវិស័យជាច្រើន សំខាន់នៅខេត្តសៀមរាប។ លោកក៏បានសំណូមពរ ដល់គណៈប្រតិភូ សូមជម្រុញដល់ប្រជាជនចិនឲ្យចូលមកវិនិយោគនិងធ្វើទេសចរណ៍នៅកម្ពុជាសំខាន់ខេត្តសៀមរាប ក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ ។
មានប្រសាសន៍នោះឯ.ឧអាក់ខេនអ៊ីមៀបាគីក៏បានលើកឡើងពីគោលបំណង នៃដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូនៅលើទឹកដីកម្ពុជាក៏ដូចនៅខេត្តសៀមរាប ព្រមទាំងបានសម្លែងនូវក្តីស្ញប់ស្ញែងកោតសរសើរចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យ ពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោកប្រៀបបាននឹងសំណង់ស្ថាបត្យកម្មទេពនិម្មិតមិនអាចកាត់ថ្លៃបាន នៃដួងព្រលឹងជាតិកម្ពុជាហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ។ ម្យ៉ាងទៀតមរតកដ៏មានតម្លៃដោយមិនអាចកាត់ថ្លៃបាននេះគឺជាសំណង់ស្ថាបត្យកម្មដ៏កំពូល បានបង្ហាញនូវការសិក្សាស៊ីជម្រៅនាសម័យអតិតកាលបានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់នូវទេពកោសល្យ ស្នាដៃបុព្វបុរសដូនតាខ្មែរនៃចក្រភពមួយលើលោកនេះ។ ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំអភិវឌ្ឍន៍របស់ខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមានប្រាង្គប្រាសាទបុរាណជាច្រើន ដែលបានកំពុងទាក់ទាញនូវភ្ញៀវទេសចរណ៍មកពីលើពិភពលោកចូលមកទស្សនា ហើយក៏ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិកម្ពុជា។លោកអាក់ខេនអ៊ីមៀបាគី ក៏បានលើកឡើងពីប្រវត្តិនៃការទំនាក់ទំនងរវាងប្រជាជនចិននិងកម្ពុជាលើកវិស័យពាណិជ្ជកម្ម នាសម័យកាលជាង១ពាន់ឆ្នាំមុន ដោយមានចារិកជា ប្រវត្តិសាស្ត្រនៅជញ្ជាំងប្រាសាទ ហើយក៏ត្រូវបានថ្នាក់ ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ និង សម្របសម្រួលយ៉ាងជិតស្និតក្នុងកិច្ចការអន្តរជាតិផងដែរ ។ ម្យ៉ាងទៀត ខេត្តសៀមរាប មិនត្រឹមតែខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិប៉ុណ្ណោះទេ គឺជាខេត្តទេសចរពាណិជ្ជកម្ម ដោយខេត្ត សម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏ល្បីល្បាញលើសកលលោកហើយកម្ពុជាបានកែទម្រង់កាន់តែស៊ីជម្រៅ មានផលប្រយោជន៍ ដល់ប្រជាជនយើងទាំងពីរជាបងប្អូននឹងគ្នា ក្នុងគ្រួសារតែមួយផងដែរ ។ លោក អាក់ខេន អ៊ីមៀបាគី ក៏មានសង្ឃឹមជឿជាក់ថា ដំណើរទស្សនកិច្ចនេះ ជាការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់អភិវឌ្ឍន៍ជាមួយគ្នា។លោកបានបន្តទៀតថារដ្ឋាភិបាលចិននិងបន្តលើកទឹកចិត្តនិង ធ្វើការផ្សព្វផ្សាយដល់ប្រជាជនចិនដើម្បីឲ្យមកធ្វើទេសចរណ៍នៅកម្ពុជាសំខាន់ខេត្តសៀមរាប ឲ្យតែមានភាពកើនឡើងទ្វេរដងព្រមទាំងធ្វើឲ្យភាគីយើងទាំងពីរនិងបន្តធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីបំពេញតម្រូវការគ្នាទៅវិញទៅមកក្នុងការបម្រើរួមវិភាគទានក្នុងការជម្រុញទំនាក់ទំនង ប្រទេសទាំងពីរទៅអនាគតផងដែរ ៕ដោយគឿនវ៉េត


































