កំពត៖ ស្ត្រីម្នាក់បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ដោយសារខ្សែភ្លើងឆក់ នៅវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅផ្សារដងទង់ ស្ថិតក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ។បើតាមលោកទូច ដន អធិការនរគបាលស្រុកដងទង់បានអោយដឹងថាៈ ជនរងគ្រោះដោយសារឆក់ខ្សែរមានចំនួនបីនាក់ជាស្ត្រីទាំង៣ទី១-មានឈ្មោះអ៊ុង សារី អាយុ៤៥ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ មុំ លេង អាយុ៥២ឆ្នាំ (របួសធ្ងន់) និងទី៣-ឈ្មោះងយ ចន្ថា អាយុ៣៦ឆ្នាំ (របួសធ្ងន់)។ ជនរងគ្រោះទាំង៣នាក់នេះ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
លោកអធិការបានបន្តទៀតថាៈ ហេតុការណ៍គឺកើតទ្បើងដោយមានខ្យល់បក់ខ្លាំង លាយទ្បំជាមួយទឹកភ្លៀង បណ្ដាលអោយរលំឆ័ត្រមួយដាក់បាំង សម្រាប់លក់ដូរ ត្រូវ ខ្សែភ្លើង នាំឲ្យដាច់ ជាប់នឹងដងដែករបស់ឆ័ត្រ ខណៈពេលឃើញឆ័ត្ររលំនោះជនរងគ្រោះទាំង៣បាននាំគ្នា ទៅជួយលើកឆ័ត្រឡើងវិញ ក៏បណ្តាលឲ្យឆក់ បង្ករជាគ្រោះថ្នាក់ បែបនេះតែម្តងទៅ។
ក្រោយហេតុការណ៍ភ្លាមជនរងគ្រោះ២នាក់ ត្រូវបានគេដឹកនាំយកទៅសង្គ្រោះបន្ទាន់ នៅគ្លីនីកឯកជន ក្នុងស្រុកដងទង់ ចំណែកជនរងគ្រោះ ដែលបានបាត់បង់ជីវិតនោះ ត្រូវបាន ក្រុមគ្រួសារ បាននិងកំពុងចាត់ចែង ធ្វើបុណ្យតាម ប្រពៃណី ៕