ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោកនាយឧត្តមសេនីយ៍ខេងសុមេធបាននិយាយថានគបាលចាស់ដែលបានចូលនិវត្តន៍ គឺជាស្ពានសម្រាប់ចម្លងដល់មនុស្សជំនាន់ក្រោយព្រោះថាមន្ត្រីចាស់ៗ ទាំងនោះជាធនធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់សង្គមជាតិ។លោកខេង សុមេធ បានមានប្រសាសន៍ថា នគបាលចាស់ដែលបានចូលនិវត្តន៍ទាំងអស់រយះពេលកន្លងមកបានបូជា សាច់ស្រស់ឈាមស្រស់ទាំង កម្លាំងកាយ កម្លាំងចិត្ត លះបង់អ្វីៗគ្រប់បែបយ៉ាង នៅក្នុងជីវិតការងាររបស់ខ្លួនដើម្បីបំពេញតួនាទីជាមន្ត្រី ហើយបានរួមចំណែកកសាងនូវស្ពានសន្តិភាពចម្លងជោគវាសនាប្រទេសជាតិ ឆ្ពោះទៅដល់ដំណាក់កាលនៃការអភិឌ្ឍន៍។
លោកខេង សុមេធបានបញ្ជាក់ទៀតថានគបាលចាស់ៗដែលបានចូលនិវត្តន៍នេះគឺជាវីរកម្មមិនអាចបំភ្លេចបានឡើយព្រោះថា ពួកគាត់ជាទ្រព្យដ៏មហាសាលសម្រាប់ចម្លងដល់មនុស្សជំនាន់ក្រោយ ដែលបាននិងកំពុងបន្តវេនដើម្បីសង្គមមួយមាននីតិរដ្ឋ នគបាលដែលបានចូលនិវត្តន៍ទាំងអស់នេះ
ជាឪពុក ជាម្តាយ ជាបង ជាពូ ជាមីង មិនត្រូវមើលរំលងឡើង ព្រោះពូកគាត់បាន សាងគុណសម្បត្តិ កសាងសង្គមឲ្យមានការរីកចំរើន ជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផងដែរ។ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់នេះ លោកខេង សុមេធ បាននាំយកថវិកាទៅឧបត្ថម្ភដល់នគបាលដែលបានចូលនិវត្តន៍ជិត៥០នាក់ ម្នាក់ៗ ទទួលបានថវិកាចំនួន៥០ ម៉ឺនរៀល ហើយលោកសន្យាថា នឹងបន្តជួបមុខគ្នាបន្តបន្ទាប់ទៀតនៅពេលក្រោយផងដែរ៕




































