បន្ទាយមានជ័យៈ ប្រជាពលរដ្ឋមួយគ្រួសារមានគ្នា៦នាក់ដែលរស់នៅក្នុងភូមិនិងឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យអត់ម្ហូបទៅដកផ្សឹតយកមកស្ងោរហូបបណ្តាលអោយពុល ក្អួតចង្អោររហូតខ្លះដួលសន្លប់ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ជនរងគ្រោះម្នាក់ឈ្មោះឡាច ឈឿន អាយុ ៥៣ ឆ្នាំជាឪពុកក្នុងចំណោមជនរងគ្រោះជាកូននិងប្រពន្ធ5នាក់ទៀតក្រោយការសង្គ្រោះ បន្ទាន់បានអោយដឹងថា នៅវេលាម៉ោង ថ្ងៃ ទី២៦កញ្ញារូបគាត់បាននាំកូនទៅរកជីកទំពាំងនៅគុម្ពឬស្សីក្បែរអូរព្រំដែន ដើម្បីយកមកធ្វើម្ហូប។
ពេលទៅដល់គុម្ពឬស្សីមួយគាត់បានឃើញមានផ្សឹតជាច្រើនបានដុះក្បែរនោះក៏ប្រាប់អោយកូននាំគ្នាដកហើយគាត់ក៏ទៅជីកទំពាំងបាត់។លុះដល់ម៉ោងប្រហែលជាង១១ថ្ងៃត្រង់ក៏ត្រឡប់មកផ្ទះវិញហើយប្រាប់ប្រពន្ធអោយស្ងួរផ្សឹតមុនទៅព្រោះកូនមកពីស៊ីឈ្នួលជម្រះស្មៅគេវាឃ្លានហើយ។បន្ទាប់ពីនាំគ្នាហូបបាយរួចស្រាប់តែគាត់និងកូនៗព្រមទាំងប្រពន្ធនោះមានអាការៈក្អួតចង្អោរខ្លាំងឡើងៗរហូតដល់ខ្លះដួលសន្លប់ទើបអ្នកភូមិដឹកមកមន្ទីរពេទ្យ។
អ្នករងគ្រោះក្នុងហេតុការណ៍នោះមាន១-ឈ្មោះ សូន រិន អាយុ៤៧ឆ្នាំជាម្តាយ មានសភាពធ្ងន់ធ្ងរ ២-ឈ្មោះ ទី ម៉ាត់ ភេទប្រុស អាយុ ២០ឆ្នាំជាកូន (ស្រាល) ៣- ឈឿន តី ភេទស្រី អាយុ ១៦ឆ្នាំ(ធ្ងន់) ៤-ឈ្មោះ ឈឿន គ្រី ភេទស្រី អាយុ ១២ឆ្នាំ (ធ្ងន់) និងទី៥-ឈ្មោះ ឈឿន ណា ភេទ ស្រី អាយុ ១៤ ឆ្នាំ (ធ្ងន់)។
បន្ទាប់ពីបានធ្វើការជួយសង្គ្រោះបន្ទាន់ ដោយយកចិត្តទុកដាក់ពីគ្រូពេទ្យជនរងគ្រោះទាំង៦នាក់ត្រូវបានក្រុមគ្រូពេទ្យអះអាងថា បានរួចផុតពី គ្រោះថ្នាក់ហើយ ដោយជនរង្គ្រោះខ្លះបានងើប និយាយស្តីជាធម្មតាឡើងវិញចំណែកខ្លះទៀតកំពុងបន្តដាក់ថ្នាំនិងតាមដានបន្តទៀត។ តែទោះជាពួកគាត់បានសៈស្បឿយហើយមែនក្រុមគ្រូពេទ្យបានលើកឡើងថាពួកគាត់ពិតជាសំណាងណាស់ដែលបានបញ្ជូនមកដល់មន្ទីរពេទ្យទាន់ពេលវេលា ព្រោះថាពេលមកដល់ពួកគាត់មានអាការៈធ្ងន់ធ្ងរពេកណាស់ទៅហើយ។
ដើម្បីចូលរួមចំណែកជាមួយប្រជាពលរដ្ឋរងគ្រោះខាងលើលោក ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យបានផ្តល់ថវិការ50មឺុនរៀលតាមរយះលោក ហង្ស សីុផា ជំនួយការរបស់និងលោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅមានថវិការ50ដុល្លាផងប្រគល់និងចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះខាងលើដល់មន្ទីរពេទ្កាលពីរសៀលថ្ងៃទី27នេះហើយក៏បានណែនាំសូមអោយប្រយ័ត្នការយកបន្លែព្រៃដែលមិនស្គាល់៕



































