ខេត្តសៀមរាប ៖ មន្ត្រីតុលាការខេត្តសៀមរាបបានបង្ហើបប្រាប់ថាអតីតនិស្សិតនៅ សាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នេះ បន្ទាប់ពីជនសង្ស័យបានសរសេរនៅក្នុងaccount facebookរបស់ខ្លួនថា ចាំសម្ដេចមកនាំគ្នាបោកគ្រាប់បែកឲ្យងាប់ទាំងអស់គ្នាតែម្ដង។
នៅរសៀលថ្ងៃនេះអតីតនិស្សិតនៅសាកលវិទ្យាល័យរូបនោះត្រូវបាន ឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារហើយ តែមិនទាន់ដឹងពីបទចោទប្រកាន់នៅឡើយទេ។
លោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត សៀមរាប បានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅម៉ោង១២ ថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីទទួលព័ត៌មានពីសាលា អំពីការ គំរាមតាម comment ថានឹងសម្លាប់សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលសញ្ញាប័ត្រ។ លោកបន្តថា ជននេះមានឈ្មោះតៅ សារឿន អាយុ២៦ឆ្នាំរស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ លោកបន្តថា ទោះបីជាយ៉ាងណាការចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៌អេយសៀនេះ បានប្រព្រឹត្តទៅដោយរលួន គ្មានឲ្យនិស្សិតណាម្នាក់មានបញ្ហាអ្វីនោះទេ។
តាមប្រភពនៅក្នុងសាលាបានឲ្យដឹងថា ថ្ងៃទី២៦ ខែកញ្ញានោះដោយសារការទទួលព័ត៌មានពីការពន្យារពេលពីសម្តេច ក្រឡាហោមស ខេង ទើបបានធ្វើឲ្យអតីតនិស្សិត រៀននៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀ មិនសប្បាយចិត្តយ៉ាងខ្លាំងហើយបានcommentគំរាមបោកគ្រាប់បែក សម្លាប់សម្តេច ស ខេង តែម្តងដោយបានសរសេរថា(ចាំសម្តេចមកដល់នាំគ្នាដាក់គ្រាប់បែក ឲ្យងាប់ទាំងអស់គ្នាតែម្តង)។ ប៉ុន្តែទោះបីជាយ៉ាងណាការចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀ បានប្រព្រឹត្តទៅធម្មតាគ្មានបញ្ហាអ្វីនោះទេ។
ជុំវិញករណីនេះដែរគេនៅទន្ទឹងរង់ចាំមើលថាតើច្បាប់ដែលមានចែង មកនេះអាចដាក់ទោសទណ្ឌទៅលើអតីតនិស្សិតរូបនេះបានយ៉ាងណានោះ៕ ខេង ឧត្តម