ស្វាយរៀង ៖ លោក អ៊ឹង សុងយូ ជាប្រធាននគរបាលអន្តោប្រវេសន៍ និងជាប្រធានច្រកអន្តរជាតិបាវិត ដែលមានទីតាំងនៅក្នុងខេត្តស្វាយរៀង ជាប់ច្រកព្រំដែនម៉ុកបាយ នៃខេត្តតៃនិញ របស់វៀតណាមដែលជាច្រក សេដ្ឋកិច្ចដ៏មមាញឹកក្នុងការដឹកជញ្ជូន ទំនិញទាំងស្របច្បាប់ និងខុសច្បាប់ ក៏ដូចជាលំហូរចូលភ្ញៀវទេសចរបរទេស ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ ប៉ុន្តែមន្ត្រីតូចតាចបានរអ៊ូរទាំ រឿងដែលលោក អ៊ឹង សុងយូ មិនសូវចូលប៊ុយរ៉ូធ្វើការ ដូចមេកើយមុនៗនោះទេ គឺភាគច្រើនមន្ត្រីធ្វើការងារជាមួយលោក អ៊ឹង សុងយូ តាមរយៈទូរស័ព្ទ។
ក្រោមការគ្រប់គ្រងរបស់លោក អ៊ឹង សុងយូ គេសង្កេតឃើញច្រកអន្តរជាតិបាវិត មានភាពអសកម្មជាច្រើន ដោយសារតែលោក អ៊ឹង សុងយូ សោះ អង្គើយនឹងការងារ ឬបណ្តែតបណ្តោយ ឲ្យមន្ត្រីក្រោមឱវាទគាបជំរិត ប្រជាពលរដ្ឋខ្មែរដែលត្រូវ ទៅព្យាបាលជំងឺ ឬសង្គ្រោះបន្ទាន់នៅវៀតណាម ហើយគ្មានលិខិតឆ្លងដែន ត្រូវបង់លុយក្នុងម្នាក់ចំនួន ២០ដុល្លារអាមេរិក ហើយទាំងទៅទាំងមក ត្រូវបង់លុយចំនួន៤០ដុល្លារ ដោយគ្មានករណីលើកលែង ដោយផ្ទុយពីសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ។
មន្ដ្រីនគរបាល អន្ដោប្រវេសន៍ បរចាំច្រកអន្តរជាតិបាវិត-ម៉ុកបាយ ក៏បានលាតត្រដាងរឿងអាស្រូវពុករលួយ របស់លោក អ៊ឹង សុងយូ ដែលសម្ងំកើបផលប្រយោជន៍ យកទៅធ្វើមានធ្វើបាន តែម្នាក់ឯង មិនគិតគូរពីជីវភាពរស់នៅ របស់មន្ត្រីតូចតាច ហើយការចេញលិខិត វីអាយភី សម្រាប់ផ្ដល់ជូនជនជាតិវៀតណាម លោក អ៊ឹង សុងយូ ដើម្បីមានអាទិភាពចេញចូលឆ្លងដែន ដោយសេរីបែបនេះ គឺជាអំពើពុករលួយ យូយារណាស់មកហើយ មិនទាន់មានការ កែទម្រង់នៅឡើយទេ។ មន្ត្រីតូចតាចបានឲ្យដឹងថា ជនជាតិវៀតណាម ដែលមកបម្រើការងារ តាមកាស៊ីណូនៅក្រុងបាវិត រាប់រយរាប់ពាន់នាក់ បានចូលមកធ្វើការពេលព្រឹក ត្រឡប់ទៅវៀតណាមវិញ ពេលល្ងាចឬយប់ ពួកគេមានអាទិភាពចេញចូល ឆ្លងដែនដោយសេរី ក៏ព្រោះតែជនជាតិ វៀតណាមទាំងនោះ ត្រូវបានលោក អ៊ឹង សុងយូ ចេញលិខិតវីអាយភី មានសុពលភាពយ៉ាងតិចពី ៦ខែទៅ១ឆ្នាំ ។
អំពើពុករលួយបែបនេះ បានកើតមានជាយូរមកហើយ មិនមែនជាគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុង អនុក្រឹត្យលេខ ៦៤អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ នោះទេ។ លោក អ៊ឹង សុងយូ មិនត្រឹមតែពាក់ព័ន្ធ អំពើពុករលួយចេញលិខិត ឱ្យជនជាតិវៀតណាមប៉ុណ្ណោះទេ គាត់រងនូវការរិះ គន់យ៉ាងធ្ងន់ធ្ងរ ពីសមត្ថកិច្ចស្ថាប័នផ្សេងៗ ខណៈដែលគាត់លូកដៃចូល កិច្ចការផ្ទៃក្នុងរបស់ស្ថាប័នផ្សេង តាមតែទំនើងចិត្ត ។
ដូចជានៅក្នុងអនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ នគរបាល អន្ដោប្រវេសន៍ មានតួនាទីត្រួតពិនិត្យ អ្នកធ្វើដំណើរចេញ-ចូលប្រទេស(មនុស្ស និងឯកសារធ្វើដំណើរ) និងសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ប៉ុន្ដែលោក អ៊ឹង សុងយូ បានជ្រៀតជ្រែកចូលការងារ ស្ថាប័នកាំកុងត្រូល, ក្រសួងទេសចរណ៍, នរគបាលទេសចរ, ប្រធានស្នាក់ការច្រក, នគរបាលទំនាក់ទំនងព្រំដែន, គយនិងរដ្ឋាករ, ពេទ្យសត្វ និងពេទ្យមនុស្ស ជាដើម ។
លោក អ៊ឹង សុងយូ ក្នុងតួនាទីជានាយប៉ុស្ដិ៍ នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិបាវិត មានសិទ្ធិគ្រប់គ្រងបារ៉ាស់ផងនោះ គាត់អាចប្រមូលផលប្រយោជន៍ តាមគ្រប់មធ្យោបាយដូចជា អ្នកធ្វើដំណើរចេញ-ចូល ទំនិញគ្រប់ប្រភេទ ទាំងរថយន្ដតូច រថយន្ដធំ ត្រូវតែបង់ប្រាក់ក្បាលឡាន។ គេល្បីជាយូរមកហើយថា លោក អ៊ឹង សុងយូ បានឃុបឃិតឲ្យមានការ ហូរចូលទំនិញគេចពន្ធ និងបិទភ្នែកឲ្យរថយន្ដក្រុង ដឹកអ្នកដំណើរបង្កប់ទំនិញគេចពន្ធ ចូលស្រុកខ្មែរយ៉ាងអនាធិបតេយ្យ។ ចំណូលយ៉ាងច្រើនសន្ថឹកសន្ធាប់ក្នុងមួយខែៗ លោក អ៊ឹង សុងយូ ទុកសម្រាប់ខ្លួនឯង និងផ្គត់ផ្គង់ថ្នាក់លើ ទើបគាត់អាចធ្វើអ្វីៗ បានតាមតែទំនើងចិត្ត មិនដែលមានការដាក់ពិន័យ៕
