សៀមរាប ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅខេត្តសៀមរាប មានសពនារីម្នាក់ ដែលស្លាប់ទៅរយៈពេល៤យប់៥ថ្ងៃមកហើយ មកដល់ថ្ងៃនេៈ ដៃជើងទន់អាការៈមិនមានធំខ្លិនស្អុយអ្វីទេ ដូចមនុស្សដេកលក់ធម្មតា នេះ ត្រូវបានចៅសង្កាត់ និងគណៈកម្មការអាចារ្យវត្តសម្រេចឲ្យបូជាហើយ ក្រោយពី ក្រុមគ្រួសារហៅ គ្រូអាចារ្យមកអន្ទងព្រលឹង និងក្រោយពីការពិនិត្យ របស់ក្រុមគ្រួសារបញ្ជាក់ថាស្លាប់នោះ។សពនារីនោះមានឈ្មោះចាន់ ធា អាយុ២៣ឆ្នាំ មានទីលំនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ជាកូនកំព្រា ហើយបានស្លាប់ដោយសារ ខ្យល់គរកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ដោយបន្សល់ទុកនៅប្អូនស្រីម្នាក់។ បច្ចុប្បន្នសពនោះ យកមកតម្កល់នៅវត្តព្រិន្ទ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងនិងសៀមរាប។គណៈកម្មការអាចារ្យវត្ត បានឲ្យបូជាតាំងពីស្លាប់ភ្លាមៗមកម្ល៉េះ តែដោយឃើញសពនោះមិនមានក្លិនស្អុយ និងនៅមានសភាពទន់ ទើបលោកចៅសង្កាត់មិន អនុញ្ញាតឲ្យបូជានោះទេ រង់ចាំថាតើសពនោះស្លាប់មែន ឬយ៉ាងណា។
លោកអាចារ្យវត្តបានឲ្យដឹងថា សពនេះនឹងត្រូវបូជា នៅថ្ងៃនេះហើយ ព្រោះបង្គ្រប់៤ថ្ងៃ៥យប់ហើយ ហើយក្រោយពីការពិនិត្យ ពីគ្រូពេទ្យ និងក្រោយពីការអន្ទងព្រលឹងឃើញស្លាប់នោះ។
តាមប្រភពពីសាច់ញាត្តិ បានឲ្យដឹងថា មូលហេតុដែល បងប្អូនរក្សារសពទុកនោះ ដោយមានបណ្តាំ ពីសពថាឲ្យទុករយៈពេល៣ថ្ងៃសិន ក្រោយពេល៣ទើបយកទៅបូជាចុះ។
លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវបានឲ្យដឹងថា សពនេះលោកបានឲ្យខាងគ្រូពេទ្យពិនិត្យមើល ដោយពេទ្យបញ្ជាក់ថាស្លាប់ ហើយព្រោះបេះដូងអត់ដំណើរការ ប៉ុន្តែដោយមិនមានក្លិនស្អុយ និងមានសភាពទន់ទើបលោកចេះតែឲ្យតម្កល់ទុករយៈពេល៣ថ្ងៃ ហើយគិតមកដល់ថ្ងៃនេះគឺ៤យប់៥ថ្ងៃហើយ ទើបខាងគណៈកម្មការអាចារ្យវត្តសម្រេចបូជានៅថ្ងៃនេះឯង៕ ខេង ឧត្តម