ខេត្តសៀមរាប៖ បុរសជាប្តីបានយកទឹកសម្លរកំពុងតែក្តៅមួយឆ្នាំងមកជះទៅលើប្រពន្ធបណ្តាលឲ្យរលាកពេញដងខ្លួន ត្រូវបានកម្លាំងប៉ូលិសស្រុកវ៉ារិន ធ្វើការឃាត់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ស្ត្រីជាប្រពន្ធ ករណីឈ្លោះប្រកែកគ្នាបន្តិចបន្តួច ។ ហេតុការឃាត់ខ្លួនបុរសដែលជាប្តីនេះធ្វើឡើងនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៥ស្ថិតនៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
អធិការនគរបាលស្រុកវ៉ារិនលោកវរសេនីយទោ ណុប សារ៉ាក់ បានប្រាប់នៅរសៀលថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៥នេះថា ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ មានឈ្មោះ ស្រឿន ឃាត អាយុ៣៩ឆ្នាំ ករណីឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយប្តីរូបនេះបានយកសម្លរកំពុងតែក្តៅមកជះលើប្រពន្ធបណ្តាលឲ្យរលាកចំ.ក និងដងខ្លួន ទើបកម្លាំងនគរបាលស្រុកវ៉ារិន បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាប្តីមានឈ្មោះ វ៉ិត ហឿត អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។លោកបន្តថា តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ខែកញ្ញានេះ ជនសង្ស័យជាប្តីឈ្មោះវ៉ិត ហឿតបានធ្វើសកម្មភាពវាយប្រពន្ធកូន បន្ទាប់មកជនសង្ស័យក៏បានយកសម្លកំពុងតែក្តៅដាក់ចានយកមកចាក់ស្រោចលើជនរងគ្រោះជាប្រពន្ធបណ្តាលឲ្យរងរបួសលើស្មានិងកញ្ចឹងកខាងស្តាំចំនួន១កន្លែង ទើបបុរស
ជាបងប្រុសរបស់ស្ត្រីរងគ្រោះឈ្មោះ សឿន ម៉ៅ បានជួយសង្គ្រោះនិងនាំទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
មន្ត្រីនគរបាល បានឲ្យដឹងថា តាមចម្លើយសារភាព បុរសជាប្តីបានរៀបរាប់ប្រាប់នៅមុខសមត្ថកិច្ចថា រូបគាត់ពិតជាវាយដំនិងបានយកសម្លរមកជះលើប្រពន្ធរបស់ខ្លួនពិតមែន ដោយសាររូបគាត់ ខឹងហៅប្រពន្ធមកហូបបាយតែប្រពន្ធមិនមកហូបបាយជាមួយ ទើបគាត់ខឹងវាយតែម្តង។
មន្ត្រីនគរបាលបន្តថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុក វ៉ារិន កសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តនៅព្រឹកថ្ងៃទី២៩ខែកញ្ញានេះ ដើម្បីចាត់ការបន្តតាមច្បាប់ ដោយចោទពីបទ ប្រើអំពើហឹង្សាដោយចេតនា ៕ ដោយខេង ឧត្តម