ខេត្តកំពង់ធំ ៖ បច្ចប្បន្នគេសង្កេតឃើញ ការដឹកជញ្ជូនឈើគ្រញូង មានការថយចុះ តែបែរជាមានការកើន ឡើងនូវការដឹកបទល្មើសឈើធ្នង់ និងឈើនាងនួន ត្រូវបានគេសំរុកដឹកទាំងយប់ទាំងថ្ងៃឆ្ពោះទៅ ខេត្តកំពង់ចាម ដើម្បីនាំចេញទៅប្រទេសវៀតណាម ។
ជាក់ស្តែងនៅរសៀលថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤ មានរថយន្តចំនួន ២ គ្រឿង បានលបលួច ដឹកឈើធ្នង់ចេញពី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឆ្លង់កាត់ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ច ផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំកំលាំចម្រុះ ស្ទាក់ចាប់រថយន្ត ដឹកបទល្មើសបាន នៅចំនុចភូមិ ស្រយូវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលម៉ោង ៤.១០នាទី ក្រោយពីសមត្ថកិច្ច បានសុំការត្រួតពិនិត្យ តែពុំមានលិខិត អនុញ្ញាតិច្បាប់ ទើបសុំយោបល់ថ្នាក់លើ នាំយករថយន្តមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីរក្សាទុក និងរៀបចំកំណត់ហេតុ តែដោយសារតែ ពេលវេលាមិនអំណោយផល ទើបបានពន្យាពេលរក្សាទុក និងធ្វើ ការវាស់វែងនៅថ្ងៃបន្ទាប់ ។
តាមការអះអាងពីអ្នកបើកបររថយន្ត ដែលមិនត្រូវបានបញ្ជេញអត្តសញ្ញាណឲ្យដឹង បានបញ្ជាក់ថា ឈើទាំងនេះត្រូវបានដឹកចេញពី កងពលលេខ៩ ចំណុះឲ្យកងពលលេខ ៣ លោកបានបញ្ជាក់ថា នេះជាលើកទី១ ហើយដែលលោកបានស៊ីឈ្នួលដឹកឲ្យគេ តែក៏ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចមេព្រៃទៅវិញ តែតាមពិតមេបាន ប្រាប់ឲ្យទិញកូនឈើតូចៗ សម្រាប់យកទៅប្រើប្រាស់ តែគ្នាគាត់ចង់ចំណេញក៏ដាក់ឈើពេញទាំងពីឡាន ទៅវិញ។
សកម្មភាពដឹកឈើប្រណិតនេះ ត្រូវបានដឹកជញ្ជូនតាមរយះ រថយន្តម៉ាក់ធនត្រា ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-4542 និងរថយន្តមួយគ្រឿងទៀត ម៉ាកវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9888 បាន ធ្វើសកម្មភាពដឹកឈើរកស៊ីខុសច្បាប់ រកផលប្រយោជន៍របស់ខ្លួនឯង តែបែរជាយកឈ្មោះអង្គភាពមកប្រើ ប្រាស់ដើម្បីលាតត្រដាងឥទ្ធិពល ក្នុងការដឹកជញ្ជូនបទល្មើស ។
ក្នុងនោះដែរក៏មានការសំណូមពរ ពីសំណាក់មហាជនថា បុគ្គលណាប្រព្រឹត្តអ្វី សូមឲ្យមានភាពទទួលខុស ត្រូវ មិនមែនរកលាបស្ការៈខ្លួនឯង បែរជាយកឈ្មោះស្ថាប័នរដ្ឋមកប្រើប្រាស់ ដែលជាទង្វើទាំង នេះមិនខុសពីស៊ីបាយយកទៅលាបមាត់ពពែនោះទេ ដូច្នេះសូមឲ្យសមត្ថកិច្ចជំនាញ កុំមានការបន្ធូរបន្ថយរឹបអូសធ្វើតាមច្បាប់ និងសុំឲ្យថា្នក់ដឹកនាំកងយោធពលខេមរៈភូមិន្ទរឹតបន្តឹង ចំពោះបុគ្គលណាដែលយកឈ្មោះ អង្គភាពទៅប្រើប្រាស់ ព្រោះអ្នកដែលដឹកសុទ្ធតែជា ឈ្មួញមិនមែនជាទាហាននោះទេ ពលទាហានគ្មាន រថយន្តសេរីទំនើបដឹកបទល្មើសនោះទេ ។