បុរស​ចំណាស់​ជនជាតិ​ញូ​ស៊ែ​រឡែ​ន​ម្នាក់ ត្រូវ​សាលាឧទ្ឋរណ៍ កាត់ទោស​ពី​បទ​រំលោភ​កុមារី កម្ពុជា​៥​នាក់​

​ភ្នំពេញ ៖ បុរស​ជនជាតិ​ញូ​ស៊ែ​រឡែ​ន​វ័យ​៦៧​ឆ្នាំ​ម្នាក់ ត្រូវបាន​សាលាឧទ្ឋរណ៍​កាត់ទោស កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​កុមារី​កម្ពុជា​ចំនួន​៥​នាក់ ក្នុង​ទឹកដី ខេត្តសៀមរាប កាលពី​ឆ្នាំ​២០០៤ ។​


​សវនាការ​នេះ គឺ​សាលាឧទ្ឋរណ៍ ធ្វើឡើង​តាម​ការចង្អុលបង្ហាញរ​បស់​តុលាការ​កំពូល ដែល ផ្តោត​សំខាន់​ទៅលើ​ទណ្ឌកម្ម​របស់​ជនជាប់ចោទ ដោយ​ឲ្យ​ពិចារណា​តាម​ក្រម​ព្រហ្មទណ្ឌ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ចំណែក​អង្គហេតុ​នៃ​បទល្មើស​រំលោភ​សេពសន្ថវៈ បាន​ចូល​ជា ស្ថាពរ ហើយ ។
​លោក​ចៅក្រម ប៉ុល សំអឿន បាន​ថ្លែង​ក្នុង​សវនាការ ថា ជនជាប់ចោទ​មានឈ្មោះ Graham Robert Cleghorn ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប ឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភះ ឆ្នាំ​២០០៤ ផ្តន្ទាទោស​ដាក់​ពន្ឋនាគារ​រយៈពេល​២០​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវៈ តាម​មាត្រា​៥ ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ និង បទ​រក្សា​អាវុធ​ខុសច្បាប់ ។ ប៉ុន្តែ​សាលក្រម​នេះ ត្រូវបាន​ជនជាប់ចោទ​ប្តឹង​ឧទ្ឋរណ៍ ។
​    ​ក្រោយមក​សាលាឧទ្ឋរណ៍ បាន​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​ខេត្តសៀមរាប ទុកជាបានការ​ដដែល ។ មិន​សុខចិត្ត​នឹង​សេចក្តីសម្រេច​នេះ ជនជាប់ចោទ​បាន​ប្តឹង​សាទុក្ខ ទៅ​តុលាការ​កំពូល បន្តទៀត ។​
​    ​លោក​ចៅក្រម បាន​បន្តថា ក្រោយ​ជំនុំ​ជម្រះ តុលាការ​កំពូល​បានសម្រេច​តម្កល់​អង្គហេតុ នៃ​បទល្មើស​រំលោភ​សេពសន្ថវៈ ទុកជាបានការ​ដដែល ។ ប៉ុន្តែ​បាន​បង្វិល​សំណុំរឿង​នេះ មក​សាលាឧទ្ឋរណ៍ ដើម្បី​ជំនុំជម្រះ​សារជាថ្មី ទៅលើ​ទណ្ឌកម្ម​របស់​ជនជាប់ចោទ ដែល​ត្រូវ អនុវត្ត​តាម​ក្រម​ព្រហ្មទណ្ឌ​ថ្មី វិញ ។
​    ​ក្នុង​សវនាការ​សាលាឧទ្ឋរណ៍ តាមរយៈ​អ្នក​ប្រែ ជនជាប់ចោទ បាន​ទទួលស្គាល់​អង្គហេតុ រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ ដែល​ជា​ឈ្មួល​បម្រើ​របស់គាត់ ។ ប៉ុន្តែ​ជនជាប់ចោទ បាន​សូម​ឲ្យ​សាលាឧទ្ឋរណ៍ ដោះលែង​គាត់​ឲ្យមាន​សេរីភាព​ឡើងវិញ ដោយសារតែ​គាត់​មាន អាយុ​ចាស់​ណាស់​ហើយ និង មាន​ជម្ងឺ​ប្រចាំកាយ​ទៀតផង ។ ជនជាប់ចោទ​និយាយ​ថា “ គាត់​សុំ ស្លាប់​នៅ​ស្រុកកំណើត​របស់​ខ្លួន គឺ​មិន​ចង់​ស្លាប់​នៅ​ប្រទេស​ដទៃ នោះទេ ” ។
​    ​ចំណែក​លោក ឌុ​ន វិបុល មេធាវី​ការពារ​ក្តី​ជនជាប់ចោទ បាន​សូម​ឲ្យ​សាលាឧទ្ឋរណ៍ អនុវត្ត​ក្រមព្រហ្មទណ្ឌ​មាត្រា​១០ ដែល​ផ្តន្ទាទោស​មាន​កម្រិត​ស្រាល​ជាង ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ និង សូម​ឲ្យ​ប​ន្ឋូ​រ​បន្ថយទោស តាម​មាត្រា ៩៣,៩៤ នៃ​ក្រម​ព្រហ្មទណ្ឌ ។​
​    ​ទោះបីយ៉ាងណា ក្រោយ​ការសួរដេញដោល សាលាឧទ្ឋរណ៍​បាន​លើក​ពេល​ប្រកាស សាលដីកា ទៅ​ថ្ងៃ​ទៅ​៧ ខែ​ឧសភា ខាងមុខ​នេះ​វិញ ៕

photo