ខេត្តសៀមរាប៖កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តសហការជាមួយមន្ទីរសុខាភិបាលបានចុះទៅពិនិត្យទីតាំងលក់ឱសថបុរាណចិនមួយកន្លែងដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ បន្ទាប់ពីមានពលរដ្ឋម្នាក់បានស្លាប់នៅស្រុកជីក្រែងដោយប្រើឱសថប្រភេទនេះ។ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
លោកវរៈសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបានមានប្រសាសន៍ប្រាប់ថា ប្រតិបត្តិការបង្ក្រាបនេះគឺទទួលបានបទបញ្ជាពីតំណាងអយ្យការនិងមានការសហការរវាងប៉ូលិសសេដ្ឋកិច្ចនិងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ទើបបានចុះទៅត្រួតពិនិត្យជាក់ស្តែងនៅទីតាំងឱសថ បុរាណចិនយីហោយ៉ុងហឹងនិងឈានទៅដល់ការនាំខ្លួនបុគ្គលិកម្នាក់ឈ្មោះ វ៉ែនចន្ត្រាភេទស្រីអាយុ២៤ឆ្នាំ យកទៅសួនាំនៅស្នងការខេត្តសៀមរាប បន្ទាប់ពីម្ចាស់ទីតាំងនៅក្រៅប្រទេស។លោកបន្តថាជាលទ្ធផលយើងរកឃើញមានឱសថចំនួនមួយប្រភេទដែលមានយីហោ យ៉ុងហឹង ដែលមាន២ប្រភេទគឺដបតូចនិងដបធំ លោកបន្តថាចំពោះថ្នាំដបធំឃើញមានច្បាប់តែសម្រាប់ដបតូចគឺមិនមានច្បាប់នោះទេ ដោយបុគ្គលិកនិយាយថានៅភ្នំពេញ ។លោកបន្ថែមថា ទីតាំងខាងលើនេះត្រូវបានបិទបណ្តោះអាសន្នសិនដរាបណាម្ចាស់ទីតាំងមានច្បាប់ត្រឹមត្រូវនឹងត្រូវអនុញ្ញាតឲ្យបើកវិញ។លោកបញ្ជាក់ថា កាលពីម្សិលមិញ លោកបានចុះ ទៅមើលអ្នកជម្ងឺម្នាក់ដែលបានស្លាប់នៅស្រុក ជីក្រែងដោយប្រើ ឱសថនេះ ទើបបណ្តាលឲ្យយើងឈានមកពិនិត្យដល់ទីតាំងតែម្តង ប៉ុន្តែក្រុមគ្រួសារសពមិនបានប្តឹងនោះទេ។លោកបញ្ជាក់ទៀតថា ឮថាមានការផ្សាយពាណិជ្ជកម្មថា ឱសថនេះ អាចព្យាបាលជម្ងឺបាន១០០មុខ ក្នុង១ដបតូចលក់តម្លៃ២៤ដុល្លារ និងដបធំតម្លៃ៩៥ដុល្លារ។ចំណែក លោក អ៊ឹងថាណាវុឌ្ឍបុគ្គលិកជំនាញខាងឱសថនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងដែរថាចំពោះទីតាំងខាងលើនេះគឺគ្មានច្បាប់ត្រឹមត្រូវនោះទេ ហើយបើរឿងផ្សាយថាជាសះជម្ងឺ១០០មុខនោះគឺមិនអាចថាបាននោះទេពីព្រោះទំនងជាសះជម្ងឺ១មុខ តែជម្ងឺផ្សេងទៀតពិតជាមិនអាចឡើយ។លោកបន្តថា ថ្នាំពេទ្យត្រូវបានចម្រេញ់ចេញមកគឺឲ្យត្រូវតែ១មុខ ប៉ុណ្ណោះតែថ្នាំគេថាត្រូវ១០០មុខលោកដូចជាមិនជឿនោះទេ។
ទាក់ទិនទៅនឹងករណីនេះដែរលោក ក្រួសារ៉ាត់ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៣០នេះថារឿងឱសថបុរាណនេះប្រហែលជាអត់ស្រួលប៉ុន្មានទេបើសិនវាជារឿងខុសច្បាប់។លោកបន្តថារឿងផ្សាយថាព្យាបាលជម្ងឺ១០០មុខនោះ ប្រសិនបើផ្សាយខុសច្បាប់គឺចាប់រឿងអនុវត្តន៍ច្បាប់ហើយ មិនអាចលើកលែងបានទេ។
ពលរដ្ឋនៅក្នុងខេត្តសៀមរាបបានសាទរទៅនឹងចំណាត់ការរបស់សមត្ថកិច្ចជំនាញ ព្រោះថាបច្ចុប្បន្ននេះមានជន ឆ្លៀតឱកាសមួយចំនួនធំ បានដើរផ្សព្វផ្សាយឲ្យពលរដ្ឋទិញថ្នាំរបស់ពួកគេដោយអួតអាងថាជាសះជម្ងឺ១០០មុខ ដែលទង្វើទាំងនេះអាចធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋដែលមិនសូវយល់ដឹងពីបញ្ហានេះ។ពលរដ្ឋស្នើឲ្យសមត្ថកិច្ចមានវិធានការក្តៅបន្តទៀត និង ចាត់ការជនដែលប្រព្រឹត្តខុសច្បាប់ឲ្យបានធ្ងន់ធ្ងរ៕ ខេង ឧត្តម