ខេត្តកំពង់ឆ្នាំង៖មានមនុស្ស៣នាក់បានស្លាប់ និង៨នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏រយៈពេល១ខែនៅក្នុងខេត្តកំពង់ឆ្នាំង ដោយគិតពីថ្ងៃទី ១៦ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ដែលនេះជារបាយការណ៍បូកសារុបរបស់សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្នាននគរបាលខេត្តកំពង់ឆ្នាំង។
លោកវរសេនីយត្រី ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៏ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ នៅក្នុងខេត្តកំពង់ឆ្នាំង រយៈពេល១ខែ កន្លងមកនេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៧ករណី គឺបានកើនឡើងជាងខែចាស់ ៤ករណី ដែលបង្កអោយមនុស្សស្លាប់ចំនួន៣នាក់ រងរបួសចំនួន៨នាក់ ក្នុងនោះធ្ងន់២នាក់ និងស្រាល ៦នាក់ ហើយបង្កអោយខូចខាតរថយន្ត៦គ្រឿង ( ខូចធ្ងន់២គ្រឿង ) ខូចខាតម៉ូតួ៧គ្រឿង ( ធ្ងន់២គ្រឿង )។
ហេតុការណ៍គ្រោះថ្នាក់ខាងលើគឺបានកើតឡើង នៅលើផ្លូវជាតិលេខ៥ ចំនួន៥លើក លើផ្លូវលេខ១៥០ ចំនួន១លើក និងនៅលើផ្លូវ ក្រាលគ្រួសក្រហម១លើក ។ ក្នុងនោះកើតឡើងក្នុងស្រុកសាមគ្គីមានជ័យចំនួន២ករណី ស្រុកកំពង់ត្រឡាច១ករណី ស្រុករលាប្អៀរ៣ករណី និងបរិបូរណ៏១ករណី ។ កត្តានាំអោយមានគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ គឺបានបង្កឡើងដោយការ បើកបរហួសល្បឿនកំណត់២ករ ណី ,បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់៣ករណី , បើកបរក្នុងស្ថានភាពស្រវឹង១ករណី និងបើកបរបត់ឆ្វេងស្តាំមិនប្រយ័ត្ន១ករណី ។
លោកនាយការិយាល័យបានអោយដឹងទៀតថា៖ នៅក្នុងខែនេះដែរ សមត្ថកិច្ចយើងបានធ្វើការអប់រំដល់អ្នកធ្វើដំណើរ អ្នកបើកបរយានយន្តគ្រប់ប្រភេទ តាមរោងចក្រ និងទីប្រជុំជនបានចំនួន១៦លើក ដោយបានចែកខិតប័ណ្ឌអប់រំ ពីការការពារគ្រោះថ្នាក់ចរចរណ៏បានចំនួន៩៤៦សន្លឹក និងបានត្រួតពិនិត្យអប់រំ និងធ្វើការផាកពិន័យលើយានយន្តគ្រប់ប្រភេទដែលបើកបរ ដឹកជញ្ជូន និងប្រើយានយន្តខុសច្បាប់ បានប្រាក់ចំនួន ២២.៦៤០.០០០រៀល ( ម្ភៃពីរលានហុកសិបបួនម៉ឺរៀល ) បង់ចូលថវិកាជាតិ ។
លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សុំសំណូមពរដល់ អ្នកប្រើប្រាស់ដងផ្លូវសាធារណៈទាំងអស់ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍អោយទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ដែលបង្ករអោយមនុស្ស ស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ។ដោយឡែកច្បាប់ចរាចរណ៍ថ្មី ត្រូចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះទៅហើយដោយអ្នកប្រព្រឹត្តខុសច្បាប់ត្រូវធ្វើការផាកពិន័យគុណនឹង៥ដងនៃច្បាប់ចាស់៕