កំពង់ស្ពឺ៖ គម្រោងសិក្សាសុវត្ថិភាពចរាចរណ៍មួយ ត្រូវបានចាប់ផ្ដើមដោយមានការចូលរួមសហការពីក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន។ដើម្បីចូលរួមក្នុងការងារពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោគ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ពៅ ម៉ាលី អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានដឹកនាំមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងលោក ប៉ាច សោភ័ណ្ឌ តំណាងមន្ទីរសាធារណការខេត្តកំពង់ស្ពឺ និងមានការចូលរួមពីតំណាងក្រុមហ៊ុន អេហ្សិត ផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវគឺមានសារៈសំខាន់ណាស់ដើម្បីទទួលបានទន្និន័យដែលជាក់លាក់អំពីឬសគល់នៃបញ្ហា ដើម្បីឈានទៅដល់ការដាក់ចេញនូវផែនការដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមារ។ ឯកឧត្តមបានថ្លែងកោតសរសើរដល់ក្រុមការងាររបស់ក្រុមហ៊ុន អេហ្សិត ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំវិធីសាស្ត្រសិក្សាគម្រោងខាងលើនេះបានយ៉ាងស៊ីជម្រៅសម្រាប់យកមកធ្វើការវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ និងមានសុក្រិតភាពល្អប្រសើរ។ ឯកឧត្តមក៏បានកត់សំគាល់ដែរថា ផ្លូវជាតិលេខ៤ មានសភាពល្អប្រសើរច្រើនជាងមុន ជាពិសេសនៅចំណុចភ្នំពេញ កំពង់ស្ពឺ។ រីឯការដាក់ផ្លាកសញ្ញាសុវត្ថិភាពចរាចរណ៍គឺមានភាពគ្រប់ជ្រុងជ្រោយ។
បើតាមលោក ជួន វ៉ាន់ឌន នាយកកិច្ចការធុរកិច្ច នៃក្រុមហ៊ុន អេហ្សិត និងជាអ្នកដឹកនាំគម្រោងនេះ បានឲ្យដឹងថាគម្រោងសិក្សានេះបានសម្រេចរៀបចំឡើងដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានកិច្ចប្រជុំពិភាក្សាជាច្រើនលើករវាងមន្ត្រីជំនាញក្រសួងដែលមានសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាព និងអ្នកបច្ចេកទេសក្រុមហ៊ុន អេហ្សិត។ លោកបានបន្តទៀតថាគម្រោងនេះ បង្កើតឡើងក្នុងគោលបំណងវាស់ស្ទង់ការយល់ដឹង និងអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសឥរិយាបថក្នុងពេលបើកបររបស់អ្នកបើករថយន្តដឹកទំនិញធុនធ្ងន់ និងដឹកអ្នកដំណើរ ដោយប្រើប្រាស់ក្របខ័ណ្ឌសកល KAP (Knowledge Attitude and Practice) ដើម្បីឈានដល់ការកំណត់បញ្ហាអោយបានជាក់លាក់។ ក្នុងគោលបំណងប្រើប្រាស់លទ្ធផលពីការស្រាវជ្រាវនេះ ដើម្បីដាក់ចេញនូវវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។ គម្រោងសិក្សានេះនឹងធ្វើការអង្កេតតាមរយៈការសាកសួរដោយផ្ទាល់ជាមួយអ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកអ្នកដំណើរប្រមាណជា ១៥០០ នាក់ និងការពិនិត្យមើលដោយផ្ទាល់ពីអកប្បកិរិយាក្នុងការបើកបររបស់ពួកគាត់។
លោកបានបន្តទៀតថា គម្រោងនេះបានធ្វើការសិក្សានៅចំនួន ៤ ទីតាំងលើផ្លូវជាតិលេខ៤ ដូចជា នៅជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ កន្លែងឈប់សំចតលោកយាយម៉ៅ ពេជ្រនិល ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល និងអូរចំណារ ហើយការសិក្សានេះនឹងប្រើប្រាស់រយៈពេល ១០ ថ្ងៃ។ លោក ជួន វ៉ាន់ឌន ក៏បានថ្លែងអំណរគុណដល់អ្នកបើកបររថយន្តទាំងអស់ ដែលបានចូលរួមសហការក្នុងការឆ្លើយសំណួរប្រកបដោយបរិយាកាសយោគយល់គ្នា ធ្វើឲ្យគម្រោងសិក្សានេះទទួលបានជោគជ័យតាមការរំពឹងទុក។
គូសបញ្ជាក់ផងដែរថា មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២១៧៣ករណី សម្លាប់មនុស្សសរុបចំនួន ១០២៣នាក់ និងរងរបួសធ្ងន់ ស្រាលសរុបចំនួន ៣៧៦០នាក់ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៥ (យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក-គសចគ)។ ហើយច្រើនជាង ៩៥% នៃអ្នកស្លាប់ គឺបង្កឡើងដោយកត្តាមនុស្ស ដោយសារការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង មិនគោរពសិទ្ធិអាទិភាព និងកត្តាជាច្រើនទៀត (យោងតាមរបាយការណ៍សង្ខេបរបស់ គសចគ ឆ្នាំ២០១៥)៕