ខេត្តកំពង់ឆ្នាំង៖ គ្រួសារក្រីក្រមួយ ដែលមានតែស្រីៗ ៣នាក់ គឺដូនចាស់ជរា ម្តាយជាស្ត្រីមេម៉ាយ និងកូនស្រីអាយុ១៧ ឆ្នាំដោយសារតែជីវភាពក្រីក្រពេក ធ្វើអោយនាងគ្មានលទ្ឋភាពទៅប្រឡងសញ្ញាបត្រ័ទុតិយភូមិនិងគេ ហើយអ្វីដែលជាគ្រោះអកុសលទៀតនោះ កូនផ្ទះស្លឹកដ៏តូចមួយត្រូវភ្លើងឆេះអស់ជញ្ជាំង និងដំបូលទៀត។គ្រោះអគ្គីភ័យនេះ បានកើតឡើងប្រមាណម៉ោង៥ទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅក្នុង ភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពេលដែលជីដូននាងចាស់ជរាងងឹតភ្នែកងើបដុតចង្កៀងសូត្រធម៌ថ្វាយបង្ខំព្រះ បានប៉ះចង្កៀងកំពុបឆេះជញ្ជាំងផ្ទះ។
លោក លន់ គង់ មេភូមិស្នោរ ដែលបានជួយឧបត្ថមប្រាក់ចំនួន១០ម៉ឺនរៀល ដល់គ្រួសារដែលត្រូវភ្លើងឆេះផ្ទះខាងលើនេះបាននិយាយថា៖ គ្រួសារនេះមានគ្នា៣នាក់ មានជីដូនឈ្មោះ ជូ អៀន អាយុ៧៦ឆ្នាំ មានកូនស្រីឈ្មោះ តេង ស៊ីនួន អាយុ៤៦ឆ្នាំ និងចៅស្រី ឈ្មោះ ប៉ិច ស្រីណា អាយុ១៧ឆ្នាំ រៀននៅវិទ្យាល័យបរិបូណ៌ជើង តែនាងមិនបានប្រឡងបាក់ឌុបទេ កាលពីពេលថ្មីនេះដោយសារតែជីវភាពក្រីខ្លាំងពេកគ្មានលុយទៅប្រឡង។
លោកមេភូមិបានបន្តអោយដឹងទៀតថា៖ សព្វថ្ងៃ បានស្ត្រីឈ្មោះ តេង ស៊ីនួន ជាអ្នកដើរស៊ីឈ្នួលដកស្ទួងអោយគេ បានប្រាក់តិចតួចយកមកចិញ្ចឹមម្តាយ និងកូនអោយរៀនសូត្រ តែពេលខ្លះក៏ដាច់អង្ករ ម្តងៗដែរ គឺបានគាត់ជាមេភូមិ ជួយអោយអង្ករមកដាំបាយហូបដើម្បីរស់មួយពេលៗទៅ។ ចំណែកឯផ្ទះដែលត្រូវភ្លើងឆេះនោះមានទំហំ ៤គុណនិង៥ម៉ែត្រ ឆេះអស់ជញ្ជាំងស្លឹកនិងដំបូលស្លឹក ។ ចំណែកមូលហេតុដែលនាំអោយឆេះផ្ទះនោះ គឺជីដូនងើបដុតភ្លើងចង្កៀងថ្វាយបង្គំព្រះ តែដោយងងិតភ្នែក បានរាវប៉ះចង្កៀងដួលកំពប់ព្រេង ទើបបណ្តាលអោយឆាបឆេះផ្ទះតែម្តង និងបានអ្នកស្រុកជួយទាន់កុំអីឆេះម៉ត់។
ចំណែកយុវតី ប៉ិច ស្រីណា គឺនាងរៀនសូត្របានពន្ទុល្អគ្រាន់បើ ដោយលោកគ្រូ អ្នកគ្រូមក សរ សើរប្រាប់គាត់ជាមេភូមិតែប្រការគួអោយស្តាយ បែរជានាងមិនបានទៅប្រឡងទៅវិញ ដែលលោកទើបតែដឹងនៅពេលនេះថា មកពីនាងមានជីវភាពក្រីក្រគ្មានលុយទៅប្រឡង។
យុវតី ប៉ិច ស្រីណា បានរៀបរាប់អោយដឹងថា៖ នាងស្តាយណាស់ដោយមិនបានទៅប្រឡងសញ្ញា
បត្រ័ទុតិយភូមិនិងគេ នាងនិងក្រុមគ្រួសារ សូមអំពាវនាវដល់សប្បុរសជនទាំងអស់ ពិសេសឯកឧត្តមលោកជំទាវ ដែលមានសេចក្តីសប្បុរសមេត្តាជួយដល់គ្រួសារនាងផង ហើយបើអាចជួយបានសូមជួយអោយរូបនាង បានបន្តការសិក្សា ឬជួយរកការងារណាធ្វើបានតាមលទ្ឋភាពរបស់នាង ដើម្បីបានប្រាក់ជួយចិញ្ចឹមម្តាយ និងជីដូនចាស់ជរាដែលកំពុងមានជីវភាពក្រីក្រ៕