ខេត្ដកំពង់ឆ្នាំង ៖ បុរសម្នាក់បានខូចចិត្តផឹកស្រារាល់ថ្ងៃដោយខូចចិត្តប្រពន្ធបានលែងលះ៦ឆ្នាំមកហើយ ចុងក្រោយនេះបានដេកស្លាប់នៅក្នុងខ្ទមស្រែរបស់ខ្លួនរយះ៤ថ្ងៃ ឡើងហើមស្អុយរលួយទើបម្តាយដើររកឃើញ។ករណីនេះភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង ៦និង១៥នាទីល្ងាច ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០ ១៥ នៅក្នុងភូមិព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ខណៈដែលស្ត្រីជាម្តាយ បាត់កូន៤ថ្ងៃមិនឃើញចេញមកភូមិដូចរាល់ថ្ងៃ និងបានដើររកឃើញកូនដេកស្លាប់នៅក្នុងខ្ទមស្រែឆ្ងាយពីភូមិ។
លោក ទឹម ចន្ឋី អធិការនគរបាលស្រុករលាប្អៀរ បាននិយាយអោយដឹងថា៖ បុរសរងគ្រោះមានឈ្មោះ តិប មឿន អាយុ ៥៥ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិឃុំខាងលើ រូបគេមានប្រពន្ឋនិងកូនចំនួន៧នាក់ រស់នៅក្នុងភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស និងត្រូវបានប្រពន្ធលែងលះចំនួន៦ឆ្នាំមកហើយ ក្រោយមកក៏បានមករស់នៅក្នុងភូមិកំណើតខ្លួនវិញ។ ពេលមករស់នៅក្នុងភូមិកំណើតវិញ សាច់ញាតិក្នុងភូមិបានជួយធ្វើកូនខ្ទមតូចមួយអោយស្នាក់តែម្នាក់ឯងនៅក្នុងស្រែឆ្ងាយពីភូមិ ហើយគេបានខូចចិត្តផឹកស្រារាល់ថ្ងៃមិនដែលខានឡើយ អត់បាយអត់ទឹក ដេកនៅក្នុងខ្ទមស្រែ ២ទៅ៣ថ្ងៃទើបចេញមកភូមិជួបនឹងម្តាយម្តង។
លោកអធិការនគរបាលស្រុករលាប្អៀរបានបន្តអោយដឹងថា៖ ដោយមានការស្ស័យ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ស្ត្រីជាម្តាយ ឈ្មោះ សូ ប៊ុន អាយុ៧២ឆ្នាំ ដែលបាត់កូនប្រុសមិនឃើញមកភូមិ៤ថ្ងៃហើយ ក៏បានដើរទៅរកកូននៅឯខ្ទមស្រែ និងបានតក់ស្លុតយ៉ាងខ្លាំងពេលបានឃើញកូនប្រុសគាត់ដេកស្លាប់ឡើងហើមរលួយដង្កូវចោះទៅហើយ ទើបមានការភ្ញាក់ផ្អើកឡើង។
ករណីនេះសមត្ថកិច្ចនគរបាលជំនាញស្រុករលាប្អៀរបានធ្វើត្រួតពិនិត្យសពបុរសរងគ្រោះ នៅកន្លែងកើតហេតុ ហើយបានធ្វើសន្និដ្ឋានថា៖ ជនរងគ្រោះអាចស្លាប់ដោយសារខ្យល់គរ ព្រោះតែគេបានផឹកស្រារាល់ថ្ងៃដាច់បាយទឹក គឺគ្មានស្លាមស្នាមអ្វីលើខ្លួនពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ ហើយសមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះទៅអោយម្តាយ និងក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យទៀនតាមប្រពៃណីនៅក្នុងមូលដ្ឋាន៕