សៀមរាប៖ ឯកឧត្តម រស់ បូរ៉ាត់ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Kamoshida Naoki ទីប្រឹក្សាអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា គឺជាអធិបតីនៃពិធីបិទវគ្គជួសជុលប្រាង្គខាងត្បូង និងបើកការដ្ឋានជួសជុលប្រាង្គខាងជើង កាលពីព្រឹកមិញនេះ។
អ្នកសម្របសម្រួលគម្រោងជួសជុលប្រាសាទតុបខាងលិច លោក ឡាំ សុភក្តិ បានពន្យល់ថា ការជួសជុលប្រាង្គខាងត្បូងបានបញ្ចប់ជាស្ថាពរ ហើយចាប់ពីពេលនេះដល់ឆ្នាំ២០២០ វិទ្យាស្ថានណារ៉ាចាប់ផ្តើមជំហានទី២ ដោយជួសជុលប្រាង្គខាងជើងវិញម្តង។ ក្នុងជំហានទី៣ ចាប់ពីឆ្នាំ២០២០តទៅ នឹងចាប់ផ្តើមជួសជុលតួប្រាង្គកណ្តាល។
ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោកបណ្ឌិត លី វណ្ណា បានរៀបរាប់អំពីបេសកកម្មសំខាន់ៗនៃវិទ្យាស្ថានណារ៉ាថា តាំងពីឆ្នាំ១៩៩៣មក វិទ្យាស្ថាននេះបានចូលរួមបណ្តុះបណ្តាលអ្នកជំនាញ និងសិស្សបុរាណវិទ្យាមួយចំនួនចេញពីមហាវិទ្យាល័យបុរាណវិទ្យា ទៅសិក្សាបន្តនៅប្រទេសជប៉ុន និងចូលរួមស្រាវជ្រាវជាបន្តបន្ទាប់ដូចជានៅប្រាសាទបន្ទាយក្តី ឡតានី និងចូលរួមកសាងសារមន្ទីរឡតានីជាដើម។
សូមបញ្ជាក់ថា ប្រាសាទតុបខាងលិច ត្រូវបានកសាងឡើងក្នុងរវាងសតវត្សទី១០ ដែលមានរចនាប័ទ្មបន្ទាយស្រី។ ប្រាសាទនេះត្រូវបានកសាងឡើងឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ លុះចូលដល់សម័យកណ្តាល (សវទី១៥ឬ១៦) គឺពេលដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ប្រាសាទនេះត្រូវបានគេកសាងប្រាង្គពីរអមសងខាង ព្រមទាំងរានហាលខាងមុខប្រាសាទបន្ថែមទៀត។ រានហាលនេះត្រូវបានរៀបចំជារោងឧបោសថ សម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនាថេរវាទវិទ្យាស្ថានណារ៉ាបញ្ចប់ការជួសជុលប្រាង្គខាងត្បូងនៃប្រាសាទតុបខាងលិច និងបើកការដ្ឋានជួសជុលប្រាង្គខាងជើងបន្តទៀត ៕
ខេង ឧត្តម


































