ខេត្តកំពង់ឆ្នាំង៖ ការចិញ្ចឹមត្រីឆ្តោរតាមស្រះដែលស៊ីចំណីកូនត្រីគ្រប់ប្រភេទជាអាហារគឺជាបទល្មើស ផ្ទុយនិងលិខិតជូនដំណឹង លេខ៥៩ ៦៧ កសក របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីទប់ស្កាត់និងលុបបំបាត់បទល្មើសខាងលើនេះ ដែលអាជ្ញាធរខេត្ត និងសមត្ថកិច្ចធ្លាប់ធ្វើការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋជាច្រើនលើកមកហើយនោះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចំរុះក្នុងខេត្ត ចុះបង្ក្រាបបទល្មើសចិញ្ចឹមត្រីឆ្តោរ នៅក្នុងភូមិចំនួន៤ របស់ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច បានចំនួន១១ស្រះ និងបានសម្លាប់ត្រីឆ្តោរតូចនិងធំចំនួន ១៥.៨០០ក្បាល។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបានថ្លែងអោយដឹងថា៖សមត្ថកិច្ចចំរុះរបស់ខេត្ត ខាងលើនេះដឹកនាំដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត លោក សន ថាន់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនិតិកម្ម តំណាងឯកឧត្តម អេង ជាសាន ប្រធានរដ្ឋបាលជលផល លោកព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ដោយសហការណ៍ជាមួយ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាលរងស្រុកកំពង់ត្រឡាច អាជ្ញាធរឃុំ និងមន្ត្រីរដ្ឋបាលជលផលសង្កាត់ ផ្នែក និងក្នុងខណ្ឌ័ សរុបរួមមានចំនួន៤០នាក់ ដោយប្រើបាស់កាណូតចំនួន៦គ្រឿង។
លទ្ធផលនៃការបង្ក្រាបគឺបានចុះគៀរត្រីឆ្តោរបានចំនួន១១ស្រះ និងបានសម្លាប់ត្រីឆ្តោរតូចធំសរុបចំនួន ១៥.៨០០ក្បាល ( វិធីសម្លាប់គឺគៀរត្រីឡើងលើគោកយកអំបិលរោយពីលើសម្លាប់ ) នៅក្នុងភូមិ៤ គឺភូមិអំពិលទឹក ភូមិស្ទឹងស្ងួត ភូមិក្អែកពង និងភូមិឱម៉ាល់ ក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។ មូលហេតុសម្លាប់ត្រីមិន
លែងចូលក្នុងទន្លេធម្មជាតិវិញនោះ សមត្ថកិច្ចរដ្ឋបានជលផលបាននិយាយអោយដឹងថា៖ កន្លងមកពេលសមត្ថកិច្ចធ្លាប់បានយកត្រីឆ្តោរនៅក្នុងស្រះទាំងនោះលែងចូលក្នុងទន្លេវិញ គឺត្រីទាំងនោះដែលធ្លាប់ស៊ីចំណីមិនទៅណាឡើយ ហើយត្រូវបានម្ចាស់ត្រីយកចំណីទៅបាចអោយ ហើយនាំគ្នាយកអួនមកគៀរចាប់យកមកចិញ្ចឹមក្នុងស្រះវិញនៅពេលសមត្ថកិច្ចចេញបាត់ ហើយការសម្លាប់ត្រីបែបនេះរួចប្រគល់ត្រី អោយម្ចាស់វិញនោះ គឺជាការព្រមានដល់អ្នកចិញ្ចឹមត្រីឆ្តោរទាំងអស់អោយរាងចាល និងត្រូវតែបញ្ឈប់ការចិញ្ចឹមត្រីឆ្តោរបន្តទៀត។
ដោយឡែកប្រភពពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ អ្នកចិញ្ចឹមត្រីឆ្តោរនៅក្នុងឃុំអំពិលទឹកស្រុកកំពង់ត្រឡាច សរុបមានចំនួន១១៤ស្រះឯណោះក្នុងឆ្នាំនេះ ហើយក្នុង១ឆ្នាំៗអ្នកចិញ្ចឹមត្រីឆ្តោរបាននាំគ្នាប្រើឧបករណ៍របាំងស្បៃមុងរាប់រយរបាំង និងមានប្រវែងរាប់ពាន់ម៉ែត្រក្នុង១របាំងៗ ចាប់កូនត្រីគ្រប់ប្រភេទក្នុង១ឆ្នាំ១ៗរាប់ពាន់តោន យកមកធ្វើចំណីត្រីឆ្តោរ ដែលធ្វើអោយបាត់បង់ធនធានមច្ឆាជាតិយ៉ាងធំធេង។ហេតុនេះអ្នកចិញ្ចឹមត្រីឆ្តោរគួរតែភ្ញាក់រលឹក ចាប់ត្រីទាំងនោះយកទៅលក់ដូរអោយអស់ទៅមុនពេលសមត្ថកិច្ចចំរចុះបង្ក្រាបគៀរយកត្រីសម្លាប់ចោល និងបញ្ឈប់ការចិញ្ចឹមទៀតទៅដែលនាំអោយតែខាតបង់លុយក្នុងគ្រួសារ។
លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍អោយដឹងដែរថា៖ នេះគឺជាលើកទី២ហើយ ដែលសមត្ថកិច្ចចំរុះខេត្ត ចុះបង្ក្រាបការចិញ្ចឹមត្រីឆ្តោរ ដែលនៅលើកទី១ កាលពីថ្ងៃទី១៧ ខែកញ្ញានេះ បានចុះបង្ក្រាបនៅក្នុងឃុំជលសារ ស្រុកជលគីរី បាន៧ស្រះ និងសម្លាប់ត្រីឆ្តោរចំនួន២៥.០០០ក្បាលផងដែរ។
លោកអភិបាលរងខេត្ត បានណែនាំ និងសំណូមពរដល់ប្រជាពលរដ្ឋអោយបញ្ឈប់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់បន្តទៀតទៅ ព្រោះការចុះបង្ក្រាបបែបនេះសមត្ថកិច្ចចំរុះខេត្ត នឹងត្រូវធ្វើជាបន្តទៀតរហូតដល់អស់បទល្មើសនេះ ហើយការបង្ក្រាបលើកក្រោយសមត្ថកិច្ចនិងធ្វើការរឹបអូសយកត្រីឆ្តោរក្នុងស្រះទាំងអស់តែម្តង ដោយមិនប្រគល់ត្រីដែលជាបទល្មើសទាំងនោះអោយម្ចាស់វិញឡើយ៕



































