ខេត្តកំពង់ឆ្នាំង ៖លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង របស់គណបក្សប្រជាជនកម្ពុជាជាសមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុករលាប្អៀរ នៅរសៀលថៃ្ងទី២៦ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលានយោបាយបក្សខេត្តកំពង់ឆ្នាំងបាន
អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត និងនាំយកថវិការបស់សម្តេចចៅហ្វាវាំង គង់ សំអុល ,ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និងលោកឧកញាថៃ សេងឡុង ឧបត្ថម្ភដល់សិស្សប្រលងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ វិទ្យាល័យ២ក្នុងស្រុករលា ប្អៀរចំនួន២៣៥នាក់។
លោក ពេជ សម្បត្តិ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរ បានអោយដឹងថា៖ ចំនួនសិស្សដែលដាក់ពាក្យប្រលងនៅក្នុងស្រុករលាប្អៀរ មានចំនួន៤៨៧នាក់ ស្រី២៧៣នាក់ បានប្រលងជាប់ចំនួន២៣៥នាក់ស្រី១៣២នាក់ ក្នុងនោះមាន និទ្ទេសAចំនួន០ , Bចំនួន០នាក់, Cចំនួន១១នាក់, Dចំនួន៣៥នាក់, និងEចំនួន១៨៩នាក់។
សំណេះសំណាលនៅក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី បានកោតសរសើរ និងអបអរសាទរចំពោះការប្រលងជាប់របស់ក្មួយៗ ហើយលោកជំទាវ បានផ្តាំផ្ញើដល់ក្មួយៗ ជាជ័យលាភីថា ត្រូវចងចាំនូវមហាគុណរបស់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្រៀង និងគុណមាតាបិតាអាណាព្យាបាល ដែលខិតខំចិញ្ចឹមបីបាច់ថែរក្សាក្មួយៗ តាំងពីតូចរហូត ទទួលនូវលទ្ធផល ដ៏ត្រចះត្រចង់ នៅពេលនេះ ។ នៅពេលដែលក្មួយៗ ចូលរៀននៅសកលវិទ្យាល័ក្មួយៗត្រូវបន្តខិតខំថែមទៀតទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីអោយខ្លួនក្លាយទៅធនធានមនុស្ស ដែលជាក្តីសង្ឃឹមក្នុងមុខរបបចិញ្ចឹមជីវិតផ្ទាល់ខ្លួននិងគ្រួសារ ដែលជាទំពាំងដ៏ល្អសំរាប់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិអោយកាន់តែមានការរីកចំរើនទៅថៃ្ងអនាគត។
លោកជំទាវ កែ ច័ន្ទមុនី បានមានប្រសាសន៍បន្តថា៖ក្មួយៗ ត្រូវមានជំនឿ និងគោលដៅអោយ បានច្បាស់លាស់ ហើយត្រូវពឹងលើសមត្ថភាពពិតរបស់ខ្លួន ពីព្រោះថាប្រទេសយើង កំពុងធ្វើសមាហរណកម្មចូលអាស៊ាន ដូច្នេះធនធានមនុស្សយើងនឹង ត្រូវទាមទារនូវសមត្ថភាព និងចំណេះដឹងពិតប្រាកដ សូម ក្មួយៗ មិនត្រូវធ្វើជាគ្រាប់គ្រួស លើជើងពានមាសនោះទេ ប៉ុន្តែត្រូវធ្វើជាគ្រាប់ពេជ្រទោះជាស្ថិត ក្នុងស្ថានភាពណាក៏ដោយ។
នៅចុងបញ្ជប់លោកជំទាវ កែ ច័ន្ទមុនី និងគណអធិបតីបានចែកជូនថវិកាលើកទឹកចិត្តដល់សិស្សប្រលងជាប់ទាំង២៣៥នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀលគ្រប់ៗគ្នា៕



































