​ម្នាក់​របួស​ធ្ងន់ធ្ងរ​បែកក្បាល​និង​ម្នាក់ទៀត​របួសស្រាល​ក្នុង​ ​ហេតុការណ៍​ម៉ូតូ​បុក​ម៉ូតូ​ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព​

0

​ព្រះវិហារ​ ​បុរស​ម្នាក់​រងរបួស​ធ្ងន់​បែកក្បាល​ហូរឈាម​ជោក​ថ្នល់​និង​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​បុក​នឹង​ម៉ូតូ​ស្ថិតនៅ​កណ្តាល​ក្រុង​ព្រះវិហារ​ត្រង់​ផ្លូវបែក​ជា​បួន​កាលពី​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល​ថ្ងៃទី​០៥​តុលា​២០១៥,​នេះ​បើតាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​។​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​បែកក្បាល​ប្រេះ​លលាដ៍​មិនបាន​ពាក់មួក​ការពារ​សុវត្ថិភាព​និង​ម៉ូតូ​របស់ខ្លួន​ក៍​មិនបាន​ដាក់​កញ្ចក់​នោះដែរ​។​
​លោក​គង់គារ​អធិការនគរបាល​ក្រុង​ព្រះវិហារ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៦​តុលា​២០១៥​នេះ​ថា​មុន​កើតហេតុ​ការណ៍​មាន​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះវិហារ​K2១A៨០៦៥​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ដើម្បី​បត់​ទ្បើង​ទៅ​ស្តាំ​ដៃ​ក៍​ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ល្បឿន​លឿន​ក៍​ទៅបុក​ពេញទំហឹង​តែម្តង​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​សេ​១២៥​រងរបួស​ធ្ងន់​ត្រូវ​ក្បាល​ហើយ​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល​។​
​លោក​អធិការនគរបាល​បន្ត​ថា​តាម​ការចុះ​ស៊ើបសួរ​សាក្សី​ឃើញ​ហេតុការណ៍​និង​វាស់វែង​កន្លែង​គ្រោះថ្នាក់​របស់​សមត្ថកិច្ច​ភ្លាមៗ​នោះបាន​រកឃើញថា​ភាគី​បើកបរ​ម៉ូតូ​សេ​១២៥​បើកបរ​លើផ្លូវ​អាទិភាព​ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​វ៉េវ​អាល់​ហ្វា​បត់​មុន​ដល់​ផ្លូវបែក​ក៍​បណ្តាលអោយ​កើតមាន​គ្រោះថ្នាក់​ចរាចរ​តែម្តង​។​ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​ដើម្បី​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់​។​
​លោក​អធិការនគរបាល​បញ្ជា​ក់ថា​ភាគី​ជិះ​ម៉ូតូ​សេ​១២៥​ឈ្មោះ​គង់​ចំរើន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ក្រុង​ព្រះវិហារ​និង​ភាគី​ម្ខាង​ទៀត​ឈ្មោះ​ផល​កុសល​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​ព្រូ​ទ្បាន​រស់នៅ​ភូមិ​អណ្តូង​ពោធិ៍​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​
​គួរ​បញ្ចាក់​ថា​អ្នកជិះ​ម៉ូតូ​ក្នុង​ខេត្តព្រះវិហារ​ប្រមាណ​៨០​ភាគរយ​មើលស្រាល​សមត្ថកិច្ច​ជំនាញ​មិនបាន​យកចិត្តទុកដាក់​គោរព​ច្បាប់​ចរាចរ​គឺ​បើកបរ​ម៉ូតូ​និង​រថយន្ត​ក្នុង​ល្បឿន​លឿន​ប្រមាថ​ជីវិត​អ្នកដ៍ទៃ​ក្នុង​ក្រុង​,​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​និង​បំពាក់​កញ្ចក់​ត្រឹមត្រូវ​រីឯ​រថយន្ដ​ខ្លះ​មិន​ពាក់​ស្លាក​លេខ​តែម្តង​៕