កំពង់ធំ ៖ ឆ្កេះសមត្ថកិច្ចឲ្យភ្ញាក់បន្ទាប់ពីសម្រាន្តលង់លក់មកជាយូរ ថែមទាំងជាប់ត្រគៀគ ងាកមិនរួចព្រងើយកន្តើយនិងតួនាទី បណ្តែតបណ្តោយឲ្យមានការ ដឹកជញ្ជូនឈើតាមរយះរថយន្ត ជារៀងរាល់ថ្ងៃ ទោះជាមានការសុំជួយអន្តរាគមន៍ ក៏មេព្រៃនាំគ្នាបិទទូរស័ព្ទ ។
លោក សាយ ណូរា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងតែធ្វើសកម្មភាព ដឹកជញ្ជូនដោយខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានស្ទាក់ចាប់បាននៅយប់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ នៅវេលាម៉ោង ១១.៣០នាទី ត្រង់ចំនុចភូមិកំពង់សំរោង សង្កាត់ស្រយូវ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ ក្រោមកិច្ចសហការ ជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោង និងលោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន និងកងរាជអាវុធហត្ថខេត្ត ។
បន្ទាប់ពីសមត្ថកិច្ចបានឃាត់រថយន្តដឹកបទល្មើសរួចមក ក៏បានបញ្ជូនមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីធ្វើការវាស់វែង នៅពេលព្រឹក ដែលមានចំនួនឈើសរុប ២៦ដុំ ស្មើរនឹង ២.៦ ម៉ែត្រគូប ដែលជាប្រភេទ ឈើប្រណិត នាងនួន និងឈើធ្នង់ ចំណែកម្ចាស់រថយន្តមានគ្នា៤នាក់ ស្រី ១ម្នាក់ ក្នុងនោះត្រូវបានគេស្គាល់ ឈ្មោះ រ៉ា ភេទ ស្រី ជាម្ចាស់ឈើ រស់ភូមិ ស្វាយប៉ាត ស្រុករវៀង ខេត្តព្រះវិហារ បានគេចខ្លួនទាំង៤នាក់មុនពេលព្រះរាជអាជ្ញាទៅដល់ ។
ក្នុងនោះដែរចែ រ៉ា ដែលជាម្ចាស់ឈើបានឲ្យដឹងផងដែរថា មុនពេលឈានចូលដល់ ទឹកដីខេត្តកំពង់ធំ គាត់ បានទូរស័ព្ទសុំផ្លូវ ថែមទាំងបង់លុយ ឲ្យគ្រប់ស្ថាប័នអស់ហើយ ចំនួនដែលបង់អស់លុយរាប់ពាន់ដុល្លា ថែមទាំង ថែមទាំងចាត់ឲ្យកងរាជអាវុធហត្ថខេត្តម្នាក់ជាអ្នករត់ការ មើលផ្លូវតែនៅពេលមានរឿងបែរជាមិនទទួលខុសត្រូវទៅវិញ ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ បានអគុណចំពោះកម្លាំងសមត្ថកិច្ច ដែលបានចូលរួម សហការបង្ក្រាបបទល្មើស ដើម្បីទប់ស្កាត់ការ ដឹកជញ្ជូនដោយគ្មានច្បាប់ លោកបានបញ្ជាក់ថា លោករីករាយ ចំពោះការផ្តល់ពត៌មាន និងកិច្ចសហការ គ្រប់បទល្មើសដែលមានជំនាញទាំងអស់ ដើម្បីទប់ស្កាត់ និងបង្ក្រាបមិនថាយប់ឬថ្ងៃ បើសមត្ថកិច្ចមិនបានដេក ក៏លោកមិនដេកដូចគ្នា។
ក្នុងនោះដែរក៏មានប្រភពរិះគន់យ៉ាងចាស់ដៃទៅលើសមត្ថកិច្ចជំនាញ នៅតាមបណ្តាសង្កាត់ និងផ្នែកនៅ ពេលដែលទូរស័ព្ទសុំអន្តរាគមន៍ម្តងៗ វាពិបាកជាជាងសុំអន្តរាគមន៍ដល់រដ្ឋមន្ត្រីទៅទៀត ដោយសារតែនៅ ពេលដែលមានបទល្មើសដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ធំ លោកបិទទូរស័ព្ទ ឬមិនលើកទូរស័ព្ទ សង្កាត់ខ្លះលោកលើកទូរស័ព្ទហើយបែរជាមិនមានសកម្មភាព ត្រួតពិនិត្យ ផ្នែកខ្លះ ខណ្ទខ្លះ ឃើញទូរស័ព្ទសុំអន្តរាគមន៍បែរជាមិនលើកទូស័ព្ទ ទង្វើទាំងនេះ មិនខុសពីមានចេតនា បើកភ្លើងខៀវបើកផ្លូវឲ្យឈ្មួញដឹកជញ្ជូននោះទេ តែភាគច្រើននៅពេលដែលបទល្មើសដឹកចេញផុតទឹកដីរបស់គាត់ ទើបគាត់ខលមកវិញ ដោយមាន ការដោះស្រាយ១០០ហេតុផល។