ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១តុលាឆ្នាំ២០១៥នេះនារីមួយក្រុមដែលមានសម្ផស្សដ៏ស្រស់សោភាដែលបានដើរផ្សព្វផ្សាយពាណិជ្ជកម្មបារីនៅតាមហាងកាហ្វេនិងផ្លូវសាធារណៈបានអះអាងថាមកដល់ពេលនេះអត្រានៃអ្នកជក់បារីមានការថយចុះយ៉ាងខ្លាំងដោយសារតែពួកគាត់ទាំងនោះមានការយល់ដឹងច្រើនពីផលប៉ះពាល់នៃការជក់បារី ។ក្រុមនារីអ្នកផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនថ្នាំជក់បានលើកឡើងថាកាលពី៥ឆ្នាំមុនកំណើននៃអ្នកជក់បារីមានការរីកដុះដាលពោលគឺនៅក្នុងរង្វង់តុកាហេ្វនិងតាមផ្លូវសធារណៈម្នាក់ៗជក់បារីបង្អួតគ្នា អ្នកខ្លះនិយាយថាមួយថ្ងៃគាត់ជក់បារីអស់២កញ្ចប់ ចំណែកអ្នកខ្លះទៀតអួតថាជក់តែបារីណាថ្លៃៗជាដើម ។ក្រុមនារីនោះបានបន្តថា ប៉ុន្តែមួយរយៈចុងក្រោយនេះក្រុមអ្នកជក់ ឬញៀនបារីទាំងនោះហាក់ឈប់ជក់ថយចុះអស់ស្ទើរជាងពាក់កណ្តាលទៅហើយ ជាក់ស្តែងរាល់ពេលដែលពួកនាងដើរផ្សព្វផ្សាយបារីចូលក្នុងរង្វង់តុបាយកាហ្វេ ឬគុយទាវ បែរជាមិនសូវមានអ្នកចាប់អារម្មណ៏នឹងបារីនោះទេ ហើយម្នាក់ៗនាំគ្នានិយាយថាឥឡូវសល់លុយច្រើនជាងមុនសម្រាប់ទុកក្នុងហោប៉ៅ ក្រោយពេលលះបង់ការជក់បារី ជាងនេះទៅទៀតអ្នកដែលញៀនបារីទាំងនោះបានលើកឡើង និងសម្តែងអារម្មណ៏ស្អប់ផ្សែងបារីទៀតផង ។
នារីម្នាក់ក្នុងចំណោមអ្នកផ្សព្វផ្សាយបារីទាំងនោះបានប្រាប់ថា សព្វថ្ងៃនេះអត្រានៃអ្នកទទួលទានបារីនៅទូទាំងខេត្តក្រុង និងរាជធានីបានធ្លាក់ចុះយ៉ាងខ្លាំង ហើយបញ្ហាដែលនាំឲ្យមានការថយចុះនៃអ្នកទទួលទានបារីនេះអាចបណ្តាលមកពីក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលហាមឃាត់ការផ្សព្វផ្សាយថ្នាំជក់នៅតាមកញ្ចក់ទូរទស្សន៏ផងក៏ថាបាន ហើយថ្មីៗនេះរាជរដ្ឋាភិបាលបានចេញបំរាមមិនអនុញ្ញាតឲ្យមានការដាក់តាំងផ្ទាំងប៉ាណូនូវរូបភាពបារីដូចជាពេលមុនៗនោះទេ ។ម្យ៉ាងវិញទៀតដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងអំពីគុណវិបត្តិនៃការទទួលទានថ្នាំជក់ ដូច្នេះហើយទើបអត្រានៃការពិសារបារីមានការថយចុះបែបនេះ ហើយបើយើងគិតជាភាគរយវិញ ចំនួនអ្នកទទួលទានបារីនៅសល់ត្រឹមតែ៤០ភាគរយតែប៉ុណ្ណោះនេះសម្រាប់អ្នកនៅក្នុងទីប្រជុំជន ចំណែកប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាលវិញហាក់មិនទាន់ចុះថយនៅឡើយទេ គឺចំនួនអ្នកទទួលទានបារី ឬថ្នាំជក់នៅតែមានកំណើនខ្ពស់ដដែរ។នារីរូបនោះបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលនៅតាមទីប្រជុំជនងាយនឹងលះបង់បារីជាងប្រជាពលរដ្ឋដែលរស់នៅតាមស្រុកស្រែចំការ ៕



































