បន្ទាយមានជ័យៈ ពលរដ្ឋ៤៣គ្រួសារមានសំណង់លើដីផ្លូវសាធារណៈ ដែលត្រូវអាជ្ញាធរ និងតុលាការ សម្រេចចុះរុះរើនៅថ្ងៃទី២៨ កញ្ញា ២០១៥ខាងមុខ បានប្រឆាំងតវ៉ាដាច់ខាត មិនព្រមរុះរើដរាបណាគ្មាន ការដោះស្រាយគោលនយោបាយជួនពួកគាត់ និងបានទទូចស្មើរសុំអោយតុលាការពិចារណា ថានេះជារដូវភ្លៀង បើអោយពួកគាត់រុះរើ តើបានកន្លែងណាជ្រក?
កាលលើកឡើងរបស់ពួកគាត់បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ កញ្ញា ២០១៥ ក្រោយពីពួកគាត់ទទួលបានលិខិតជូនដំណឹងពីសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលត្រូវអនិវត្តន៍រុះរើ សំណាង់អាណាធិបតេយ្យ របស់គាត់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនាថ្ងៃទី២៨ កញ្ញា ២០១៥ ខាងមុខ ។
ពួកគាត់បានអោយដឹងទៀតថា គាត់មិនតវ៉ាជំទាស់និងការអនុវត្តន៍របស់សាលាក្រុងប៉ោយប៉ែត ឬតុលាការទេ តែពួកគាត់ស្នើរសុំអោយមានការដោះស្រាយជាគោលនយោបាយមិនថាដោះដូរដីធ្លី ឬក៏ថវិកានោះទេ តែបែរជាគ្មានការដោះស្រាយទាំងអស់ ។ ម្យ៉ាងទៀតនេះជារដូវភ្លៀង និងជារដូវភ្ជុំបិណ្ឌ សូម្បីតែប្រែតនរកក៏គេដោះលេងអោយមានសេរីភាព ចុះហេតុអ្វីពួកគាត់ជាមនុស្សដូចគ្នាមិនអាចលើកលែងបាន ។ បញ្ហាផ្លូវនៅក្រុងប៉ោយប៉ែតមានសំណង់រឹងមាំរបស់អ្នកមានលុយមានអំណាចជាច្រើនបានធ្វើរំលោភបំពាន ដូចជានៅចំនុច ក្បែរគាត់ត្រង់អាងទឹក និងក្លឹមកំសាន្ត X-Star សុទ្ធតែយកដីផ្លូវមកគ្រប់គ្រងយកផលប្រយោជន៍ ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តបន្ទាយមានជ័យលេខ ២៤៧ ចុះថ្ងៃទី០៧ កញ្ញា ២០១៥ របស់ចៅក្រមអនុវត្តន៍ ជួន វណ្ណៈ បានសម្រេចអនុញ្ញាត្តអោយបើកផ្លូវទំហំ២,១៦០ម៉ែត្រក្រឡា មានបណ្តោយ១៨០ម៉ែត្រ មានទទឹង២០ម៉ែត្រ មានព្រំប្រទល់ខាងជើងទល់និងដីឡូលេខ៦៨ ដល់៧៦ ខាងត្បូងទល់និងដីឡូលេខ៧៧ ដល់៨៥ ខាងកើតទល់និងផ្លូវវត្តត្រាច ខាងលិចទល់និងផ្លូវលីហូវ ត្រូវរុះរើចេញនូវសំណង់អាណាធិបតេយ្យទាំងឡាយ ។
គួរបញ្ជាក់ផងដែរថា ទាក់ទងនិងបញ្ហាសំណង់លើដីផ្លូវសាធារណៈរបស់រដ្ឋនេះផងដែរ ពលរដ្ឋតែនាំគ្នាធ្វើការតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ៕