បន្ទាយមានជ័យ ៖ បន្ទាប់ពីការប្តេជ្ញាចិត្តរបស់ចៅសង្កាត់ប៉ោយប៉ែត លើការដាក់ភ្លើងបំភ្លឺតាមដងផ្លូវ នៅរសៀលថ្ងៃទី២១ កញ្ញា ២០៥ នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតរួមនិងមន្ត្រីសាលាក្រុង ចៅសង្កាត់ បានចុះរៀបចំដាក់បង្គោលភ្លើង នៅចំណុចរង្វង់មូលច្រកអន្តរជាតិប៉ោយប៉ែត។ លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែតថ្មីដែលទើបចូលកាន់តំណែងបានអោយដឹងថា ក្រោមការដឹកនាំរបស់លោកអភិបាលក្រុង សួនត្រង់រង្វង់មូលត្រូវបានធ្វើការកែសម្រួល ដោយដាក់បន្ថែមនូវបង្គោលភ្លើងកំពស់៤ម៉ែត្រប្រភេទអិលអីឌី ចំនួន៨ដើមជុំវិញរង្វង់មូល ដើម្បីបំភ្លឺផ្លូវដល់អ្នកធ្វើដំណើរផង និងបង្កើនសម្រស់ក្រុងនោះអោយស្រស់បំព្រងផងដែរ។
មុនពេលដាក់បង្គោលភ្លើង រង្វង់មូលនេះ មួយនេះត្រូវបានក្រុមហ៊ុនកាស៊ីណូធ្វើការរៀបចំដោយដាក់បង្គោលភ្លើងតូចៗនិងដាំស្មៅ លម្អសួនឡើងវិញបន្ទាប់ពីទុកចោលជាច្រើនឆ្នាំ គ្មានសោភ័ណភាពពោពេញទៅដោយសម្រាម ពីអ្នកមកអង្គុយញ៉ាំអាហារហើយបោះចោលនូវសំបកវិចខ្ចប់ពាសវាលពាសកាល ។
លោក ង៉ោ ម៉េងជ្រួនអភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ដែរថា ក្នុងទិសដៅអភិវឌ្ឍន៍របស់ក្រុង បានដាក់ផែនការកែលម្អ សោភណ័ភាពនៃក្រុងទាំងមូលអោយមានសភាពស្រស់ត្រកាល ដោយរៀបសួនសារ ធារណៈ បង្កើតអោយមានផ្លូវបេតុងខ្វែងខ្វាត់ ដាក់បង្គោលភ្លើងអមសងខាងទៅតាមផ្លូវសំខាន់ៗ រៀបចំការដាក់តាំងលក់របស់បងប្អូន ប្រជាពលរដ្ឋអោយមានសណ្តាប់ធ្នាប់ពិសេសអ្នកដែលយកចិញ្ចើមផ្លូវទៅអាជីវកម្មដើម្បីប្រយោជន៍ខ្លួនឯង ហើយបំផ្លាញផលប្រយោជន៍សាធារណៈ។
លោកបន្តថាបើយោងតាមការរំពឹងទុក ប៉ោយប៉ែតនិងប្រែមុខមាត់ថ្មីក្នុងអំឡុងពេលដ៏ខ្លី ដើម្បីអោយក្រុងមួយនេះសាកសមទៅ នឹងច្រកអន្តរជាតិដែលមានមនុស្សចំរុះជាតិសាសន៍ឆ្លងកាត់ ពិសេសអាចលើកកំពស់ កិត្យានុភាពខេត្តដែលនៅជាប់និងប្រទេសជិតខាង ៕