ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានលង់ត្រឹមជង្គង់ស្លាប់ ដែលសមត្ថកិច្ចបានសង្ស័យថា ដោយសារខ្យល់គរ ខណៈពេលទៅដកក្រអៅឈូកនៅក្នុងត្រពាំងពេលផឹកស្រវឹង។ ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រីជើង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុកជលគិរីបានអោយដឹងថា៖ បុរសរងគ្រោះមានឈ្មោះ ជីម ចក់ អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ នៅមុនពេលកើតហេតុជនរងគ្រោះនិងកូនប្រុសម្នាក់ អាយុ១២ឆ្នាំ បាននាំគ្នាទៅដកក្រអៅឈូកនៅក្នុងត្រពាំងស្រងែខ្ពស់ ដែលមានទឹកត្រឹមជង្គង់ ហើយកូនបានចុះទៅដកឆ្ងាយពីកន្លែងឪពុកដក។
នៅពេលកូនកំពុងដកក្រអៅឈូកបានជាងកន្លះម៉ោង ក្រឡេកទៅរកឪពុកមិនឃើញ កូនប្រុសបានដើរមករកដល់កន្លែងឪពុកដកក្រអៅឈូកក៍ឃើញឪពុកបានដួលផ្កាប់មុខឈ្លក់ទឹកស្លាប់បាត់ទៅហើយ ហើយបានហៅអ្នកភូមិអោយជួយ និងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីធ្វើការពិនិត្យសាកសព ។
ក្រោយពីនិត្យសពជនរងគ្រោះរួចមក សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះអាចខ្យល់គរដួលចូលក្នុងទឹកឈ្លក់ស្លាប់តែម្តង ព្រោះនៅលើសពពុំមានស្លាកស្នាមអ្វីគួរអៅយសង្ស៍យឡើយ។ បើតាមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះបានអោយដឹងថា បុរសរងគ្រោះនេះជាមនុស្សដែលញៀនស្រាខ្លាំងណាស់ ហើយមុននឹងទៅដកក្រអៅឈូកគឺគេបានផឹកឡើងស្រវឹងទៅហើយ។ សមត្ថកិច្ចបានសពជនរងគ្រោះជូនក្រុមគ្រូសារយកទៅធ្វើបុណ្យទានតាមប្រពៃណីនៅក្នុងមូលដ្ឋាន៕



































