កំពង់ធំៈ តុលាការខេត្តកំពង់ធំ សម្រេចចេញដីការក្សាការពារ តាមព្រះរាជក្រមលេខ នស/រកម/0706/021 សំណុំរឿងលេខ ១៣ជ.រ.ក ២០១៥ យោងតាមពាក្យបណ្តឹងរបស់ អ្នកស្រី សន ស៊ុនណារី ភេទ ស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិ ខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចោទប្រកាន់ថា លោក អ៊ឹង ម៉េងលី ភេទ ប្រុសអាយុ ៥៥ឆ្នាំ មានមុខរបរ ជាឌឺបេជើងគោកប្រចាំខេត្តកំពង់ធំ រស់នៅភូមិ បល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានភូតភរកុហកបោកប្រាស់ ខណៈពេលដែលមកសុំខ្ចីលុយចំនួន ៨៩១០០ដុល្លា ហើយបានប្រើ ល្បិចកលគេចវេស មិនព្រមសងប្រាក់តាមកិច្ចសន្យា ទោះជាតុលាការ ចៅក្រម ឈ្មោះ ឃន សុកល បង្គាប់ឲ្យសង់ លុយ៨៩១០០ដុល្លា និងសងការប្រាក់១៨ភាគរយ ក្នុងមួយឆ្នាំ សងសាហ៊ុយផ្សេងៗ១ម៉ឺនដុល្លានិងប្រាក់ប្រថាប់ក្តី តែលោក អ៊ឹង ម៉េងលី ពុំព្រមអនុវត្តតាមកិច្ចព្រៀងនោះទេ ។ យោងតាមឯកសារកិច្ចសន្យាខ្ចីប្រាក់បានធ្វើឡើង កាលពីថ្ងៃទី ១៥ ខែ មិនា ឆ្នាំ២០១៤ គឺលោក អ៊ឹង ម៉េងលី បានសុំខ្ចី ប្រាក់លោកស្រី សន ស៊ុនណារី ចំនួន ៨៩១០០ដុល្លា ហើយបានសន្យាប្រគល់ប្រាក់គ្រប់ចំនួន នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៤ ដោយមានមេធាវី ឈ្មោះ ចុង អៀវហេង ជាអ្នកទទួលដឹងលឺ ចំណែកលោក អ៊ឹង ម៉េងលីបានធានាថានិង ទទួលខុសត្រូវចំពោះមុខច្បាប់ តែរហូតមកដល់ពេលនេះ ម្ចាស់បំណុលបានប្តឹងទៅតុលការខេត្តកំពង់ធំ ដើម្បីទាមទារ សំណងមកវិញ តែលោក អ៊ឹង ម៉េងលី ជាយោធាឌឺបេខេត្តកំពង់ធំ បែរជាបំភ្លេចកិច្ចសន្យា ទើបតុលាការសម្រេចចេញ ដីការរក្សាការពារ មិនឲ្យលោក អ៊ឹង ម៉េងលី យកដី និងផ្ទះ ទៅលក់ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ឬ ធ្វើអំណោយទានទៅ អ្នក ដ៏ទៃ ដីនិងផ្ទះនៅភូមិ បល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៥។ លោកស្រី សន ស៊ុនណារី ដែលជាដើមបណ្តឹងបានបង្ហាញឯកសារស្តីពីដើមចម ដែលបណ្តាលឲ្យមានជំនឿទុកចិត្ត ព្រមទាំងបានឲ្យខ្ចីលុយ គឺលោក អ៊ឹង ម៉េងលី មានឋានៈជាឌឺបេជើងគោកប្រចាំខេត្តកំពង់ធំ និងលោក ស៊ូ ម៉ាលី លោក ម៉ាង ថាត បាននាំគ្នាមកខ្ចីលុយពីលោកស្រី សន ស៊ុនណារី អ្នកស្រី ថេង សុខឃី និងលោក កុយ វុទ្ធី ដោយបានអះអាងថា ខ្ចីលុយរត់ការក្នុងការវាស់វែងដីធ្លី ឲ្យបានដីស្របច្បាប់និងចេញអនុក្រិត្យ ទំហំដី២១០ហិចតា ហើយនិងប្រគល់ដីនេះ ឲ្យទៅម្ចាស់ដី តែបើថ្ងៃក្រោយកែប្រែនឹងសង់លុយ និងគិតការប្រាក់ជូនម្ចាស់លុយវិញ តែបើមិនបានអនុវត្តតាមទេ ខ្លួនសុខចិត្តទទួលខុសត្រូវថាអំពើរបស់ខ្លួនជាអំពើឆបោក និងទទួលខុសត្រូវចំពោះច្បាប់ព្រហ្មទណ្ទ ។ លោកស្រី សន ស៊ុនណារី ដែលជាម្ចាស់ពាក្យបណ្តឹង បានឲ្យដឹងថា ចាប់តាំងពីធ្វើកិច្ចសន្យា រហូតប្តឹងទៅតុលាការ ក៏ លោក អ៊ឹង ម៉េងលី នៅតែពន្យាពេលរហូត ពុំព្រមសងលុយតាមការបង្គាប់របស់តុលាការ មិនតែប៉ុណ្ណោះលោកអ៊ឹង ម៉េងលី ដែលបានធានាថារត់ការដីនោះមិនបានសម្រេច ហើយក៏ផ្លាស់ទៅរត់ការដីនៅ ចំនុចព្រះអាទិត្យ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសម្រេចហើយ ក៏មិនព្រមប្រគល់ដីឲ្យពួកគាត់តាមកិច្ចសន្យា បែរជាយកដីដែលរត់ការបាន ទៅលក់ឲ្យឈ្នួញនិងទៅវិញ ចំណែកប្រជាពលរដ្ឋមួយចំនួន ដែលលោក អ៊ឹង ម៉េងលី ដែលធ្លាប់សន្យាថាយកដីមក ចែកជូនប្រជាពលរដ្ឋក្រីក្រមិនបានឲ្យប្រជាពលរដ្ឋដែរ ទើបមានការក្តៅក្រហាយកើតទុក្ខមិនសុខចិត្ត ប្តឹងទាមទារសំណងនិងជំងឺចិត្តមកវិញ ។ ដោយ ប៊ុន រដ្ឋា



































