ខេត្តកំពង់ឆ្នាំង៖ លោក ហាក់ សុភួន ជាអ្នកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិបារាំង បាននិយាយអោយអ្នកយកព័ត៌មានយើងដឹង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នេះថា៖ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាដែលមានជម្ងឺភ្នែកគ្រប់ប្រភេទ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិបារាំងឈ្មោះ « អង្គការដើម្បីភ្នែកពិភពលោក » បានកំណត់ចុះបេសកកម្មមនុស្សធម៌ ជួយព្យាបាលភ្នែក បកភ្នែក វះកាត់ភ្នែក នៅលើកប៉ាល់ ( ព្រោះអង្គការគ្មានរថយន្តសំរាប់ដាក់សម្ភារៈវះកាត់ និងព្យាលជម្ងឺភ្នែកនៅតាមផ្លូវគោកឡើយ ) នៅចំ ណុចភូមិកំពង់ប្រសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយះពេល១២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ
២០១៥ដោយឥតគិតថ្លៃ ( តែសុំវិភាគទានទៅលើថ្លៃវ៉ែនតា១ ចំនួន៥ពាន់រៀល ) គិតមកដល់ថ្ងៃទី៣០នេះគឺនៅសល់រយះពេលតែ៨ថ្ងៃទៀតប៉ុណ្ណោះចប់បេសកម្មហើយ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺភ្នែក មកទទួលការព្យាបាលភ្នែកអោយបានរួសរាន់ ព្រោះគ្រូពេទ្យបារាំងសុទ្ធតែមានជំនាញពូកែ មានឧបករណ៍វះកាត់ ពិនិត្យភ្នែក និងព្យាបាលទំនើប និងមានថ្នាំបារាំងពូកែៗ គឺព្យាបាលតែ៣ទៅ៤ថ្ងៃនឹងអាចជាបាន។
លោក ហាក់ សុភួន បានអោយដឹងថា៖ ក្រុមគ្រូពេទ្យស័គ្ម្រចិត្តជនជាតិបារាំងនេះ មានគ្នាចំនួន១០នាក់គឺ វេជ្ជបណ្ឌិតចំនូន៥នាក់ ដែលជាអ្នកជំនាញ ដាក់ថ្នាំសណ្តំ បកភ្នែក វះកាត់ភ្នែក ព្យាបាលភ្នែក និងវាស់ភ្នែកកាត់វ៉ែនតា និងមានគ្រូពេទ្យចំនួន៥នាក់ជួយទៀត ដោយឡែកក៏មានអ្នកបកប្រែជាជនជាតិខ្មែរចំនួន៤នាក់ផងដែរ។ នៅក្នុងការព្យាបាលរយះពេល៥ថ្ងៃកន្លងមកនេះ ក្រុមគ្រូពេទ្យបានទទួលព្យាបាល ជម្ងឺភ្នែកជូនប្រជាពលរដ្ឋបានក្នុង១ថ្ងៃៗពី៤០ទៅ៥០នាក់ គឺ
ព្យាបាលពេញមួយថ្ងៃជាង១០ម៉ោង មិនគិតថ្ងៃសៅរ៍ឬអាទិត្យឡើយ។ចំពោះអ្នកគ្មានជម្ងឺភ្នែក មកសុំទិញវ៉ែនតា គឺអនុញ្ញាតលក់អោយឡើយ។ តាមគំរោងរបស់ក្រុមគ្រួពេទ្យជនជាតិបារាំងស្ម័គ្រចិត្ត អង្គការដើម្បីភ្នែកពិភពលោក គឺមានគំរោង ចុះជួយព្យាបាលជម្ងឺភ្នែកចំនួន២ក្រុម ជូនប្រជាពលរដ្ឋនៅក្នុងស្រុក៣ទៀត នៅក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៥ខាងមុខនេះមាន៖ស្រុកកងមាស ស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម ហេតុនេះសូមបងប្អូននៅស្រុកទាំង៣ខាងលើ រង់ចាំមកទទួលព្យាបាលដោយរីករាយ។ លោក ហាក់ សុភួន បាននិយាយពីការកកើតអង្គការដើម្បីភ្នែកពិភពលោកនេះថា៖ លោកវេជ្ជប ណ្ឌិត លីម ជាប្រធានអង្គការនេះ លោកមានដើមកំណើតខ្មែរ សញ្ជាតិបារាំង រស់នៅក្នុងប្រទេសបារាំង
លោកកើតនៅផ្សារចាស់ក្រុកភ្នំពេញ និងបានភៀសខ្លួនចេញពីប្រទេសកម្ពុជានៅពេលសង្គ្រាមឆ្នាំ១៩៧៥ ទៅរស់នៅរៀនសូត្រនៅប្រទេសបារាំង។ពេលមានជីវភាពធូរធា ដោយមានសេចក្តីនឹករលឹកស្រុកំណើតនិងបងប្អូននៅស្រុកខ្មែរ លោកក៏បានសហការជាមួយមិត្តភ័ក្រ បង្កើតអង្គការនេះឡើងដើម្បីជួយព្យបាលជម្ងឺភ្នែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ដើម្បីបានរួមចំណែកជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕



































