ខេត្តសៀមរាប ៖ កម្លាំងការិយាល័យអន្តោប្រវេសន៍សហការជាមួយកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះស្រាវជ្រាវរុករកជនបរទេសលួច ស្នាក់នៅនិងបំរើការងារខុសច្បាប់នៅតាមបណ្តាទីតាំង រោងសិប្បកម្មឈើនានាក្នុងក្រុងសៀមរាប។
ហេតុការចុះបង្ក្រាបរហូតឈានដល់ធ្វើការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ធ្វើ ឡើងនៅថ្ងៃទី២៣និងថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥ស្ថិតនៅចំនុចក្នុងរោងសិប្បកម្មឈើ និងផ្ទះជួល ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមររាប។
លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន ឱ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើឱ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងនោះ។លោកបន្តថា ជាក់ស្តែងកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែងតែបានចុះធ្វើការត្រួតពិនិត្យការងារចំពោះជនបរទេសដែលរស់នៅក្នុងខេត្តសៀមរាបនិងមកស្នាក់នៅប្រកបរបផ្សេងៗដោយគ្មានលិខិតស្នាមត្រឹមត្រូវ រួចធ្វើការឃាត់ខ្លួន បានជនជាតិវៀតណាម២នាក់បញ្ជូនមកកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។លោកបានបញ្ជាក់ថា ជាជនជាតិវៀតណាម២នាក់នោះមានទី១/ឈ្មោះ ង្វៀង វ៉ាំងតាំ ភេទប្រុសអាយុ៤០ឆ្នាំមុខរបរលាបថ្នាំតាមផ្ទះ ជាជនជាតិវៀតណាម បានចូលមកប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០០៩ តាមច្រកឡុងប៊ិន ហើយ លួចមកស្នាក់នៅក្នុងបន្ទប់ជួល សង្កាត់ស្លក្រាម ក្រុងសៀមរាប រហូតមកដល់ថ្ងៃចាប់ខ្លួនគ្មានលិខិតស្នាមត្រឹមត្រូវ និងទី២/ឈ្មោះ ង្វៀង យ៉ាំងអ៊ុក ភេទប្រុសអាយុ៣២ឆ្នាំមុខរបរជាងធ្វើតុទូ ជាជនជាតិវៀតណាម ចូលមកប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០១២ តាមច្រកក្អមសំណរ មកស្នាក់នៅខេត្តសៀមរាបជួលដីគេធ្វើសិប្បកម្មផលិត តុទូនៅម្តុំក្រោយផ្សារសាមគ្គី ក្នុងសង្កាត់ស្លក្រាម(គ្មានឯកសារសម្គាល់ខ្លួនអ្វីទាំងអស់ ហើយពុំបានជំរឿនជាមួយសមត្ថកិច្ចទេ)។បច្ចុប្បន្នជនជាតិវៀតណាម២នាក់ត្រូវបានកម្លាំងជំនាញ ការិយាល័យនគរបាលអន្តោប្រវេសន៍បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៥ដើម្បីដេញចេញពីស្រុកខ្មែរ៕ ដោយ ខេង ឧត្តម